Home ព័ត៌មានសំខាន់ៗ មុនពេលត្រជាក់...

មុនពេលត្រជាក់ខ្លាំងមកដល់ នៅថ្ងៃឆ្លងឆ្នាំ ផ្ទៃមេឃអាប់អួ និងមានភ្លៀងតិចៗ

ដោយៈ .ខុន /  ភ្នំពេញៈ មុននឹងធាតុអាកាស ត្រជាក់ខ្លាំងជាថ្មី បានមកដល់ នៅថ្ងៃទី៣១ ខែធ្នូឆ្នាំ២០២០ ផ្ទៃមេឃ នៅលើប្រទេសកម្ពុជា មានសភាពអាប់អួ និងមានភ្លៀងធ្លាក់តិចតួច នៅលើភាគខាងត្បូង នៃប្រទេស ដោយសារឥទ្ធិពល សម្ពាធទាបសកម្ម

លោក ចាន់  យុត្ថា អ្នកនាំពាក្យ និងជារដ្ឋលេខាធិការ ក្រសួងធនធានទឹក និងឧតុនិយម បានប្រាប់​រស្មីកម្ពុជា​នៅរសៀលថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២០ថាៈ ធាតុអាកាស ចុះត្រជាក់ខ្លាំងជាថ្មី នឹងមកដល់នៅថ្ងៃឆ្លងឆ្នាំសកល (៣១ធ្នូ)  រួចបន្តរហូតទៅដល់ ថ្ងៃទី៣ ខែមករា ឆ្នាំ២០២១ ទើបសីតុណ្ហភាពចាប់ផ្តើមងើបឡើងវិញ។

ធាតុអាកាសត្រជាក់នេះ ត្រូវបានអ្នកនាំពាក្យ ក្រសួងជំនាញខាងលើ បញ្ជាក់ថា ចាប់ផ្តើមមកដល់ជាលំដាប់ នៅថ្ងៃទី២៩ ខែធ្នូ បន្ទាប់ពីជ្រលងសម្ពាធខ្ពស់ នៅ លើប្រទេសចិន បានរុញចុះមក(ត្បូង) ខ្លាំង ជាមួយ​នឹងខ្យល់មូសុង ឦសានខ្លាំង។

លោក ចាន់ យុត្ថា បាននិយាយឱ្យដឹងទៀតថាៈ ខ្យល់មូសុងខ្លាំង កើតឡើង ដោយសារកម្លាំងស្រូបរបស់ សម្ពាធទាបសកម្មមួយ ដែលកំពុងស្ថិត នៅក្នុងសមុទ្រ ចិនខាងត្បូង ដោយមានដំណើរ នៅលើផ្ទៃសមុទ្រ ពីខាងកើត ទៅខាងលិច ខាងត្បូងប្រទេសវៀតណាម ចូលក្នុងឈូងសមុទ្រថៃ បង្កឱ្យមានភ្លៀងធ្លាក់ច្រើន រហូតដល់ជំនន់ លើប្រទេសហ្វីលីពីន និងអាចមានភ្លៀងច្រើន នៅលើប្រទេសម៉ាឡេស៊ី និងភាគខាងត្បូង លើប្រទេស ថៃ តែនៅកម្ពុជា មានត្រឹមផ្ទៃមេឃអាប់អួ និងភ្លៀងតិចតួច លើភាគខាងត្បូង និងតាមសមុទ្រ។

អ្នកនាំពាក្យខាងលើ បានឱ្យដឹងទៀតថាៈ សម្ពាធទាបសកម្ម ដែលកំពុងដើរលើផ្ទៃសមុទ្រចិនខាងត្បូងនេះ នឹងបង្កឱ្យមានរលកសមុទ្រខ្ពស់ៗ ហើយនៅ ពីក្រោយសម្ពាធទាបសកម្មនេះ មានសម្ពាធទាបច្រើនទៀត រំកិលមកតាមក្រោយ គឺដូចនៅក្នុងរដូវវស្សា តែវាមិនបានដើរកាត់ លើប្រទេសកម្ពុជាទេ ដោយសារ​ជ្រលងសម្ពាធខ្ពស់ បានរុញចុះមកខ្លាំង ពេលដើរដល់កណ្តាលសមុទ្រ ចិនខាងត្បូង វាធ្លាក់ចុះទៅក្រោម (ត្បូង) /V/សរន

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular