​ប្រធាន​គណៈកម្មការ​ផលិត​ទូកង​បង្ហាញ​ពី​គោលបំណង​ផលិត​ទូកង​វែង​ជាងគេ​លើ​ពិភពលោក​

1584
ចែករម្លែក

ដោយ​: មុនី​រ័ត្ន / ភ្នំពេញ​: លោក ស សុខា តំណាងរាស្ត្រ​មណ្ឌល​ព្រៃវែង អនុប្រធាន​សហភាព​ស​ហ​ព័ន្ធ​យុវជន​កម្ពុជា (​សស​យក​) និង​ជា​ប្រធាន​គណៈកម្មការ​ផលិត​ទូកង បានបញ្ជាក់​នូវ​គោលបំណង​សំខាន់ៗ នៃ​ការផលិត​ទូក ង ដែល​វែង​ជាងគេ​លើ​ពិភពលោក (​ប្រវែង​៨៥​ម៉ែត្រ និង​ទទឹង ១.៥៥​ម៉ែត្រ ដោយមាន​អ្នក​ចែវ​១៧៩​នាក់​) ដើម្បី​បំបែក​ឯក​ត​ទគ្គ​កម្ម​ពិភពលោក​។​

លោ​កស សុខា ប្រធាន​គណៈកម្មការ​ផលិត​ទូកង​ (រូប៖ មុនីរ័ត្ន)

​លោក ស សុខា មានប្រសាសន៍ថា គោលបំណង​សំខាន់ៗ នៃ​ការផលិត​ទូក ង ដែល​វែង​ជាងគេ គឺមាន​បី​ចំណុច​សំខាន់ៗ មានដូចជា ១-​រំលឹក​ឡើងវិញ​នូវ​ប្រវត្តិ​ដ៏​យូរលង់​នៃ​ការផលិត និង​ការប្រើប្រាស់​ទូក​របស់​ខ្មែរ​តាំងពី​សម័យបុរាណ ជាពិសេស​រំលឹក​ឡើងវិញ​នូវ​ស្នារ​ព្រះ​ហ​ស្ថ​របស់​ព្រះមហាក្សត្រ​ខ្មែរ គ្រប់​ជំនាន់ ក្នុងការ​ប្រើប្រាស់​ទូក ជា​មធ្យោបាយ​មួយ​ក្នុងការ​ការពារ​ទឹកដី​។ ២-​ជួយ​លើកតម្កើង​កិត្យានុភាព​ជាតិ ដោយ​បង្ហាញ​ពិភពលោក​ទាំងមូល​ឲ្យ​បានដឹង​កាន់តែច្បាស់​ថា​កម្ពុជា​អាចបង្កើត​ស្នារ​ដៃ​ដ៏​អស្ចារ្យ​មួយ​។ ៣-​ជំរុញ​ស្មារតី​ស្នេហា​ជាតិ និង​សាមគ្គីភាព​នៃ​យុវជន​ជា​កូនចៅ​ជំនាន់​ក្រោយ ក្នុងការ​ថែរក្សា និង​អភិរក្ស​កេរដំណែល​ពី​ដូនតា​។​

​លោក​បាន​បន្តថា “​ការធ្វើ​ទូកង​វែង​ជាងគេ គឺ​ដើម្បី​បង្ហាញ​ឱ្យ​ពិភពលោក​ឃើញថា ខ្មែរ​យើង​ខ្លាំង អាច​ផលិត​បាន​អ្វី ដែល​អស្ចារ្យ​ជាងគេ​លើ​ពិភពលោក​។ ដើម្បីឱ្យ​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ​យើង ចេះ​សាមគ្គី​គ្នា​រួបរួមគ្នា​ជា​ធ្លុង​មួយ​តាមរយ​:​ការកសាង​ទូក ង វែង​ជាងគេ ចាប់ផ្តើម​តាំងពី​ឈើ​មួយ​ដើម រហូតដល់ ចេញ​ជា​រូបរាង​ទូក​ឡើង ដោយ​ការនាំគ្នា​ចាំងឈើ​បន្តិច​ម្តងៗ​។ ដើម្បី​បណ្តុះ​ឆន្ទ​:​កូន​ខ្មែរ​យើង ឱ្យ​នាំគ្នា​បង្កើត​នូវ​អ្វីដែល​អស្ចារ្យ​សំរាប់​ខ្មែរលើ​ឆាក​អន្តរជាតិ ចៀសវាង​ការយក​ពេលវេលា​មាន​តំលៃ ទៅ​សេព​គ្រឿងញៀន គ្រឿង​ស្រវឹង បង្ហោះ​ម៉ូតូ និង​ក្មេង​ទំនើង ជាដើម​”​។​

