Home ព័ត៌មានជាតិ សន្តិសុខ រន្ធត់​ណាស់ !...

រន្ធត់​ណាស់ ! ម៉ូតូ​២​គ្រឿង​បុក​គ្នា​ដួល រថយន្ត​ធំ​មកពី​ក្រោយ​កិន​បែកក្បាល​ស្លាប់​ម្នាក់ របួសធ្ងន់​២​នាក់​

​ដោយៈ​សម្បត្តិ​-​ចាន់តូ​/​ភ្នំពេញៈ ហេតុ​ការគ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​មួយ ដោយ​បុរស​ម្នាក់​ជិះ​ម៉ូតូ​លឿន​វ៉ា​ជែង​មិន​ប្រយ័ត្ន ក៏បាន​ជ្រុល​បុក​ម៉ូតូ​១​គ្រឿង​ទៀត ក្នុងទិសដៅ​បញ្ច្រាស់​គ្នា​ដួល​ទៅនឹង​ថ្នល់ ត្រូវ​រថយន្ត​ធុន​ធំ​មកពី​ក្រោយ​ចាប់​ហ្វ្រាំង​មិនទាន់ កិន​បែកក្បាល​ស្លាប់​យ៉ាង​អាណោចអាធម៌ នា​វេលា​ម៉ោង​៧​នឹង​៤០​នាទី​យប់ ថ្ងៃទី​២៨ ខែធ្នូ ឆ្នាំ​២០២០ តាម​បណ្តោយ​ផ្លូវ​៣០​ម៉ែត្រ ក្បែរ​បុរី​សន្តិភាព​២ ស្ថិតក្នុង​សង្កាត់​ចោមចៅ​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។​

​ជនរងគ្រោះ​ដែល​ស្លាប់​មានឈ្មោះ ហ៊ុយ សុភា​រិ​ទ្ធ ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​ធ្វើការ​រោងចក្រ រស់នៅក្នុង​ភូមិ​ចំរេះ ឃុំ​ស្វាយ​ធំ ស្រុក​ស្វាយ​ធំ ខេត្តស្វាយរៀង ដោយ​ជិះ​ម៉ូតូ​ម៉ាក​FZ-Z ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ​1CW.5509 ជិះ​តែម្នាក់ឯង​។​​ចំណែក​ខាង​ម៉ូតូ​ឌ្រី​ម​សង់ ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០១៥ ពាក់​ស្លាក​លេខ កំពង់ចាម 1N.3144 ជិះ​ឌុប​គ្នា ដោយ​បុរស​៣​នាក់​រងរបួស​ធ្ងន់​២​នាក់ និង​ស្រាល​ម្នាក់​។​

​បុរស​ម្នាក់​ជា​ជនរងគ្រោះ​ដែល​រងរបួស​ស្រាល​បាន​ប្រាប់​ឲ្យ​ដឹងថា ដំបូង​ឡើយ​ពួកគាត់​មាន​គ្នា​៣​នាក់​ជិះ​ម៉ូតូ​ម៉ាក​ឌ្រី​ម​សង់​ តាម​បណ្ដោយ​ផ្លូវ​៣០​ម៉ែត្រ​ ទិសដៅ​ពី​កើតមក លិច​ក្នុង​ល្បឿន​លឿន​ល្មម ខណៈ​មកដល់​ចំណុចកើត​ហេតុ​ខាងលើ​ស្រាប់​តែមាន​បុរស​ម្នាក់​ជិះ​ម៉ូតូ​ម៉ាក​អេស​ហ្សែ​ត (FZ-Z) មួយគ្រឿង​បើក​តាម​បណ្តោយ​ផ្លូវ​៣០​ម៉ែត្រ​ទិសដៅ​ពី​លិច​មក​កើត បញ្ច្រាស់ទិស​គ្នា​បាន​វ៉ា​ជែង​រថយន្ត​ធុន​ធំ​មួយគ្រឿង​មិន​ចាំ​ម៉ាក ក៏​ជ្រុល​ចង្កូត​មក​បុក​ពួកគាត់ ពេញទំហឹង​បណ្ដាល​ឲ្យ​ដួល​ទាំងសងខាង ខណៈនោះ​រថយន្ត​ដែល​គាត់​វ៉ា​ជែង​ជាន់​ហ្វ្រាំង​មិនទាន់ បាន​កិន​ចំក្បាល​របស់គាត់​បែកចេញ​ខួរ​ស្លាប់ មួយ​រំពេច​នៅនឹងកន្លែង​កើតហេតុ​។ ភ្លាមៗ​រថយន្ត​ដែល​កិន​ជនរងគ្រោះ​បាន​បន្ថែម​ល្បឿន​រត់​បាត់ ស្រមោល​។ ចំណែក ភាគី​ខាង​ម៉ូតូ​ឌ្រី​ម​សង់​បាន រងរបួស​ធ្ងន់​២​នាក់ និង​ស្រាល​ម្នាក់​ក៏មាន​រថយន្ត​សង្គ្រោះ​ដឹកយក​ទៅ​សង្គ្រោះ​ជីវិត​នៅ​គ្លីនិក​ឯកជន​ផងដែរ​៕


ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular