ប្រែសម្រួល : កញ្ញាដាលីស ៖ ប្រធានាធិបតីជាប់ឆ្នោត ចូ បៃដិនបាននិយាយកាលពីថ្ងៃចន្ទទី២៨ធ្នូថាការតែងតាំងមនុស្សពីសំណាក់លោកដូណាល់ ត្រាំ នៅមន្ទីរបញ្ចកោណកំពុងធ្វើឱ្យជាប់គាំងដំណើរការផ្ទេរតំណែងហើយបានព្រមានថា សហរដ្ឋអាម៉េរិកប្រឈមនឹងហានិភ័យផ្នែកសន្តិសុខដោយសារតែរឿងនេះ។
បន្ទាប់ពីលោកនិងអនុប្រធានាធិបតីជាប់ឆ្នោត កាម៉ាឡា ហារីស ត្រូវបានសង្ខេបជូនព័ត៌មានដោយក្រុមផ្ទេរតំណែងរបស់ពួកគេស្តីពីសន្តិសុខជាតិ លោកបៃដិននិយាយថាការតែងតាំងខាងនយោបាយនៅមន្ទីរបញ្ចកោណក៏ដូចជាការិយាល័យគ្រប់គ្រងនិងថវិកាបានដាក់ “ការបិទផ្លូវ”។
លោកបៃដិននិយាយបន្ទាប់ពីការសង្ខេបជូនព័ត៌មាននោះថា “ឥឡូវនេះយើងមិនទាន់ទទួលបានព័ត៌មានទាំងអស់ដែលយើងត្រូវការពីរដ្ឋបាលជិតអស់អាណត្តិនៅក្នុងវិស័យសន្តិសុខជាតិសំខាន់ៗនោះទេ។ តាមទស្សនៈរបស់ខ្ញុំ វាគ្មានខុសអីពីការដែលគ្មានទំនួលខុសត្រូវនោះឡើយ”។
លោកបៃដិននិយាយថាលោកកំពុងស្វែងរក “រូបភាពច្បាស់មួយ” ពីរដ្ឋបាលជិតផុតអាណត្តិស្តីពីឥរិយាបថកម្លាំងរបស់កងទ័ពអាម៉េរិកនៅជុំវិញពិភពលោក។
លោកបៃដិននិយាយថា”យើងត្រូវការរូបភាពមើលឃើញពេញលេញទៅក្នុងផែនការថវិកាដែលកំពុងដំណើរការនៅក្រសួងការពារជាតិនិងទីភ្នាក់ងារដទៃទៀតដើម្បីចៀសវាងការភ័ន្តច្រឡំឬការដេញតាមឱ្យទាន់សត្រូវរបស់យើង ដែលអាចកំពុងព្យាយាមកេងចំណេញ”។
លោកត្រាំបានបដិសេធមិនទទួលស្គាល់ការបោះឆ្នោតថ្ងៃទី០៣ ខែវិច្ឆិកាដែលលោកបៃដិនបានឈ្នះដោយសំឡេងគាំទ្រប្រមាណ ៧ លាននិងឈ្នះអង្គបោះឆ្នោត ៣០៦-២៣២ ។ប្រធានាធិបតីត្រាំបានធ្វើការអះអាងដោយគ្មានភស្តុតាងអំពីការក្លែងបន្លំឆ្នោត។
រដ្ឋបាលត្រាំបានបង្កការព្រួយបារម្ភដោយការរុះរើថ្នាក់ដឹកនាំមន្ទីរបញ្ចកោណចាប់តាំងពីការបោះឆ្នោត រួមមានការបណ្តេញរដ្ឋមន្ត្រីការពារជាតិលោក ម៉ាក អេស្ពើដែលបដិសេធមិនប្រើកម្លាំងតាមសំណើរបស់ប្រធានាធិបតីប្រឆាំងនឹងក្រុមបាតុករដែលប្រឆាំងនឹងការរើសអើងជាតិសាសន៍កាលពីដើមឆ្នាំនេះ។
ការបន្តុបមនុស្សស្មោះត្រង់របស់លោកត្រាំនៅនាទីចុងក្រោយនៅមន្ទីរបញ្ចកោណកើតឡើងចំពេលមានភាពតានតឹងខ្លាំងជាមួយអ៊ីរ៉ង់ដែលលោកត្រាំស្តីបន្ទោសចំពោះការវាយប្រហារដោយគ្រាប់រ៉ុក្កែតទៅលើស្ថានទូតអាម៉េរិកនៅអ៊ីរ៉ាក់ មុនថ្ងៃខួបនៃការសម្លាប់ឧត្តមសេនីយ៍អ៊ីរ៉ង់ម្នាក់ពីសំណាក់អាម៉េរិកនៅទីក្រុងបាកដាដ៕
ប្រធានាធិបតីជាប់ឆ្នោត ចូ បៃដិន