ដោយៈ សរិទ្ធ / ភ្នំពេញៈ លោក សេង ហៀង ព្រះរាជអាជ្ញារង អមសាលាដំបូង រាជធានីភ្នំពេញ នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២០ នេះ បានសម្រេចចោទប្រកាន់ ឈ្មោះ សម រង្ស៉ី ពីបទប្រមាថ ចំពោះអង្គព្រះមហាក្សត្រ រួចបញ្ជូនសំណុំរឿងនេះ ទៅចៅក្រមស៊ើបសួរ ដើម្បីចាត់ការបន្ត តាមនីតិវិធី។
យោងតាមមាត្រា ៤៣៧ (ស្ទួន) នៃក្រមព្រហ្មទណ្ឌ បានបញ្ជាក់ថា បទប្រមាថចំពោះ អង្គព្រះមហាក្សត្រ ត្រូវប្រឈមនឹងការជាប់ពន្ធនាគារ ពី១ឆ្នាំ ទៅ ៥ឆ្នាំ បើសិនជាតុលាការ រកឃើញថា មានពិរុទ្ធភាព ដូចការចោទប្រកាន់ នេះមែន។
ការចោទប្រកាន់នេះ បានកើតឡើង ក្រោយពេលដែល លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានចេញអធិបញ្ជា ចុះថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២០ ទៅលោក ច្រឹង ខ្មៅ ព្រះរាជអាជ្ញា អមសាលាដំបូង រាជធានីភ្នំពេញ ឱ្យចាត់វិធានការ តាមច្បាប់ជាបន្ទាន់ និងតឹងរឹងបំផុត ចំពោះទណ្ឌិត សម រង្ស៉ី ដែលប្រមាថយ៉ាងធ្ងន់ធ្ងរ ចំពោះអង្គព្រះមហាក្សត្រកម្ពុជា។
លោក កើត រិទ្ធ បានចាត់ទុកថាៈ «ខ្លឹមសារនៃសារ ដែលឈ្មោះ សម រង្ស៉ី បាននិងកំពុងផ្សព្វផ្សាយ ជាសាធារណៈ តាមរយៈបណ្តាញសង្គមនេះ គឺជាការប្រមាថ ចំពោះអង្គព្រះមហាក្សត្រ ដោយបានធ្វើឱ្យប៉ះពាល់ យ៉ាងធ្ងន់ធ្ងរ ដល់សេចក្តីថ្លៃថ្នូរ និងព្រះកិត្តិនាមរបស់ ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈ ដ៏ខ្ពង់ខ្ពស់បំផុត របស់ប្រជារាស្ត្រខ្មែរ ទូទាំងប្រទេស»៕/V
តុលាការ សម្រេចចោទប្រកាន់ សម រង្ស៉ី ពីបទប្រមាថ ចំពោះអង្គព្រះមហាក្សត្រ