Home ព័ត៌មានជាតិ សុខាភិបាល ពលករ​ខ្មែរ​ត្...

ពលករ​ខ្មែរ​ត្រឡប់ មកពី​ថៃ ៤០ នាក់ កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក តាម​វិធានការ​របស់ ក្រសួងសុខាភិបាល​

​ដោយៈ ទេព​ង្រី / កំពង់ឆ្នាំងៈ លោក​វេជ្ជបណ្ឌិត ប្រាក់ វ៉ុ​ន ប្រធាន​មន្ទីរ​សុខាភិបាល ខេត្តកំពង់ឆ្នាំង នៅ​ព្រឹក​ថ្ងៃទី ២៨ ខែធ្នូ​នេះ បាន​ថ្លែង​ឲ្យ​ក្រុម​អ្នក សារព័ត៌មាន​ដឹងថាៈ គិត​ត្រឹម​ថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ​២០២០ នេះ មន្ទីរ​សុខាភិបាល កំពុង​គ្រប់គ្រង​ពលករ​ខ្មែរ ដែល​ត្រឡប់ មកពី​ប្រទេស​ថៃ ធ្វើ​ច​ត្តា​ឡី​ស័ក ចំនួន ៤០ នាក់ ក្នុងនោះ​ចំនួន ៣៧ នាក់ កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក នៅក្នុង​មណ្ឌល កម្រិត ២ សាលា​គំរូ​ក្រុង​បាវិត ក្នុង​ក្រុង​កំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ដោយឡែក ចំនួន ៣ នាក់​ទៀត ធ្វើ​ច​ត្តា​ឡី​ស័ក តាម​ផ្ទះ​នៅក្នុង​ស្រុក បរិបូណ៌​។​

​លោក​ប្រធាន​មន្ទីរ​សុខាភិបាល ខេត្តកំពង់ឆ្នាំង ក៏​សូម​អំពាវនាវ​ផងដែរ ដល់​ពលករ​ទាំងអស់ ដែល​ត្រឡប់​មកពី​ប្រទេស​ថៃ សូម​ចូលរួម​ធ្វើ​ច​ត្តា​ឡី​ស័ក ឱ្យបាន​ត្រឹមត្រូវ ទៅតាម​វិធានការ របស់​ក្រសួងសុខាភិបាល ដើម្បី​រួមគ្នា​ទប់ស្កាត់​ជំងឺ​កូ​វីដ ១៩ កុំ​ឲ្យ​រាលដាល​ឆ្លង​ចូល ក្នុង​សហគមន៍​យើង ។​

​ដោយឡែក លោក ស៊ិន ចាន់​សារ៉េត ប្រធាន​មណ្ឌល​ច​ត្តា​ឡី​ស័ក កម្រិត ២ សាលា​គំរូ​ក្រុង បានអោយ​ក្រុម​អ្នកសារព័ត៌មាន ឲ្យ​ដឹងថាៈ នៅក្នុង​មណ្ឌល ច​ត្តា​ឡី​ស័ក កម្រិត ២ សាលា គំរូ​ក្រុង គិត​ត្រឹម​ថ្ងៃទី​២៧ ខែធ្នូ​នេះ កំពុង​គ្រប់គ្រង និង​ព្យាបាល​ពលករ ដែល​ធ្វើ​ច​ត្តា​ឡី​ស័ក សរុប​ចំនួន ៣៦ នាក់ ក្នុងនោះ​មាន​ស្រី ៧ នាក់ ហើយ​ក៏មាន​កុមារ ពីរ​នាក់​ផងដែរ គឺ​ប្រុស ម្នាក់ ស្រី​ម្នាក់​។ ប៉ុន្តែ​ពលករ​ទាំងអស់ ខាងលើនេះ ពុំមែន​ជា​ពលករ ដែល​មកពី​ខេត្ត សាមុត​សា​ខន ប្រទេស​ថៃ​នោះទេ គឺ​មកពី​ខេត្ត​ផ្សេងទៀត ក្នុងប្រទេស​ថៃ​។ ដោយឡែក មណ្ឌល​ច​ត្តា​ឡី​ស័ក​កម្រិត​ពីនេះ មាន​បន្ទប់​សរុប ចំនួន ១0 បន្ទប់ ហើយក៏​កំពុង​រៀបចំ បន្ទប់​ថែម ១0 ទៀត ដើម្បី​ត្រៀម​ទទួល​អ្នកធ្វើ​ច​ត្តា​ឡី​ស័ក ។​

