ដោយ: ពៅនិមល/ភ្នំពេញ: មន្ត្រីអ្នកនាំពាក្យក្រសួងទេសចរណ៍ បានឱ្យដឹង គិតមកទល់ ពេលនេះ ចំនួននៃការកក់កន្លែងស្នាក់ ក្នុងតំបន់សក្តានុពលមិនទាន់មានតួលេខណាមួយ អាចបញ្ជាក់បានទេ ដោយសារបញ្ហាប្រឈមនៃជំងឺឆ្លងកូវីដ១៩ធ្វើឱ្យប្រជាពលរដ្ឋនៅមាន ការព្រួយបារម្ភនៅឡើយ។
លោក តុប សុភ័ក្ត្រ អ្នកនាំពាក្យក្រសួងទេសចរណ៍ នៅព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២០នេះ បានមានប្រសាសន៍ ប្រាប់រស្មីកម្ពុជាថា ទាក់ទងសេវាកម្មកន្លែងស្នាក់នៅ សណ្ឋាគារ ផ្ទះសំណាក់ និងរីស៊តជាដើម យើងមិនទាន់មានព័ត៌មានអីច្បាស់លាស់នៅឡើយទេ ដោយសារស្ថានភាពយើងមិនទាន់ច្បាស់លាស់ដែរ។
លោកបន្តថា ប្រជាពលរដ្ឋក៏មិនទាន់មានការកក់អីច្រើនដូចឆ្នាំកន្លងទៅទេឆ្នាំកន្លងទៅមក ដល់ម៉ោងនេះ យើងទទួលព័តមានច្បាស់លាស់ហើយ ប៉ុន្តែសម្រាប់ឆ្នាំនេះដោយសារ ស្ថានភាពជំងឺកូវីដ១៩ ការកក់កន្លែងស្នាក់នៅមិនទាន់មានការរាយការណ៍ច្បាស់លាស់ អាចថាកាលពីមុន មុនព្រឹត្តការណ៍២៨វិច្ឆិកា នៅសណ្ឋាគារខ្លះដូចជានៅសៀមរាបជាដើម ទទួលការកក់ស្ទើរតែពេញ ៧០ទៅ៨០ភាគរយសម្រាប់ថ្ងៃឆ្លងឆ្នាំ ប៉ុន្តែក្រោយព្រឹត្តការណ៍ ២៨វិច្ឆិកាមក ក៏មានការលុបចោលអស់ច្រើនដែរ។ មួយវិញទៀត អាចនិយាយបានថា ប្រជាពលរដ្ឋរាល់គម្រោងគាត់ចេញទៅដើរលេងក៏មិនមានច្រើនដែរ ដូច្នេះអ្នកខ្លះត្រូវទៅ គាត់ទៅតែម្តង។ មានអ្នកខ្លះពេលទៅដល់បានគាត់កក់តាមក្រោយក៏ថាបាន ព្រោះគាត់ គិតថា ក្នុងអំឡុងពេលនេះមិនខ្វះកន្លែងស្នាក់នៅ ។ ឆ្លើយតបនឹង សំណួរថា តើតម្លៃជួល កន្លែងស្នាក់ក្នុងថ្ងៃឆ្លងឆ្នាំខាងមុខ នឹងអាចមានការបញ្ចុះតម្លៃដូចមុនៗទេ លោកអ្នកនាំពាក្យ បានលើកឡើងថា មិនទាន់ច្បាស់ដូចគ្នាគ្រាន់តែថាកន្លងទៅមានសណ្ឋាគារខ្លះក៏បញ្ចុះ តម្លៃជាហូរហែរមកច្រើន ហើយមិនមែនត្រឹមពេលចុងឆ្នាំនឹងទេ គឺថាដើម្បីលើកទឹកចិត្ត ទៅដល់អតិថិជន ក៏ដូចជាក្នុងដំណាក់កាលកូវីដ១៩នឹង ពិសេសសណ្ឋាគារផ្កាយ៥ មានការបញ្ចុះតម្លៃយ៉ាងច្រើន ដូចនៅខេត្តសៀមរាប ក្នុងអំឡុងមុនព្រឹត្តការណ៍ ២៨វិច្ឆិកា គឺមានការកក់ច្រើនពេញ ស្ទើរតែពេញដោយសារមានការបញ្ចុះតម្លៃ។
ទាក់ទងរឿងខាងលើនេះ លោកស្រី ឆាយ ស៊ីវលីន ប្រធានទីភ្នាក់ងារទេសចរណ៍កម្ពុជា បានលើកឡើងស្រដៀងគ្នាថា មកទល់ពេលនេះក៏មិនទាន់ទទួលបានតួលេខច្បាស់ លាស់ដែរ គ្រាន់តែដឹងថាមានការកក់បន្ទប់ខ្លះនៃតំបន់សំខាន់ៗមួយចំនួន ដូចជាខាងប៉ែក សមុទ្រជាដើម ព្រោះថាបន្ទាប់ពីការផ្អើលពីការឆ្លងជំងឺកូវីដ១៩ក្នុងសហគមន៍នៅតែជាក្តី បារម្ភរបស់ប្រជាពលរដ្ឋ។ លោកស្រីឱ្យដឹងទៀតថា យ៉ាងណាមិញ ក្នុងឱកាសបុណ្យ ឆ្លងឆ្នាំខាងមុខនេះ ទោះមិនទាន់មានតួលេខពីភ្ញៀវទេសចរក្តីប៉ុន្តែសម្រាប់ខាងសេវាកម្ម ជួលបន្ទប់ស្នាក់នៅ ក៏មិនមានការតម្លើងថ្លៃផងដែរ ពោលគឺ មានតែបញ្ចុះតម្លៃបន្ថែម ដើម្បីជាការលើកទឹកចិត្ត និងទាក់ទាញភ្ញៀវទេសចរណ៍ក្នុងអំឡុងបុណ្យឆ្លងឆ្នាំសកលនេះ៕/PC