ប្រែសម្រួល : កញ្ញាដាលីស/ដេត្រយ ៖ នៅពេលដែលលោកអង់ដ្រេ អាវើរីបើកឡានដឹកទំនិញរបស់គាត់ឆ្លងកាត់ទីក្រុងដេត្រយ គាត់តែងទុកកាំភ្លើងខ្លីមួយដើមជាប់ខ្លួនជានិច្ច។
លោកអាវើរីអាយុ ៥៧ ឆ្នាំបានធំធាត់ឡើងនៅក្នុងទីក្រុងផលិតយានយន្តមួយនេះ ហើយដឹងថាអំពើមនុស្សឃាតនិងការបាញ់ប្រហារកំពុងតែកើនឡើងបើទោះបីមុនពេលមានជំងឺរាតត្បាតករណីទាំងនេះបានធ្លាក់ចុះនៅដេត្រយនិងកន្លែងផ្សេងទៀតក៏ដោយ។ កាំភ្លើងរបស់គាត់គឺស្របច្បាប់ហើយគាត់កាន់វាជាមួយគាត់ដើម្បីការពារខ្លួន។
លោកអាវើរីដែលបច្ចុប្បន្នរស់នៅទីក្រុងបេឡេវីលនៅក្បែរទីក្រុងដេត្រយបាននិយាយថា “ខ្ញុំនៅតែប្រុងប្រយ័ត្នខ្ពស់បំផុត។ ខ្ញុំមិននៅក្នុងហ្វូងមនុស្សទេ។ ប្រសិនបើអ្វីមួយមើលទៅគួរឱ្យសង្ស័យ ខ្ញុំនឹងចេញពីទីនោះ”។
នៅក្រុងដេត្រយ ទីក្រុងឈីកាហ្គោ ទីក្រុងញូវយ៉ក ទីក្រុងហ្វីឡាដែលហ្វៀ និង សូម្បីទីក្រុងតូចជាងដូចជា ហ្គ្រែនរ៉ាភីត មីស៊ីហ្គែន និងមីលវ៉ូគីឆ្នាំ២០២០គឺជាឆ្នាំមរណាមិនត្រឹមតែដោយសារជំងឺរាតត្បាតប៉ុណ្ណោះទេប៉ុន្តែថែមទាំងដោយសារអំពើហិង្សាដោយកាំភ្លើងដែលកំពុងកើនឡើងយ៉ាងខ្លាំង។
អាជ្ញាធរនិងអ្នកជំនាញមួយចំនួននិយាយថាមិនមានមូលហេតុច្បាស់លាស់ណាមួយសម្រាប់ការកើនឡើងការបាញ់បោះនោះទេ។ ផ្ទុយមកវិញពួកគេបានចង្អុលទៅលើភាពចលាចលសង្គមនិងសេដ្ឋកិច្ចដែលបណ្តាលមកពីកូវីដ១៩ អារម្មណ៍ក្តៅក្រហាយរបស់ប្រជាជនចំពោះប៉ូលិសបន្ទាប់ពីមរណភាពរបស់លោកចច ផ្លយក្នុងការឃុំឃាំងរបស់ប៉ូលិសក្រុងមីននីប៉ូលីសនិងកង្វះខាតការងារនិងធនធានជាប្រវត្តិសាស្ត្រនៅក្នុងសហគមន៍ក្រីក្រ ជាកត្តាចូលរួមចំណែក។ ការបាញ់ប្រហារកើតឡើងនៅក្នុងទីក្រុងធំតូចទាំងអស់ដែលគ្រប់គ្រងដោយបក្សប្រជាធិបតេយ្យនិងបក្សសាធារណរដ្ឋ។
កាលពី ២ ឆ្នាំមុនក្រុងដេត្រយមានករណីឃាតកម្ម ២៦១ ដែលជាចំនួនតិចបំផុតក្នុងរយៈពេលប៉ុន្មានទសវត្សរ៍មកនេះ។ នៅឆ្នាំនោះមានការបាញ់ប្រហារមិនបណ្តាលឱ្យស្លាប់ប្រហែល ៧៥០លើកនៅក្នុងទីក្រុងដែលមានមនុស្សចំនួនជាង ៦៧២.០០០ នាក់នេះ។
ប៉ុន្តែខណៈសល់ប៉ុន្មានថ្ងៃទៀតនឹងផុតឆ្នាំ២០២០ ករណីឃាតកម្មបានកើនឡើងដល់ ៣០០ ខណៈការបាញ់ប្រហារមិនបណ្តាលឱ្យស្លាប់បានកើនឡើងជាង៥០ភាគរយ គឺ ១.១២៤ ករណីគិតត្រឹមពាក់កណ្តាលខែធ្នូឆ្នាំ២០២០៕
ការបាញ់បោះនិងអំពើឃាតកម្មកំពុងកើនឡើងនៅគ្រប់ទីក្រុងទាំងអស់នៅអាម៉េរិក