ដោយ: រ៉ាម៉ន / ភ្នំពេញ: នៅព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២០ នេះ ក្រោយទទួលបានការអនុញ្ញាតពីលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ លោក មាន ចាន់យ៉ាដា អភិបាលរងរាជធានីភ្នំពេញ បានជួបប្រជុំជាមួយកម្លាំងសមត្ថកិច្ច និងគ្រូពេទ្យប្រចាំការនៅតាមកន្លែងធ្វើចត្តាឡីស័កទាំងអស់ ក្នុងរាជធានីភ្នំពេញ ដើម្បីពិនិត្យការងារអនុវត្តជាក់ស្តែង ក្នុងន័យបន្តពង្រឹងការគ្រប់គ្រងអ្នកធ្វើចត្តាឡីស័កឱ្យកាន់តែល្អប្រសើរថែមទៀត។
គួរបញ្ជាក់ថា៖ ដោយមានគោលការណ៍ពីរាជរដ្ឋាភិបាល រដ្ឋបាលរាជធានីភ្នំពេញ កំពុងពន្លឿនការងារសាងសង់មណ្ឌលចត្តាឡីស័កមួយកន្លែង មានចំនួន២អគារ នៅខណ្ឌឫស្សីកែវ ដែលទទួលអ្នកដំណើរស្នាក់នៅបានជាង៥០០នាក់ នាប៉ុន្មានសប្ដាហ៍ក្រោយនេះ ដើម្បីធានាបាននូវការអនុវត្តវិធានការចត្តាឡីស័ក ចំពោះអ្នកដំណើរចូលមកព្រះរាជាណាចក្រកម្ពុជា តាមអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។
មន្ត្រីឱ្យដឹងថា៖ មណ្ឌលចត្តាឡីស័កមួយកន្លែងនេះ មានទីតាំងនៅក្នុងខណ្ឌឫស្សីកែវ ហើយមណ្ឌលចត្តាឡីស័កខាលើ នឹងដំណើរការក្រោយសាងសង់រួច នៅពេលខាងមុខដោយធ្វើឱ្យកាន់តែមានប្រសិទ្ធភាព បន្ទាប់ពីប្រគល់កន្លែងចត្តាឡីស័កកន្លងមកឱ្យទៅសាលារៀនជូនសិស្សានុសិស្សចូលរៀនវិញ នាពេលខាងមុខនេះ។
គួរបញ្ជាក់ថា៖ កន្លងមករដ្ឋបាលរាជធានីភ្នំពេញ បានយកវិទ្យាល័យជម្ពូរវ័ន្ត និងអនុវិទ្យាល័យពោធិចិនតុង នៅខណ្ឌពោធិសែនជ័យ និងសាលាមួយកន្លែងទៀត នៅខណ្ឌឫស្សីកែវ ធ្វើជាកន្លែងសម្រាប់ធ្វើចត្តាឡីស័ក៕