ប្រែសម្រួល : កញ្ញាដាលីស ៖ ផ្ទះល្វែងចំនួន ៧២ នៅក្នុងសង្កាត់លេខ៥នៃក្រុងហូជីមិញត្រូវបានបិទបន្ទាប់ពីបុរសម្នាក់នៅតំបន់នោះត្រូវបានធ្វើតេស្តិ៍វិជ្ជមានកូវីដ១៩កាលពីថ្ងៃអាទិត្យទី២៧ធ្នូ នេះបើតាមការផ្សាយរបស់សារព័ត៌មានvnexpressនៅថ្ងៃចន្ទ។
មន្ត្រីប៉ូលិសនិងប្រជាការពាររាប់រយនាក់ត្រូវបានបញ្ជូននៅថ្ងៃចន្ទនេះដើម្បីបិទប្លុកអគារផ្ទះល្វែងចំនួនបួននៅតាមផ្លូវស៊ូវ៉ាន់ហាញ។ ប្រជាជននៅក្នុងប្លុកនេះត្រូវបានណែនាំមិនឱ្យចាកចេញទៅក្រៅ។ អ្នកផ្សេងទៀតចែកចាយម្ហូបអាហារដល់អ្នកដែលជាប់នៅខាងក្នុងប្លុក។
បុរសជនជាតិវៀតណាមអាយុ ២៣ ឆ្នាំបាននៅជាមួយ “អ្នកជំងឺទី ១៤៤០” ជាករណីកូវីដដែលបានចូលវៀតណាមដោយខុសច្បាប់កាលពីថ្ងៃទី ២៤ធ្នូក្នុងអំឡុងពេលពួកគេស្ថិតនៅប្រទេសមីយ៉ាន់ម៉ាកាលពីដើមខែនេះ។ ប្រភពមួយបានប្រាប់វេបសាយ VnExpress កាលពីថ្ងៃចន្ទថា ពួកគេទាំងពីរបានចូលវៀតណាមដោយខុសច្បាប់។
បុរសទាំងពីរបានធ្វើដំណើរពីមីយ៉ាន់ម៉ាទៅកាន់ថៃនៅថ្ងៃទី ១៥ ខែធ្នូបន្ទាប់មកពីទីក្រុងបាងកកមកប្រទេសកម្ពុជានៅថ្ងៃទី ២៣ ខែធ្នូនិងបន្ទាប់មកទៀតគឺវៀតណាម។
កាលពីថ្ងៃអាទិត្យយុវជនវ័យ ២៣ ឆ្នាំរូបនេះត្រូវបានដាក់នៅដាច់ពីគេនៅតំបន់ដាច់ដោយឡែកមួយនៅសង្កាត់លេខ ៥ មុនពេលធ្វើតេស្តិ៍វិជ្ជមានវីរុសកូរ៉ូណានៅថ្ងៃដដែល។គាត់កំពុងត្រូវបានព្យាបាលនៅមន្ទីរពេទ្យមួយ ដោយបង្ហាញរោគសញ្ញាដូចជាក្អកនិងតឹងច្រមុះ។
សារព័ត៌ខាងលើបានអោយដឹងថា “អ្នកជំងឺទី១៤៤០” ជាបុរសអាយុ ៣២ ឆ្នាំឈ្មោះឡេ ធឹក ទ្រី ត្រូវបានដឹកទៅច្រកព្រំដែនកម្ពុជា-វៀតណាមនៅថ្ងៃទី ២៤ ខែធ្នូបន្ទាប់មកដឹកទៅកាន់វិញឡុងបន្ទាប់មកបានជិះរថយន្តក្រុងផ្សេងទៅទីក្រុងវិញឡុងនៅតំបន់ដីសណ្តរទន្លេមេគង្គ។ ក្នុងដំណើររបស់គាត់ គាត់បានប៉ះពាល់ជាមួយមនុស្សជាច្រើនផ្សេងទៀត។
វៀតណាមបានកត់ត្រាករណីកូវីដ១៩ ចំនួន ១.៤៤១ ករណីមកទល់ពេលនេះ ដោយករណីសកម្មគឺ ១០០ នាក់ និងស្លាប់ ៣៥នាក់ និងគ្មានការឆ្លងក្នុងសហគមន៍ត្រូវបានកត់ត្រាទូទាំងប្រទេសរយៈពេលជិតមួយខែហើយ៕
ប្លុកផ្ទះល្វែងចំនួន៤នៅសង្កាត់លេខ៥ត្រូវបានបិទ