ដោយៈ មុនីរ័ត្ន/ភ្នំពេញៈ មនុស្សចំនួន ១.០០៧នាក់បានបាត់បង់ជីវិត និង ២.៩៨៣នាក់ បានរបួសក្នុងនោះរបួសធ្ងន់ចំនួន ១.៨១៣នាក់ នៅក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេស ដែលកើតឡើងចំនួន ១.៩៩៨លើក ក្នុងរយៈពេល ២៤២ថ្ងៃ គិតចាប់ពីថ្ងៃទី១ ខែឧសភាដល់ថ្ងៃទ២៧ ខែធ្នូ។ សម្រាប់គ្រោះថ្នាក់ចចរាចរណ៍នៅថ្ងៃទី២៨ ខែធ្នូ លើតឡើងចំនួន ១៥លើក ស្លាប់ចំនួន ៧នាក់ របួស ២០នាក់(របួសធ្ងន់១៦នាក់និងស្រាល៤នាក់)។នេះបើតាមការបញ្ជាក់របស់លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អ្នកនាំពាក្យ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ថ្លែងប្រាប់រស្មីកម្ពុជា កាលពីល្ងាចថ្ងៃទី២៨ ខែធ្នូ ។
រូបថតៈគ្រោះថ្នាក់ចរាចរណ៍កាលពីពេលថ្មីៗនេះ
លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន បានបន្តថា លទ្ធផលរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក តាមស្មារតីអនុក្រឹត្យលេខ៣៩ រយៈពេល ២៤២ថ្ងៃ គិតចាប់ពីថ្ងៃទី១ ខែឧសភា ដល់ថ្ងៃទី២៨ ខែធ្នូ យានយន្តដែលត្រូវបានត្រួតពិនិត្យ និងផាកពិន័យ សរុបចំនួន ២៤៦៥៥១គ្រឿង ក្នុងនោះម៉ូតូមានចំនួន ១៨១.៤៦៩គ្រឿង និងរថយន្តមានចំនួន ៦៥.០៨២គ្រឿង។
អ្នកនាំពាក្យដដែលបានបញ្ជាក់ថា បទល្មើសភាគច្រើនសម្រាប់ម៉ូតូ និងរថយន្ត គឺអត់ពាក់មួកសុវត្ថិភាព ល្មើសសញ្ញា បត់ជែង លើសចំណុះ ស្រវឹង អត់ផ្លាកលេខ ល្មើសល្បឿន អត់ប័ណ្ណបើកបរ អត់ខ្សែក្រវាត់ គ្មានស្លាកលេខ និងនិយាយទូរស័ព្ទពេលបើកបរ៕សរន