​ជាមួយគ្នានេះ លោ​កស សុខា បាន​អំពាវនាវ​ដល់​ពុក​ម៉ែ បងប្អូន យុវជន យុវនារី​ទាំងអស់ សូម​អញ្ជើញ​ចូលរួម​ជួយ​សាងសង់​ទូក ង ដោយ ចាំងឈើ​ទាំងមូល​ឱ្យក្លាយ​ទៅជា​ទូក ង ដ៏​អស្ចារ្យ ដែល​អាច​បំបែក​ឯតទគ្គ​កម្ម​ពិភពលោក​បាន នៅមុខ​សាលាខេត្ត​ព្រៃវែង (​ចុង​ប៉ម​) ដើម្បី​បាន​ជោគជ័យ​រួម ស្របតាម​ពាក្យស្លោក​ថា ” ខ្មែរ​សាមគ្គី ខ្មែរ​ឈ្នះ ” ។​

​សូមជម្រាបថា សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្តព្រៃវែង បានធ្វើ​ក្រុង​ពាលី កាលពី​ថ្ងៃទី​៨ ខែមេសា ឆ្នាំ​២០១៨ ដើម្បី​ចាប់ផ្តើម​ដំណើរការ​ធ្វើ​ទូកង​ដែលមាន​ប្រវែង ៨៥​ម៉ែត្រ​, ផ្ទុក​មនុស្ស​បាន​ចំនួន​១៧៩​នាក់ ដើម្បី​បំបែក​ឯតទគ្គ​កម្ម​ពិភពលោក​។ ការធ្វើ​ទូកង​វែង​ជាងគេ​នេះ បានចាប់ផ្តើម​តាំងពី​ថ្ងៃ​ចូល​បុណ្យ​ខ្មែរ ហើយ​ធ្វើ​ទូកង​អាច​នឹង​រួចរាល់​អាច​នៅ​ចុងខែ​ឧសភា ឆ្នាំ​២០១៨​។​
​ក្រុមការងារ​ធ្វើ​ទូកង​វែង​ជាងគេ​បាន​បញ្ជាក់ថា គោលបំណង​ធំ នៃ​ការធ្វើ​ទូកង ប្រវែង​វែង​ជាងគេ​លើ​ពិភពលោក គឺមាន​ការចូលរួម​ពី​ព្រះមហាក្សត្រ​។​

​គួរ​បញ្ជាក់ថា ទូក​ដែល​វែង​ជាងគេ​លើ​ពិភពលោក​នាពេល​បច្ចុប្បន្ន គឺជា​ទូក​របស់​ប្រទេស​ចិន ដែលមាន​ប្រវែង ៧៧,៨​ម៉ែត្រ ដោយបាន​បំបែក​ឯតទគ្គ​កម្ម​កាល​ពី​ឆ្នាំ​២០១៧៕ ល​

​ក្រុមការងារ​ពិនិត្យមើល​ឈើ​ធ្វើ​ទូកង​ដែល​វែង​ជាងគេ​លើ​ពិភពលោក (​រូប​ថ​តៈ មុនី​រ័ត្ន​)​

ទីតាំងផ្សាយពាណិជ្ជកម្ម