ដោយ៖ ម៉េងឆៃ /ភ្នំពេញ៖ ក្រុមអ្នកលក់តាមដងផ្លូវពេលយប់បានបន្សល់ទុកសម្រាម រាយប៉ាយ តាមផ្លូវ ហើយត្រូវបានប្រមូលច្រើនគំនររាល់ថ្ងៃ មិនថា នៅភ្នំពេញ នៅទីប្រជុំជន នានា ពិសេសមិនថា នៅខេត្តព្រះសីហនុ ជាប់សមុទ្រនោះទេ។ ដោយសារតែសំរាម បន្សល់ពីក្រុមអ្នកលក់ដូរតាមដងផ្លូវពេលយប់រៀងរាល់ថ្ងៃដូច្នេះ នាំឲ្យអភិបាលខេត្ត ព្រះសីហនុ លោក គួច ចំរើន បានបង្ហោះសារតាមហ្វេសប៊ុក សួរជាសំណួរសាមញ្ញមួយថា សំរាមដែលបន្សល់ពីអ្នកលក់តាមដងផ្លូវពេលយប់ រាយប៉ាយទាំងនោះ តើជាបាបកម្ម របស់អ្នកបោសកើប ឬជាការល្មើសសណ្ដាប់ធ្នាប់ដងផ្លូវ ថែមទាំងពង្រាយសម្រាមដូច្នេះ?
ចម្លើយសាមញ្ញ ផ្នែកតាមកម្មផល ឬហេតុ និងផល ក៏ដូចជាកត្តាសត្យានុម័ត និងអត្តនោម័ត គឺមកពីអ្នកលក់ដូរនោះឯង ជាកត្តាសំខាន់បង្កើតសំរាមរាយប៉ាយ។ ក្នុងនោះ អាជ្ញាធរ មូលដ្ឋាន ក៏ជាអ្នកសមគំនិត បើកដៃឲ្យកើតមានសំរាមរាយប៉ាយចេញពីក្រុមអ្នកលក់ដូរ ពេលយប់ ទាំងនោះដែរ។
មានមូលហេតុច្រើនយ៉ាងដែលនាំឲ្យកើតមានសំរាមរាយប៉ាយតាមផ្លូវ នៅកន្លែងលក់ដូរ ពេលយប់ដូច្នេះ។ ទី១-អ្នកលក់ដូរទាំងនោះ មិនមានរបៀបរៀបរយ និងមិនទទួលខុសត្រូវ។ លក់របស់របរ នំចំណី បានចំណេញលុយហើយ មិនខ្វល់ដល់បរិស្ថាន ទីកន្លែងដែលជា ឆ្នាំងបាយរបស់ខ្លួនសោះឡើយ។ ម្យ៉ាងអាចមកពីក្រុមអ្នកលក់ទាំងនោះ គិតថា ពួកគេ បានបង់លុយឲ្យអាជ្ញាធរសមត្ថកិច្ច ជាថ្ងៃផង និងជាខែផង រួចហើយ ដោយមានទាំង ថ្លៃអនាម័យថែមទៀត ដោយចំណាយអស់ មិនតិចទេ ក្នុងមួយថ្ងៃៗ និងក្នុងមួយខែៗ។ ដូច្នេះទុកឲ្យក្រុមអាជ្ញាធរសមត្ថកិច្ច យកលុយថ្លៃភាស៊ី ថ្លៃអនាម័យនោះ ដើម្បីជួលអ្នក បោសសម្អាត កើបសំរាមទាំងនោះទៅ។ ទី២-អាជ្ញាធរសមត្ថកិច្ច នៅមូលដ្ឋានពិសេសខាង សង្កាត់ឃុំ និងក្រុងស្រុកខណ្ឌ ដែលគ្រប់គ្រងផ្ទាល់នៅមូលដ្ឋានរបស់ខ្លួន គឺជាអ្នកទទួល ខុសត្រូវផ្ទាល់នៅមូលដ្ឋាន