ដំណឹង​ល្អ​! កម្ពុជា​ចាប់ផ្តើម​ផលិតកម្ម​ប្រេង​ដំបូង​នៅ​តំបន់​ប្លុក​អេ នៃ​ឈូង​សមុទ្រ​កម្ពុជា

​ដោយៈ​បូព៌​ព្រឹក្ស​/​ភ្នំពេញៈ​ក្រុមហ៊ុន​ដែល​ទទួល​ការវិនិយោគ​បានចាប់ផ្តើម​ផលិតកម្ម​ប្រេង​ដំបូង​របស់​កម្ពុជា​នៅ​តំបន់​ប្លុក អេ​(A)​ឈូង​សមុទ្រ​កម្ពុជា​។​នេះ​បើតាម​ការបញ្ជាក់​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុនសែន នាយករដ្ឋមន្ត្រី​កម្ពុជា​បានបង្ហាញ​ឲ្យ​ឃើញ​នៅក្នុង​ផេ​ក​ផ្លូវការ​របស់​សម្តេច​នា​ព្រឹក​ព្រលឹម​ថ្ងៃនេះ​។​


​សម្តេច​តេ​ជោ​បានសរសេរថា​សូម​ថ្វាយបង្គំ​ព្រះ​ថេរានុត្ថេរៈ​គ្រប់​ព្រះអង្គ​ជាទី​សក្ការៈ​សម្តេច ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា ព្រឹទ្ធសភា រដ្ឋសភា និង​រាជរដ្ឋាភិបាល ឯកឧត្តម លោកជំទាវ ព្រឹទ្ធាចារ្យ លោកតា លោកយាយ បងប្អូន​ជនរួមជាតិ​ទាំងអស់​ជាទីគោរព​ស្រឡាញ់​ខ្ញុំព្រះករុណាខ្ញុំ ក្នុងនាម​រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា មាន​សេចក្តីសោមនស្ស​រីករាយ​ក្រៃលែង​ក្នុងការ​ជម្រាបជូន​បងប្អូន​ជនរួមជាតិ​ទាំងអស់​អំពី​ការចាប់ផ្តើម​ផលិតកម្ម​ប្រេង​ដំបូង​របស់​កម្ពុជា នៅ​តំបន់​ប្លុក A ឈូង​សមុទ្រ​កម្ពុជា ដែល​ជាការ​ទន្ទឹង​រង​ចាំ​អស់​រយៈកាល​ដ៏​យូរ​កន្លងមកនេះ​។ ដោយ​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់រាជ​រដ្ឋាភិបាល និង​ការចូលរួម​យ៉ាងសកម្ម​ពី​ក្រុមហ៊ុន Kris Energy ដែលជា​ប្រតិបត្តិ​ករ​នៃ​គម្រោង​នេះ​មកដល់ពេលនេះ​យើង​បានសម្រេច​បាន​នូវ​ការបញ្ចប់​ដោយ​ជោគជ័យ​ជា​ស្ថាពរ​នូវ​ការសាងសង់​ការបំពាក់​គ្រឿង​សម្ភារៈ​និង​បរិក្ខា​នៃ​បណ្តា​ហេដ្ឋារចនាសម្ព័ន្ធ​ចាំបាច់​នានា​សម្រាប់​ដំណើរ​ការផលិត​កម្មធ​ន​ធាន​រ៉ែ​ប្រេង​របស់​យើង​។
