Home ព័ត៌មានជាតិ សេដ្ឋកិច្ច នៅ​ខេត្តបន្ទា...

នៅ​ខេត្តបន្ទាយមានជ័យ ការដេញថ្លៃ​ភាស៊ី​គ្រប់​ប្រភេទ​អាជីវកម្ម​សម្រាប់​ឆ្នាំ​២០២១ បានធ្វើ​ឡើង តែ​ពិបាក​រក​អ្នក​ដេញ

ដោយ​: ភ្នំ​ស្វាយ / បន្ទាយមានជ័យ​: នៅ​ខេត្តបន្ទាយមានជ័យ ដំណើរការ​នីតិវិធី នៃ​ការដេញថ្លៃ​ភាស៊ី​គ្រប់​ប្រភេទ​អាជីវកម្ម​សម្រាប់​ឆ្នាំ​២០២១ បានធ្វើ​ឡើងជា​ប្រក្រតី​ដូច​រាល់​ឆ្នាំ តែ​ពិបាក​រក​អ្នកចូលរួម​ដេញថ្លៃ​លើ​ភាស៊ី​ផ្សារ​របស់​រដ្ឋ ព្រោះ​ចំនួន​ទឹកប្រាក់​មាន​តិចតួច​ដែរ​។​

​នេះ​បើ​យោង​កិច្ចប្រជុំ​ដេញថ្លៃ​ភាស៊ី​គ្រប់​ប្រភេទ​អាជីវកម្ម​សម្រាប់​ឆ្នាំ​២០២១ កាលពី​ថ្ងៃទី​២៨​ខែធ្នូ​ឆ្នាំ​២០២០ នៅ​សាលប្រជុំ​មន្ទីរ​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ខេត្ត ដែល​ដឹកនាំ​ដោយ​លោក បឹង គឹម​សឹង ប្រធាន​ម​ន្ទូ​រ​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ខេត្ត តំណាង​លោក អ៊ុ រាត្រី អភិបាលខេត្ត និង​ជា​ប្រធាន​គណៈកម្មការ​ដេញថ្លៃ​ភាស៊ី​គ្រប់​ប្រភេទ​អាជីវកម្ម​ខេត្ត លោក ខេង សួ តំណាង​ក្រសួង​ហិរញ្ញវត្ថុ លោក យុ​ត ស្វី​នី ប្រធាន​រតនាគារ​ខេត្ត​បាន​ដឹកនាំ​។ មាន​មន្ត្រី​មកពី​ទីចាត់ការ​ហិរញ្ញវត្ថុ​រដ្ឋបាលខេត្ត អភិបាលរង​ស្រុក​ក្រុង ចូលរួម​ជាមួយ​មន្ត្រី​ម្ចាស់ផ្ទះ​និង​អាជីវករ​ដេញថ្លៃ ។​

​លោក បឹង គឹម​សឹង្ហ បានអោយដឹងថា​៖ ការដែល​មន្ទីរ​នៅតែ​ដាក់អោយ​ដេញថ្លៃ​ភាស៊ី​គ្រប់​ប្រភេទ​អាជីវកម្ម​សម្រាប់​ឆ្នាំ​២០២១ នៅ​ខេត្តបន្ទាយមានជ័យ ពិសេស​លើ​ផ្សារ និង​ទីតាំង​អាជីវកម្ម​នៅ​សេសសល់​ខ្លះ​នោះ គឺ​ដើម្បី​កុំអោយ​បាត់​មូលដ្ឋាន​អាជីវកម្មរ​ដែល​គ្រប់​គ្រង់​ផ្ទាល់​ដោយ​រដ្ឋ​។​

​ជាងនេះទៅទៀត គឺ​ដើម្បី​រក្សា​សន្តិសុខ សណ្តាប់ធ្នាប់ សោភ័ណភាព សម្អាត​បរិស្ថាន អនាម័យ​ផ្សារ​ទាំងនោះ កុំអោយ​ខូច​មុខមាត់​ស្រុក​ក្រុង ។​

​ទោះយ៉ាងណា លោក​បាន​បញ្ជាក់ថា មូលដ្ឋាន​អាជីវកម្ម​ដែលជា​របស់​រដ្ឋ​និង​គ្រប់គ្រង​ការប្រមូល​ភាស៊ី​ដោយ​រដ្ឋ​នោះ នៅមាន​សេសសល់​តិចតួច ហើយ​ទំហំ​ទឹកប្រាក់​ក៏​តិចតួច​។

​បន្ថែម​លើ​នោះ ក៏​ពិបាក​រក​ឬ​មិនសូវមាន​អ្នកចូលរួម​ដេញថ្លៃ​ឡើយ​។ មូលដ្ឋាន​អាជីវកម្ម​សេសសល់​តែ​ប៉ុន្មាន​កន្លែង​នោះ មានដូចជា​៖ ផ្សារ​នៅ​ស្រុក​ភ្នំស្រុក ស្រុក​ស្វាយចេក ស្រុក​ថ្មពួក សួន​កុមារ​និង​ផ្សារ​ចម្ការ​គ​ក្រុង​សិរីសោភ័ណ​។​ល​។ ក្រៅពី​រាប់សិប​កន្លែង ត្រូវបាន​ប្រគល់អោយ​ឯកជន​វិនិយោគ​នោះ​។​

​ក្នុងចំណោម​ផ្សារ​ទាំងនោះ មិនមាន​អ្នកចូលរួម​ដេញថ្លៃ​ប្រមូល​ភាស៊ី​ឡើយ​។ លើកលែង​ផ្សារ​ចម្ការ​គ មាន​អាជីវករ​ម្នាក់​បាន​ដេញថ្លៃ ។​

​ដោយ​ឃើញ​ទិដ្ឋភាព​ដូច្នេះ ទើប​អង្គ​ប្រជុំបាន​ស្នើសុំ​យោបល់​សម្រេច​ពី​លោក អ៊ុ រាត្រី អភិបាលខេត្ត និង​ជា​ប្រធាន​គណៈកម្មការ​ដេញថ្លៃ​ភាស៊ី​គ្រប់​ប្រភេទ​អាជីវកម្ម​ខេត្ត​។ ហើយ​បាន​ណែនាំ​ថា មន្ទីរ​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ខេត្ត​ត្រូវ​ពន្យារ​ការដេញថ្លៃ​លើក​ទី​២ គី​ទុក​រយៈពេល​១​សប្តាហ៍​ទៀត​។ គឺ​ត្រូវ​ចេញ​លិខិត​ជូនដំណឹង​ដាក់អោយ​ដេញថ្លៃ​ប្រមូល​ភា​សុ​ី​ផ្សារ​ចម្ការ​គ ពីថ្ងៃ​ទី​២៩​ខែធ្នូ​ឆ្នាំ​២០២០​ទៅដល់​ថ្ងៃទី​៤​ខែមករា​ឆ្នាំ​២០២១​។ ហើយ​គណៈកម្មការ​នឹង​បើក​កញ្ចប់​ដេញថ្លៃ​នៅ​ម៉ោង​៨​និង​៣០​នាទី​ព្រឹក​ថ្ងៃទី​ខែមករា​ឆ្នាំ​២០២១ ខាងមុខ ។​

​ពោលគឺ​នីតិវិធី​នេះ ស្របតាម​ការណែនាំ​រប​ស់​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញ​វត្ថ និង​សេចក្តីជូនដំណឹង​ស្តីពី​ការដាក់អោយ​ដេញថ្លៃ​របស់​រដ្ឋបាលខេត្ត​៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular