ដោយៈ មេក វិន អ្នកស្រាវជ្រាវនៃមជ្ឈមណ្ឌលសន្តិភាពអន្លង់វែង/ភ្នំពេញៈហ៊ុយ យាន មានអាយុ៦២ឆ្នាំ មានទីកន្លែងកំណើតនៅភូមិត្នោតជុំ ឃុំត្នោតជុំ ស្រុកបារាយណ៍ ខេត្តកំពង់ធំ។ យាន បានរៀបរាបពីដំណើរជីវិតតស៊ូរបស់ខ្លួនថា «នៅក្នុងឆ្នាំ១៩៧០ ខ្ញុំបានបោះបង់ការសិក្សានៅត្រឹមថ្នាក់ទី៨ ដោយសារតែប្រទេសចាប់ផ្តើមធ្លាក់ក្នុងសង្គ្រាម។ ក្នុងចន្លោះឆ្នាំ១៩៧០-១៩៧៣ ខ្ញុំរស់នៅស្រុកកំណើត និងជួយធ្វើស្រែចម្ការឪពុកម្ដាយរបស់ខ្ញុំ។ លុះដល់ឆ្នាំ១៩៧៤ ខ្ញុំបានសម្រេចចិត្តចូលបម្រើការងារជាកងទ័ពនារីរបស់ខ្មែរក្រហម ដែលត្រូវចល័តទៅគ្រប់ទីកន្លែង។ ចាប់តាំងពីពេលនោះមកខ្ញុំត្រូវបែកឆ្ងាយពីគ្រួសារ។ ជារៀងរាល់ថ្ងៃ ខ្ញុំត្រូវក្រោកពីព្រលឹមដើម្បីទៅកាប់ដីចម្ការដាំដំណាំ ស្ទូង និងច្រូតស្រូវ ចំណែកការហូបចុកមិនខ្វះខាតទេនៅពេលនោះ។ មិនយូរប៉ុន្មាន ខ្ញុំទទួលបានការបង្ហាត់បង្រៀនពីវិធីសាស្ត្រធ្វើសឹកសង្គ្រាម។
រូបថតៈហ៊ុយ យាន មានអាយុ៦២ឆ្នាំ មានស្រុកកំណើតនៅភូមិត្នោតជុំ ឃុំត្នោតជុំ ស្រុកបារាយណ៍ ខេត្តកំពង់ធំ។ ហ៊ុយ យាន បានផ្តល់បទសម្ភាសន៍អំពីជីវិតរបស់គាត់ជាយុទ្ធនារីរបស់ខ្មែរក្រហម ដែលត្រូវចល័តទៅគ្រប់ទីកន្លែង រហូតមកដល់ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។(មេក វិន/មជ្ឈមណ្ឌលឯកសារកម្ពុជា)
លុះដល់ឆ្នាំ១៩៧៥ ខ្ញុំត្រូវបានខ្មែរក្រហមបញ្ជូនទៅនៅទួលគោក នៅពេលដែលយោធាខ្មែរក្រហមវាយរំដោះបានទីក្រុងភ្នំពេញ។ បន្ទាប់មក កងពល៩២០របស់ខ្ញុំ ត្រូវបានផ្លាស់ឲ្យទៅឈរជើងនៅមណ្ឌលគិរីវិញ។ នៅទីនោះខ្មែរក្រហមបានប្រើឲ្យខ្ញុំធ្វើស្រែ និងធ្វើចម្ការរហូតដល់ឆ្នាំ១៩៧៩។ ការរស់នៅទីនោះហាក់ដូចជាមានភាពល្អប្រសើរ ហើយការហូបចុករបស់ខ្ញុំទទួលបានរបបអាហារក្នុងមួយថ្ងៃបីពេល។ ការរស់នៅរបស់ខ្ញុំគឺត្រូវមានវិន័យ និង ទម្លាប់ល្អ ហើយក៏មិនមានការវាយធ្វើបាប ឬចាប់បង្ខំដែរ។