​សម្តេច​តេ​ជោ​បន្ត​ដំណក់​ប្រេង​លើកដំបូង​របស់​កម្ពុជា​នឹង​ចាប់ផ្តើម​ផលិត​ចេញពី​អណ្តូងប្រេង​ទី​១ ឈ្មោះ A-0ID នៃ ផ្លាត​ហ្វ​ម A នៅក្នុង​ប្លុក​នៃ​ឈូង​សមុទ្រ​កម្ពុជា នៅ​ថ្ងៃទី​២៩​ធ្នូ ឆ្នាំ​២០២០ ដែល​គាប់​ជួន​ជាមួយ​ថ្ងៃ​ខួប​លើក​ទី​២២ នៃ​ការបញ្ចប់​សង្គ្រាម​នាំមក​នូវ​ការឯកភាព​ជាតិ ឯកភាព​ទឹកដី តាមរយៈ​នយោបាយ​ឈ្នះ​-​ឈ្នះ (២៩​ធ្នូ ១៩៩៨-២៩ ធ្នូ ២០២០)​។ ថ្ងៃទី ២៩ ធ្នូ ១៩៩៨ បង្កលក្ខណៈ​សម្បត្តិ​គ្រប់យ៉ាង​ឱ្យ​យើង​មាន​ដំណក់​ប្រេង​លើកដំបូង​នៅ​កម្ពុ​ជានា​ថ្ងៃទី ២៩ ធ្នូ ២០២០ នេះ​។​


​សម្តេច​តេ​ជោ​ហ៊ុនសែន​បន្តថា​ខ្ញុំ​សូម​ឆ្លៀតឱកាស​នេះ រំលឹក​ជម្រាបជូន​បង​ប្អូន​ជនរួមជាតិ​ជ្រាបថា​៖ កិច្ចព្រមព្រៀង​ប្រេងកាត​ដំបូង​ត្រូវបាន​ចុះ​នៅ​ឆ្នាំ ២០០២ ជាមួយ​សម្ព័ន្ធ​ក្រុមហ៊ុន មាន​ក្រុមហ៊ុន Chevron Oversea Petroleum (Cambodia) Ltd., LG Caltex Oil Corporation, Moeco Cambodia Co., Ltd. និង KrisEnergy) ។ សម្ព័ន្ធ​ក្រុមហ៊ុន​នេះ​ដឹកនាំ​ដោយ​ក្រុមហ៊ុន Chevron របស់​អាមេរិក​។ នៅ​ឆ្នាំ ២០១០ ក្រុមហ៊ុន​Chevron បានប្រកាស​រកឃើញ​ជ​ម្រ​ក​រ៉ែ​ប្រេង​មាន​លក្ខណៈ​ពាណិជ្ជកម្ម ជា​លើកដំបូង​របស់​កម្ពុជា និង​បាន​កសាង​គម្រោង​ផែនការ​អភិវឌ្ឍ​និង​អាជីវកម្ម ដើម្បី​ស្នើសុំ​រាជរដ្ឋាភិបាល​ពិនិត្យ​និង​សម្រេច​។ តាម​ផែនការ​នោះ ផលិតកម្ម​ប្រេង​ដំបូង​គ្រោង​នឹង​ចាប់ផ្តើម​នៅ​អំឡុង​ខែធ្នូ​ឆ្នាំ​២០១២​។ ប៉ុន្តែ​ដោយ​ការពិនិត្យ​លក្ខណៈ​បែងចែក​ផល​សេដ្ឋកិច្ច និង​ស​ង្គ​ត​ភាព​ច្បាប់​ពាក់ព័ន្ធ​និង​ផែនការ​អភិវឌ្ឍ​និង​អាជីវកម្ម​ស្នើឡើង​ដោយ​ក្រុមហ៊ុន Chevron នៅពេលនោះ បាន​តម្រូវ​ឲ្យ​ភាគី​ទាំងពីរ​ត្រូវ​ចរចារ​កែសម្រួល​លក្ខខណ្ឌ​កិច្ចព្រមព្រៀង​មួយចំនួន​ឡើងវិញ ដើម្បី​ឲ្យ​មា​នស​ង្គ​ត​ភាព​ជាមួយ​បទ​ប្បញ្ញត្តិ​ច្បាប់​កម្ពុជា​ផង​និង​មាន​សមធម៌​កាន់តែ​ប្រសើរ​នៅក្នុង​ការបែងចែក​ផល​សេដ្ឋកិច្ច​ពី​ផែនការអាជីវកម្ម​នេះ​ផង ដំណើរការ​អនុវត្តតាម​ផែនការ​ផលិត​ប្រេង​នៅ​ខែធ្នូ​២០១២​ក៏​ត្រូវបាន​រាំងស្ទះ​មិនអាច​អនុវត្តបាន​។

