ដោយ: បូកគោ / កំពត: គណៈកម្មាធិការកាកបាទក្រហមកម្ពុជាសាខាខេត្តកំពត បានផ្តល់អំណោយមនុស្សធម៌ជូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតមកពីក្រុងកំពត និងស្រុកទឹកឈូចំនួន១០០គ្រួសារ។ ពិធីនេះបានធ្វើឡើងកាលពីព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២០ នៅសាលាស្រុកទឹកឈូ។
លោក ជាវ តាយ ប្រធានគណៈកម្មាធិការកាកបាទក្រហមកម្ពុជាសាខា ខេត្តកំពតមានប្រសាសន៍ថា បច្ចុប្បន្ន ជំងឺកូវីដ១៩កំពុងរាតត្បាតជាសកលក្នុងពិភពលោកទាំងមូល។ ទោះបីកម្ពុជាស្ថិតក្រោមចំណាត់ការ និងវិធានការពីប្រមុខរាជរដ្ឋាភិបាល ក៏ដូចជាក្រសួងសុខាភិបាលប្រកបដោយប្រសិទ្ធភាពក្តី សូមបងប្អូនបន្តប្រុងប្រយ័ត្នបន្ថែមទៀតដើម្បីបញ្ចៀសនូវការឆ្លងរីករាលដាលចូលក្នុងសហគមន៍ឱ្យខាងតែបាន។ លើសពីនោះ ត្រូវថែរក្សាសុខភាព បង្កើនកិច្ចការអនាម័យតាមលក្ខណៈបុគ្គល ឬក្នុងសង្គមគ្រួសារឱ្យបានជាចាំបាច់។
លោកប្រធានគណៈកម្មាធិការបានបន្តថា ស្ថិតក្នុងកាលៈទេសៈនេះ សូមអំពាវនាវដល់ប្រជាពលរដ្ឋ ដែលមានសមាជិកគ្រួសារជាពលករទើបវិលត្រឡប់មកពីធ្វើការនៅក្រៅប្រទេស ត្រូវយកចិត្តទុកដាក់តាមការណែនាំពីប្រមុខរាជរដ្ឋាភិបាល ក៏ដូចជាក្រសួងមហាផ្ទៃ និងក្រសួងសុខាភិបាលដោយដាក់ការស្នាក់នៅដាច់ដោយឡែក ឬធ្វើចត្តាឡីស័ក រយៈពេល១៤ថ្ងៃតាមកាលកំណត់។ ពិសេសត្រូវចៀសវាងការជួបជុំប្រមូលផ្ដុំគ្នាដោយមានមនុស្សច្រើនបើគ្មានភាពចាំបាច់ណាមួយទេ។
លោកជាវ តាយបានបញ្ជាក់ថាការអនុវត្តបានល្អប្រសើរតាមចំណាត់ការ និងវិធានការទាំងនេះ ជាកិច្ចឆ្លើយតបចំពោះការយកចិត្តទុកដាក់របស់ប្រមុខរាជរដ្ឋាភិបាល ដែលតែងមានក្តីព្រួយបារម្ភពីសុវត្ថិភាពរបស់បងប្អូននោះ។ ម្យ៉ាងទៀត សម្ដេចនាយករដ្ឋមន្ត្រី និងសម្តេចប្រធានកាកបាទក្រហមកម្ពុជា តែងគិតគូរនូវទុក្ខលំបាករបស់ប្រជាពលរដ្ឋគ្រប់កាលៈទេសៈទាំងអស់។
សូមបញ្ជាក់ថា អំណោយដែលគ្រួសារនីមួយៗទទួលបាន រួមមាន អង្ករទម្ងន់២៥គីឡូក្រាម មី១កេស ទឹកត្រី១យួរ ស្ករស១គីឡូក្រាម និងថវិកាមួយចំនួនទៀត៕