Home ព័ត៌មានជាតិ សន្តិសុខ រថយន្ត​ធំ​សណ្...

រថយន្ត​ធំ​សណ្តោង​រ៉ឺម៉ក បុក​រថយន្ត​តូច របួសធ្ងន់​ម្នាក់​

ដោយៈ​បាយ័ន​/​សៀមរាបៈ រថយន្ត​ធុន​ធំ​សណ្តោង​រ៉ឺម៉ក​មួយគ្រឿង បាន​បុក​គ្នា​ជាមួយ​រថយន្ត​ធុន​តូច ហើយ​បណ្តាលឱ្យ​រថយន្ត​ធំ​ក្រឡាប់​ផ្ងារជើង របួសធ្ងន់​ម្នាក់ កាលពី​វេលា​ម៉ោង​២០:៣០​នាទី​ថ្ងៃទី​២៨ ខែធ្នូ ឆ្នាំ​២០២០ ស្ថិតនៅត្រង់​ចំណុច​ផ្លូវ​ហាយវ៉េ ចន្លោះ​បង្គោលគីឡូម៉ែត្រ​លេខ​១៥-១៦ ផ្លូវបំបែក​ជា​បួន ស្ថិតនៅ​ភូមិ​តានី ឃុំ​រុន​តា​ឯក ស្រុក​បន្ទាយស្រី ខេត្តសៀមរាប​។​

​នគរបាល​ស្រុក​បន្ទាយស្រី បាន​និយាយ​នៅ​ព្រឹក​ថ្ងៃទី​២៩ ខែធ្នូ​នេះ​ថា រថយន្ត​ម៉ាក Hyundai ពណ៌​ស -​ខៀវ ពាក់​ផ្លាកលេខ កំពង់ចាម 3A-7993 សណ្តោង​រ៉ឺម៉ក ពាក់​ស្លាក​លេខ ត្បូងឃ្មុំ 4A-0689 បើកបរ​ដោយ ឈ្មោះ អ៊ុច សុ​ភិន ភេទ​ប្រុស អាយុ​២០​ឆ្នាំ រស់នៅ​ភូមិ​ឬ​ស្សី​វាល ឃុំ​កក់ ស្រុក​បសេដ្ឋ ខេត្តកំពង់ស្ពឺ បើកបរ​ទិសដៅ​ពី​ជើង​ទៅ​ត្បូង បុក​នឹង​រថយន្ត ០១​គ្រឿង ម៉ាក Kia Morning ពណ៌​ទឹកប្រាក់ ពាក់​ផ្លាកលេខ សៀមរាប 2B-2189 បើកបរ​ដោយ​ឈ្មោះ​អាំង ស៊ី​ផេង ភេទ ប្រុស អាយុ​៣២​ឆ្នាំ រស់នៅ ភូមិ​មណ្ឌល​៣ សង្កាត់​ស្លក្រាម ក្រុង​សៀមរាប ខេត្តសៀមរាប​។ ឯ​អ្នករងរបួស​មនុស្ស​ធ្ងន់​មាន ឈ្មោះ​អាំង ស៊ី​ផេង ភេទ​ប្រុស ត្រូវបាន​ប​ញ្ជួ​ន​ទៅ​សង្គ្រោះ​នៅ​មន្ទី​ពេទ្យ​ខេត្តសៀមរាប ដែលជា​អ្នកបើកបរ​រថយន្ត​តូច​។​

​សមត្ថកិច្ច​បន្តថា មូលហេតុ​ខាងលើ​បណ្តាលមកពី រថយន្ត​សណ្តោង​រ៉ឺម៉ក​បើកបរ​ក្នុង​ល្បឿន​លឿន​ដល់​ចំណុច​ផ្លូវ​ប្រសព្វ​បំបែក​ជា​បួន ខ្វះ​ការប្រុងប្រយ័ត្ន ហើយ​រថយន្ត​១​គ្រឿង​ទៀត​បើក​ឆ្លង​ផ្លូវបំបែក​ជា​បួន ដោយ​ខ្វះ​ការប្រុងប្រយ័ត្ន​ដូចគ្នា​។​

​រថយន្ត​សណ្តោង​រ៉ឺម៉ក​មានការ​ដឹកទំនិញ​ពេញ ហើយ​ក្រឡាប់​ចាក់ចោល​ពេញ​ផ្លូវ ដែល​គេ​សង្ស័យថា ជា​ទំនិញគេចពន្ធ​ទៀតផង​៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -



Most Popular