ការចរចារ​កិច្ចព្រមព្រៀង​ប្រេងកាត​ក៏ត្រូវ​បាន​ប្រព្រឹត្តិ​ទៅ​យ៉ាង​ស្វិតស្វាញ​រវាង​ភាគី​ទាំងពីរ (​រាជរដ្ឋាភិបាល​និង​ក្រុមហ៊ុន​) ទាំង​លើ​ទិដ្ឋភាព​ច្បាប់ បច្ចេកទេស និង​សេដ្ឋកិច្ច ។ នៅក្នុង​រយៈពេល​ចរចារ​ដ៏​តឹងតែង​នេះ ក្រុមហ៊ុន Chevron Oversea Petroleum (Cambodia) Ltd., LGCaltex Oil Corporation និង​ក្រុមហ៊ុន Mocco Cambodia Co., Ltd. បាន​ស្នើសុំ​ដកខ្លួន​ចេញ​បន្តបន្ទាប់​គ្នា នៅ​ឆ្នាំ ២០១៤ និង​២០១៦​។ ការចរចារ​ត្រូវបាន​បន្ត​អូស​បន្លាយពេល​យ៉ាងយូរ​តាំងពី​ឆ្នាំ ២០១០ រហូតដល់​ថ្ងៃទី​២៣ ខែសីហា​ឆ្នាំ ២០១៧ ទើប​សម្រេចបាន​នូវ​កិច្ចព្រមព្រៀង​ថ្មី​និង​គម្រោង​ផែនការ​អភិវឌ្ឍ​និង​អាជីវកម្ម​អណ្តូងប្រេង​ថ្មី​ដែល​បើកផ្លូវ​ឲ្យ​ដំណើរការ​សាងសង់​និង​អភិវឌ្ឍ​ផ្លាត​ហ្វ​ម​អណ្តូងប្រេង​អាច​ចាប់ផ្តើមបាន​។​
​ហេដ្ឋារចនាសម្ព័ន្ធ​ផលិតកម្ម​ប្រេង​ធំៗ​និង​សំខាន់ៗ ដែល​បាន​សាងសង់ តម្លើង និង​រៀបចំ​រួចរាល់​ជា​ស្ថាពរ​នៅក្នុង​តំបន់​ប្លុក​A សម្រាប់​ដំណើរការ​ផលិតកម្ម​ជារួម​មាន​៖
• ផ្លាត​ហ្វ​ម​អណ្តូងប្រេង ផលិត​នៅ​កោះ​បា​តាង​នៃ​ប្រទេស​ឥណ្ឌូនេស៊ី ចាប់ផ្តើម​សាងសង់​នៅ​អំឡុង​ខែធ្នូ​ឆ្នាំ ២០១៩ និង​បានបញ្ចប់​នៅ​ខែសីហា ២០២០​។ ផ្លាត​ហ្វ​ម​នេះ បាន​ដឹក​ចូល​មកដល់​តំបន់​ប្លុក A និង​បានបញ្ចប់​ការ​ដំឡើង​រួចរាល់​ជា​ស្ថាពរ​នៅ​ថ្ងៃទី​៧ កញ្ញា ២០២០​។​
• កប៉ាល់​ផលិតកម្ម​ប្រេង​បាន​ដំឡើង ជួសជុល និង​បំពាក់​សម្ភារៈ បរិក្ខា​រួចរាល់​នៅ​ខែ កញ្ញា ២០២០ នៅ​ប្រទេស​សឹង្ហ​បុរី និង​បាន​ដឹក​មកដល់​និង​តម្លើង​រួចរាល់​នៅ​ប្លុក A នៅ​ថ្ងៃទី ១៨ ខែតុលា ឆ្នាំ ២០២០​។ កប៉ាល់​ស្តុក​ប្រេង បានរៀបចំ​និង​ត្រៀមចាំ​រួចរាល់​នៅ​ប្លុក A នៅ​ថ្ងៃទី ៩ ខែវិច្ឆិកា​