ក្នុងការរៀបចំសណ្តាប់សាធារណៈ ពិសេសតាមផ្លូវនេះឯង។ ចុះហេតុអ្វីក៏មិនអាចអប់រំ ណែនាំឲ្យអ្នកលក់ដូរទាំងនោះ ត្រូវតែបោសសម្អាត ទុកដាក់ សំរាមកាកសំណល់របស់ខ្លួន ឲ្យមានរបៀប ហើយអាជ្ញាធរសមត្ថកិច្ច រៀបចំឲ្យក្រុម អ្នកបោសសម្អាត ប្រមូលសំរាម ចុះសម្អាតកន្លែងលក់ដូរទាំងនោះ ព្រោះថាក្រុមអ្នកលក់ដូរ ពេលយប់ទាំងនោះ ក៏បានបង់លុយថ្លៃភាស៊ី ឲ្យអាជ្ញាធរមូលដ្ឋានដែរទើបអាចដាក់តាំង លក់របររបស់ គ្រឿងហូបចុកតាមផ្លូវបាន។ ដូច្នេះថ្លៃភាស៊ីនោះ គួរតែមួយផ្នែកណានោះ ប្រើប្រាស់ទៅវិញ លើការសម្អាតអនាម័យនេះឯង។ ទី៣-ក្នុងករណីអ្នកលក់ដូរតាមផ្លូវ នៅតែមិនយកចិត្តទុកដាក់សហការ ដោយបន្តបោះចោលសំរាម ពង្រាយតាមផ្លូវមិនមាន របៀបដូច្នេះទៀត គឺជាសមត្ថកិច្ចរបស់អាជ្ញាធរសមត្ថកិច្ច អប់រំ ណែនាំ ម្តងជាពីរដង មានទាំងកិច្ចសន្យាផង នៅតែមិនស្តាប់ នោះគឺជម្រើសចុងក្រោយ មានតែអាជ្ញាធរសមត្ថកិច្ច អនុវត្តវិធានការក្តៅ គឺឈប់ឲ្យអ្នកលក់ទាំងនោះ លក់ដូរនៅតាមផ្លូវ ដែលជាកន្លែងពង្រាយ សំរាមទាំងនោះទៀត។
គេនៅចាំបានថា វិធានការក្តៅ រៀបចំសណ្តាប់ធ្នាប់តាមដងផ្លូវ លើក្រុមអ្នកលក់ដូរពេលយប់ ត្រូវបានលោក គួច ចំរើន អនុវត្តរួចមកហើយ អំឡុងពេលលោក នៅធ្វើជាអភិបាលខណ្ឌ ដូនពេញ ក្នុងរាជធានីភ្នំពេញ។ នោះគឺចំណាត់ការលើក្រុមអ្នកលក់ដូរពេលយប់ នៅសួន ច្បារសម្តេចតេជោ ហ៊ុន សែន មុខណាហ្គាវើល។ ទីបំផុត ដោយសារតែក្រុមអ្នកលក់ដូរ ពេលយប់ មិនយកចិត្តទុកដាក់ រៀបចំសម្អាតអនាម័យ ក៏ត្រូវបានហាមឃាត់មិនឲ្យមានអ្នក លក់ដូរនៅទីនោះតទៅទៀត។
