ដោយ:វណ្ណះ/ព្រះសីហនុ: លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានឲ្យបណ្តាញផ្សព្វផ្សាយដឹងថា កាលពីយប់ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ នេះមានបុរសជនជាតិចិនម្នាក់ បានមកដាក់ពាក្យបណ្តឹងថាកាល ពីវេលាម៉ោង១៨ និង០០នាទី ថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ២០២០ មានជនសង្ស័យចំនួន ០៤នាក់ មិនស្គាល់អត្តសញ្ញាណ ជិះម៉ូតូ០២គ្រឿង មិនស្គាល់ម៉ាក បានធ្វើសកម្មភាពឆក់កាបូបលុយរបស់គាត់ ពេលដែលគាត់កំពុងដើរតាមផ្លូវជាមួយមិត្តភក្តិនៅមុខផ្សារទំនើប cdf អូរឈើទាល ស្ថិតនៅ ភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ហើយនៅក្នុងកាបូបលុយរបស់គាត់មានលុយ ៨,០០០$ (ប្រាំបីពាន់ដុល្លារអាមេរិក) ។
បន្ទាប់ពីទទួលបានបណ្តឹងរបស់ជនរងគ្រោះភ្លាម កម្លាំងជំនាញផែនការងារនគរបាលព្រហ្មទណ្ឌ បានធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់រហូតចាប់ខ្លួនបានជនសង្ស័យព្រមទាំងបក្ខពួកជាបន្តបន្ទាប់សរុបចំនួន ០៨នាក់ (ស្រី១)៕