ដោយៈវណ្ណះ/ព្រះសីហនុៈ មន្ត្រីផ្លូវការខេត្តព្រះសីហនុថ្លែងប្រាប់រស្មីកម្ពុជា នៅរសៀលថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២០ថា ក្នុងពិធីបុណ្យឆ្លងឆ្នាំសកល២០២០ ឆ្លងចូល ២០២១ប៉ុន្មានថ្ងៃទៀតនេះ រដ្ឋបាលខេត្តព្រះសីហនុ មិនមានគម្រោងរៀបចំកម្មវិធីកំសាន្ត ដោយមានការប្រមូលផ្តុំ ដូចជាការប្រគុំតន្ត្រី ឬការតាំងពិព័រណ៍ ដូចបណ្តាឆ្នាំកន្លងទៅឡើយ ដើម្បីបង្ការពីជំងឺកូវីដ-19។
ទោះជាយ៉ាងនេះ ការរៀបចំកន្លែងកំសាន្តទទួលអ្នកទេសចរណ៍ ដូចជាតំបន់ឆ្នេរ កោះ និងរមណីយដ្ឋានធម្មជាតិក្នុងខេត្ត នៅមានលក្ខណះជាធម្មតា ក្នុងនោះមន្ត្រីបានចុះអប់រំអ្នកលក់ដូរ និងអ្នកមើលការខុសត្រូវ តាមទីតាំងកំសាន្តនានា ឲ្យរៀបចំពីវិធានការ បង្ការជំងឺកូវីដ-19 ជាចាំបាច់។
ក្រៅពីនេះ កម្លាំងចម្រុះគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានត្រៀមបម្រុងកម្លាំងសម្រាប់ការរក្សាសន្តិសុខសណ្តាប់ធ្នាប់ទូទៅ ជូនពលរដ្ឋ និងអ្នកទេសចរណ៍ដែលមកលេងកំសាន្តខេត្តព្រះសីហនុថ្ងៃឆ្លងឆ្នាំសកលនេះផងដែរ៕