ដោយ: សម្បត្តិ/ភ្នំពេញ:បុរសម្នាក់ជិះម៉ូតូលឿនវ៉ាជែងមិនប្រយ័ត្ន ក៏បានជ្រុលបុកម៉ូតូ១គ្រឿងក្នុងទិសដៅបញ្ច្រាស់គ្នាបណ្តាលឲ្យដួលទៅនឹងថ្នល់ក៏ត្រូវរថយន្តធុនធំចាប់ហ្វ្រាំងមិនទាន់ ក៏កិនបែកក្បាលស្លាប់នសម៉ោងជាង៧យប់ ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២០ តាមបណ្តោយផ្លូវ៣០ម៉ែត្រ ក្បែរបុរីសន្តិភាព២ ស្ថិតក្នុងសង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ ។
បុរសរងគ្រោះជិះម៉ូតូFZ ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ CW-5509 ជិះក្នុងល្បឿនលឿនទិសដៅពីលិចទៅកើត លុះមកដល់កន្លែងកើតហេតុបានវ៉ាជែងទៅខាងឆ្វេងដៃមិនប្រយ័ត្ន ក៏បានជ្រុលទៅបុកបុរស២នាក់ដែលកំពុងជិះម៉ូតូម៉ាកហុកដាឌ្រីម សេ១២៥ សេរីឆ្នាំ២០១៥ ពាក់ស្លាកលេខ កំពង់ចាម 1N-3144 ក្នុងទិសដៅបញ្ច្រាសគ្នាបណ្តាលឲ្យដួលទៅនឹងថ្នល់តែម្តង ។ បន្ទាប់ពីដួលនោះស្រាប់តែមានរថយន្តធុនធំមិនចាំម៉ាកមួយគ្រឿងបើកមកពីក្រោយចាប់ហ្វ្រាំងមិនទាន់ក៏កិនបុរសដែលជិះម៉ូតូFZ ដែលបើកវ៉ាជែងទៅបុកទៅនោះ បែកក្បាលធ្លាយខួរស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ។រថយន្តបានបន្តដំណើរទៅមុខបាត់ស្រមោល ។ចំណែកបុរស២នាក់ទៀតបានរងរបួសធ្ងន់ត្រូវបានដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យ ។
ក្រោយកើតហេតុប្រជាពលរដ្ធបានរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋាន និងទំនាក់ទំនងទៅជំនាញចុះមកធ្វើការវាស់វែង យកម៉ូតូទាំង២គ្រឿងទៅរក្សាទុក ចំណែកសពជនរងគ្រោះធ្វើកំណត់ហេតុប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ។ចំពោះឈ្មោះជនរងគ្រោះពុំទាន់បានស្គាល់នៅឡើយ៕សរន