២០២០ ។​
​អណ្តូងប្រេង​ទីមួយ​បានបញ្ចប់​ការសាងសង់​នៅ​ថ្ងៃទី ២៣ ធ្នូ ២០២០ និង​ចាប់ផ្តើម​ផលិត​ចេញ​ប្រេង​ដំបូង​នៅ​ថ្ងៃទី​២៩​ខែ ធ្នូ​២០២០​នេះ ។ ក្រៅពីនេះ មាន​អណ្តូងប្រេង​ចំនួន​ពីរ​ទៀត​ក៏បាន​ខួង​ជម្រៅ​ដល់​ស្រទាប់​ជម្រក​រ៉ែ​ប្រេង​រួចហើយ​ដែរ​។​
​ការចាប់ផ្តើម​ផលិតកម្ម​ប្រេង​នេះ គឺជា​ពរជ័យ​សម្រាប់​ក​ម្ពុ​ជា ។ នេះ​ជាការ​ចាប់ផ្ដើម​មួយ​ជំហាន​ដំបូង​ដ៏​សំខាន់​សម្រាប់​កម្ពុជា​ឆ្ពោះទៅ​បង្កើតបាន​នូវ​សមត្ថភាព​ជាតិ​និង​ខឿន​ឧស្សាហកម្ម​ប្រេងកាត ឧស្ម័ន និង​ថាមពល​នៅ​កម្ពុជា​។ ផលប្រយោជន៍​សំខាន់ៗ រួមមាន​៖
​ចំណូល​ថវិកាជាតិ ផល​សេដ្ឋកិច្ច​ទទួលបាន​ពី​ការបង្កើតបាន​នូវ​ពិពិធ​កម្ម​ខឿន​ឧស្សាហកម្ម​ក្នុង​វិស័យ​ប្រេងកាត និង​ការកសាង​សមត្ថភាព​ជាតិ​នៅក្នុង​វិស័យនេះ​។ ការរកឃើញ​និង​អាជីវកម្ម​ធនធាន​រ៉ែ​ប្រេង​នៅ​កម្ពុជា​ក្រោម​ការដឹកនាំ​របស់​រាជ​រដ្ឋាភិបាល គឺជា​ពរជ័យ​សម្រាប់​ប្រជាជន និង​ប្រទេសជាតិ មិនមែនជា​បណ្តាសារ​ដូច​ការលើកឡើង​របស់​ជន​អគតិ​មួយចំនួន​នោះទេ​។​
​កូ​វីដ​-១៩ បាន​រំខាន​ដល់​យើង តែ​ក៏​មិនអាច​បំផ្លាញចោល​នូវ​ការខិតខំ​របស់​យើង​ដើម្បី​ផលិត​ប្រេង​នោះបាន​ដែរ​។ ចូលឆ្នាំ​សកល​ថ្មី​២០២១​ខាងមុខ ទោះ​យើង​មិនបាន​សប្បាយរីករាយ​ដូច​ឆ្នាំមុនៗ​ដោយសារតែ​កូ​វីដ​-១៩ តែ​យើង​ទទួលបាន​កាដូ​ដ៍​ធំ​សម្រាប់​ជាតិ​យើង នោះ​គឺ​ប្រេង​ដែល​ផលិត​ចេញ​លើកដំបូង​ក្នុង​ទឹកដី​យើង​។ ឆ្នាំ​ថ្មី សមិទ្ធផល​ថ្មី​សម្រាប់​សេដ្ឋកិច្ចកម្ពុជា​ចាប់ពី​ដើមឆ្នាំ​២០២១ តទៅ​៕​សរន​


ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -



Most Popular