ដោយ:ច្រាយ ចំណាន/ភ្នំពេញៈ អ្នកជំនាញអចលនទ្រព្យបានអះអាងថា សកម្មភាពទិញលក់ និងការដើរហើររបស់ប្រជាពលរដ្ឋបានចាប់ផ្តើមកើនឡើង ដែលជាសញ្ញាវិជ្ជមានសំរាប់វិស័យអចលនទ្រព្យនៅឆ្នាំ២០២១ខាងមុខនេះ។
ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា លោកច្រឹក សុខនីមបានមានប្រសាសន៍៍ឲ្យដឹងតាមទូរស័ព្ទនាព្រឹកថ្ងៃទី២៨ ខែធ្នូនថា ចាប់ពីសប្តាហ៍មុនមក យើងឃើញប្រជាពលរដ្ឋបានចាប់ផ្តើមសកម្មភាព ដើរហើរ និងសកម្មភាពទិញលក់អចលនទ្រព្យបានកើនឡើងវិញបណ្តើរៗហើយ ខណៈតំបន់ជាយក្រុងមានសកម្មភាពផុសផុលជាងគេ។
លោកបន្តថា “អចលនទ្រព្យ ពិសេសដីធ្លីនឹងកើនឡើងរយៈពេល៥ឆ្នាំទៀត ដោយតម្លៃដីធ្លីក្នុងក្រុងនឹងកើនឡើង១គុណនឹង៥ នៅតំបន់ជាយក្រុងនឹងកើនឡើង១គុណនឹងបី និងតំបន់តាមបណ្តាខេត្តនានានឹងកើនឡើងមួយគុណនឹងបី”។លោកបន្តថា “និន្នាការនេះ គាំទ្រដោយសូចនាករមួយចំនួនដូចជា ការរើតំបន់ឧស្សាហកម្មចេញពីទីក្រុង ទៅកាន់តំបន់ជាយក្រុង ពិសេសនៅក្នុងខេត្តកណ្តាល និងកំពង់ស្ពឺ”។
លោក ច្រឹក សុខនីម បានបន្តថា ដីនៅតាមបណ្តាខេត្ត និងតំបន់ជាយក្រុង នៅមានតម្លៃទាបនៅឡើយ ដែលមានឳកាសឡើងបន្តទៀត ព្រោះតម្លៃបច្ចុប្បន្នឡើងមិនទាន់ដល់កម្រិតនោះទេ។លោកបន្តថា សក្តានុពលនៅតាមបណ្តាខេត្ត ទាមទារឲ្យមានការវិនិយោគច្រើន ពិសេសវិនិយោគិនក្នុងស្រុក ដើម្បីធ្វើឲ្យតម្លៃសេដ្ឋកិច្ច និងសកម្មភាពសេដ្ឋកិច្ចនៅតាមបណ្តាខេត្តមានភាពរីកចម្រើនលឿន។
លោកបន្តថា បើធៀបតម្លៃអចលនទ្រព្យកម្ពុជា ជាមួយនឹងប្រាក់ចំណូលសំរាប់ប្រជាជនម្នាក់ក្នុងមួយឆ្នាំ គឺខុសគ្នាឆ្ងាយណាស់ ប៉ុន្តែអ្វីដែលគេវាស់ គឺសេដ្ឋកិច្ចកម្ពុជា ជាសេដ្ឋកិច្ចទីផ្សាសេរី ហេតុនេះយើងត្រូវធៀបកម្ពុជាជាមួយបណ្តាប្រទេសក្នុងតំបន់ ដូច្នេះការកើនឡើងតម្លៃអចលនទ្រព្យ គឺនៅមានកម្រិត បើធៀបតម្លៃជាមួយប្រទេសក្នុងតំបន់៕