ដោយ: បូកគោ/កំពតៈ យុវជនពីរនាក់បានស្លាប់នៅនឹងកន្លែង ចំណែកម្នាក់ទៀតរងរបួសធ្ងន់បន្ទាប់ពីត្រូវរថយន្តបុកម៉ូតូពីរគ្រឿងកាលពីម៉ោង៨ និង១០នាទីយប់ថ្ងៃទី២៨ ខែធ្នូឆ្នាំ២០២០។ ហេតុការណ៍នេះ បានកើតឡើងនៅលើកំណាត់ផ្លូវជាតិលេខ៣ ក្នុងទឹកដីភូមិបឹងតារោង ឃុំព្រៃឃ្មុំ ស្រុកទឹកឈូ។
មន្ត្រីនគរបាលចរាចរណ៍ស្រុកទឹកឈូបានប្រាប់ឱ្យដឹងថាយុវជនដែលបាត់បង់ជីវិតក្នុងហេតុការណ៍នេះរួមមាន ១.ឈ្មោះ កាំង បូរ អាយុ ២៧ឆ្នាំ មានទីលំនៅឃុំតាកែន ស្រុកឈូក ខេត្តកំពត។ ២. ឈ្មោះស៊ុន ម៉ាច អាយុ ១៩ឆ្នាំ មានទីលំនៅឃុំត្រពាំងបី ស្រុកឈូក ខេត្តកំពត។ ចំណែកអ្នករងរបួសឈ្មោះខឿន សុខា អាយុ ៣០ឆ្នាំ មានស្រុកំណើតនៅខេត្តកំពង់ឆ្នាំង តែមកបម្រើការងារនៅបូរីហ្កាសស្ថិតក្នុងភូមិព្រៃឃ្មុំ ឃុំព្រៃឃ្មុំ ស្រុកទឹកឈូ ខេត្តកំពត។ ជនបង្កមិនត្រូវបានស្គាល់អត្តសញ្ញាណទេព្រោះបានបើករថយន្តគេចបាត់ភ្លាមៗ។
មុនគ្រោះថ្នាក់កើតឡើង មានយុវជនម្នាក់ជិះម៉ូតូមួយគ្រឿងម៉ាកនិច ពណ៌ខ្មៅ ក្នុងទិសដៅពីជើងទៅត្បូង។ ស្របពេលនោះមានរថយន្តមួយគ្រឿង បើកមកពីក្រោយដោយល្បឿនលឿនរួចបុកម៉ូតូនិច ពេញទំហឹង ហើយបន្តបុកម៉ូតូហុងដាឌ្រីមពណ៌ខ្មៅ ជិះគ្នាពីរនាក់មួយគ្រឿងទៀត បណ្តាលឱ្យដួលរណូករណែលលើដងផ្លូវ។ ហើយអ្នកបើកបររថយន្តមិនបានឈប់ទេ គឺបង្កើនល្បឿនបើកគេចបាត់តែម្តង៕