​លោក​ប្រធាន​មណ្ឌល​ច​ត្តា​ឡី​ស័ក បាន​បញ្ជាក់ថា គ្រូពេទ្យ​ដែល​កំពុង​ប្រចាំការ ពិនិត្យ និង​ព្យាបាល អ្នកធ្វើ​ច​ត្តា​ឡី​ស័ក ក្នុង​មណ្ឌល​សាលា​គំរូ​ក្រុង​នេះ សរុប​មាន​ចំនួន ៣ ក្រុម ដែល​ក្នុង​មួយក្រុមៗ មាន​ពី ៣ នាក់ ទៅ ៤ នាក់ ក្នុងនោះដែរ ក៏មាន​អ្នកស្ម័គ្រចិត្ត ដែលជា គ្រូពេទ្យ​ចូលនិវត្តន៍ ចំនួន ១១ នាក់ ។ ដោយឡែក ចំពោះ​ពលករ ដែល​កំពុង​ធ្វើ​ច​ត្តា ឡី​ស័ក​នេះ គឺ​បានធ្វើ​តេស្ត​អវិជ្ជមាន ម្ដង​រួចហើយ ពី​ព្រំដែន ។ ដូច្នេះ​គម្រប់ ១៤ ថ្ងៃ ក្រុមគ្រូពេទ្យ នឹង​យក​សំណាក ទៅពិនិត្យ​ជា​លើក​ទី​២ ម្ដងទៀត បើ​ពិនិត្យ​ទៅ​អវិជ្ជមាន​កូ​វីដ ១៩ នោះ យើង​នឹង​អនុញ្ញាត​ឲ្យ​ពួកគាត់ ត្រឡប់​ទៅ​មូលដ្ឋាន​វិញ​។ ប៉ុន្តែ​បើ​មាន​វិជ្ជមាន​កូ​វីដ ១៩ វិញ​នោះ យើង​នឹង​បន្ត​ឲ្យ​ពួកគាត់ ធ្វើ​ច​ត្តា​ឡី​ស័ក យ៉ាង​ត្រឹមត្រូវ នៅក្នុង​មណ្ឌល​នេះ ជា​បន្តទៀត​។​

​ដោយឡែក ពលករ ២ នាក់ ដែល​កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក នៅក្នុង​មណ្ឌល​សាលា​គំរូ​ក្រុង បានបញ្ជាក់​ឲ្យ​ដឹងថាៈ ពួកគាត់ មក​ស្នាក់នៅ​ធ្វើ​ច​ត្តា​ឡី​ស័ក​នេះ ពុំមាន​ផល​លំបាក​អ្វី​ទេ គឺ​ត្រូវបាន​គ្រូពេទ្យ ឧបត្ថម្ភ​អាហារ ៣ ពេល​យ៉ាង​ត្រឹមត្រូវ ហើយ​ក៏មាន​កន្លែង​សម្រាក កន្លែង​មុជទឹក និង​កន្លែង​បត់ជើង បទ​ដៃ​យ៉ាង​ត្រឹមត្រូវ​។ ពួកគាត់​ក៏​សូម​ថ្លែងអំណរគុណ ដល់​គ្រូពេទ្យ ក៏ដូចជា ប្រមុខ​រាជរដ្ឋាភិបាល ដែល​បាន​ជួយឧបត្ថម្ភ​ថវិកា សម្រាប់​ទិញ​អាហារ ដល់​ពួកគាត់ ដែល​កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក តាម​វិធានការ​ក្រសួងសុខាភិបាល​៕/V​-PC

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -



Most Popular