ដូច្នេះឆ្លងតាមចំណាត់ការរបស់លោក គួច ចំរើន នៅខណ្ឌដូនពេញ ដែលពេលនេះ គឺជាអភិបាលខេត្តព្រះសីហនុ គឺគួរតែអ្នកលក់ដូរពេលយប់ ចេះថែរក្សាឆ្នាំងបាយរបស់ខ្លួន ដោយគ្រាន់តែចូលរួមបោសសម្អាត វេចខ្ចប់កាកសំណល់សំរាម ក្រោយការលក់ដូរ រៀងរាល់ថ្ងៃ នោះអ្វីៗ ត្រូវបានដោះស្រាយបានហើយ។ រីឯអាជ្ញាធរមូលដ្ឋានសង្កាត់ក្រុង ក៏ត្រូវតែចូលរួមឲ្យសកម្ម ដើម្បីណែនាំ និងតាមដានឲ្យក្រុមអ្នកលក់សម្អាតទីកន្លែង លក់ដូររបស់ខ្លួន ព្រោះបើសិនជាអភិបាលខេត្ត គួច ចំរើន ចេញវិធានការក្តៅឈប់ឲ្យ លក់ដូរ នោះអាជ្ញាធរមូលដ្ឋាន សង្កាត់ ក្រុង ច្បាស់ជាបាត់បង់ចំណូលពីក្រុមអ្នកលក់ដូរ ពេលយប់នេះជាមិនខាន។
ជាសរុបមក គ្មានអ្វីលំបាកទេ លើបញ្ហាសំរាមតាមផ្លូវ ដោយគ្រាន់តែអនុវត្តនូវវិធីសាមញ្ញៗ គឺអ្នកលក់ដូរ មានធុងសំរាម មានថង់ សម្រាប់វេចខ្ចប់សំរាមបោសលាងសម្អាតកន្លែង លក់ដូររបស់ខ្លួន ឲ្យបានត្រឹមត្រូវ ហើយទុកដាក់សំរាមឲ្យស្រួលបួល ដើម្បីឲ្យក្រុមហ៊ុនសំរាម មកដឹកជញ្ជូន គឺជាការស្រេច។ រីឯអាជ្ញាធរមូលដ្ឋាន ឃុំសង្កាត់ក្រុងខណ្ឌ ក៏ត្រូវណែនាំ អប់រំ និងមានវិធានការឲ្យក្រុមអ្នកលក់ដូរទាំងនោះ ចេះសម្អាត ទុកដាក់សំរាមត្រឹមត្រូវ ដើម្បីក្រុម អ្នកដឹកជញ្ជូនសំរាម ទៅប្រមូលនៅពេលព្រឹកៗ។ ទន្ទឹមនឹងការអប់រំ ណែនាំ និងវិធានការ តឹងរឹង អាជ្ញាធរសមត្ថកិច្ចមូលដ្ឋាន ក៏ត្រូវរៀបចំឲ្យមានអ្នកបោសសម្អាត និងប្រមូលដឹក ជញ្ជូនសំរាម ឲ្យបានទៀងទាត់រៀងរាល់ថ្ងៃ។ ធុងសំរាម ក៏ត្រូវដាក់ពង្រាយតាមផ្លូវឲ្យ បានច្រើនដែរ។
បើនៅតែមិនស្តាប់តាមការណែនាំអប់រំទៀត នោះជម្រើសចុងក្រោយ មានតែអាជ្ញាធរ ខេត្តរាជធានី ចេញវិធានការក្តៅ ហាមឃាត់ការលក់ដូរ ដែលបង្កឲ្យមានសំរាមកាក សំណល់រាយប៉ាយតាមផ្លូវ។ មិនត្រឹមតែបិទកន្លែងលក់ដូរនោះទេតែក៏ត្រូវចាប់ផាក ពិន័យអ្នកបង្កឲ្យមានសំរាមរាយប៉ាយតាមផ្លូវទាំងនោះថែមទៀត
ព្រោះយើងមានច្បាប់ផាកពិន័យរួចហើយ ដែលនៅភ្នំពេញ បានអនុវត្តខ្លះៗ និងមានចងបដា ផ្សព្វផ្សាយនៅកន្លែង ដែលមានអ្នកបោះចោលសំរាមរាយប៉ាយតាមផ្លូវ ដោយត្រូវផាក ពិន័យពី ១ម៉ឺនរៀល ដល់ ១០ម៉ឺនរៀល៕/PC