នៅដើមឆ្នាំ១៩៧៩ កងទ័ពវៀតណាមបានវាយលុកចូលមកខេត្តមណ្ឌលគិរី។ ខ្ញុំចាំបានថា កាលណោះកងពល៩២០របស់ខ្ញុំ មានកម្លាំងជាង៣០០នាក់ រួមជាមួយប្រជាជនជាច្រើននាក់ទៀតដែលបានភៀសខ្លួនចូលទៅក្នុងព្រៃ។ យើងបានបន្តរស់នៅក្នុងព្រៃដោយគ្មានអាហារហូបចុកគ្រប់គ្រាន់។ ជារៀងរាល់ថ្ងៃយើងតែងតែនាំគ្នាដើររកដំឡូងព្រៃដើម្បីបរិភោគហើយសូម្បីតែអំបិលក៏គ្មានហូបដែរ។ ជីវិតរបស់ខ្ញុំគឺពិតជាវេទនាខ្លាំងណាស់រយៈពេលដែលរស់នៅក្នុងព្រៃ។
នៅឆ្នាំ១៩៨០ តាទេម បានចាត់កងកម្លាំងឲ្យមកទទួលប្រជាជនដែលរស់នៅក្នុងព្រៃស្ថិតនៅខេត្តមណ្ឌលគិរីទាំងអស់ឲ្យមករស់នៅលើភ្នំដងរែក។ កងកម្លាំងរបស់ តាទេម បាននិយាយថា លុះត្រា បងប្អូន ពុក ម៉ែ រួមទាំងប្រជាជនទាំងអស់ព្រមទៅរស់នៅលើភ្នំដងរែកទើបបងប្អូនមានសុវត្តិភាព មានបាយហូប និងរួចផុតពីការគំរាមកំហែងពីកងទ័ពវៀតណាម។ ខ្ញុំរួមជាមួយប្រជាជនជាច្រើននាក់ទៀតបានសម្រេចចិត្តធ្វើដំណើរទៅតាមកងកម្លាំងរបស់ តាទេម ទៅរស់នៅលើភ្នំដងរែក។
ខ្ញុំបានចំណាយពេល២ខែធ្វើដំណើរទើបទៅដល់ភ្នំដងរែក។ ការធ្វើដំណើររបស់ខ្ញុំបានប្រឈមនឹងគ្រោះថ្នាក់ជាច្រើនព្រោះកងទ័ពវៀតណាមចាំវាយប្រហារមកលើកងកម្លាំងរបស់ តាទេម និងប្រជាជនដែលរួមដំណើរទាំងនោះ។ ប្រជាជនមួយភាគតូចដែលបានរួមដំណើរឆ្ពោះទៅកាន់តំបន់ភ្នំដងរែក ត្រូវបានស្លាប់ដោយសារការវាយប្រហារពីកងទ័ពវៀតណាម។ ខ្ញុំចាំបានថា កាលណោះ ប្រសិនបើមានអ្នកស្លាប់នៅតាមផ្លូវដែលកំពុងធ្វើដំណើរ សាកសពទាំងនោះត្រូវទុកចោលដោយសារខ្លាចកងទ័ពវៀតណាមមកទាន់ ហើយម្យ៉ាងទៀតកម្លាំងម្នាក់ៗក៏កាន់តែខ្សោយទៅៗដោយសារការហូបចុកមិនគ្រប់គ្រាន់។
នៅតាមផ្លូវខ្ញុំបានរស់ជីវិតដោយសារការហូបដំឡូងព្រៃ។ មិនយូរប៉ុន្មានខ្ញុំ និងប្រជាជនដែលនៅសេសសល់ បានបន្តដំណើរកាត់តាមខេត្តព្រះវិហារទៅដល់ភ្នំដងរែកដោយសុវត្តិភាព។ ខ្ញុំរស់នៅច្រក១០០១ ដែលស្ថិតនៅក្រោមការគ្រប់គ្រង់របស់ សុន សេន។ ខ្ញុំពិតជាមានសេចក្តីរីករាយយ៉ាងខ្លាំងហាក់ដូចបានកើតជាថ្មីម្ដងទៀត។ ខ្ញុំទទួលបានរបបអាហារជារៀងរាល់អាទិត្យ និងបានហូបចុកគ្រប់គ្រាន់ ព្រមទាំងមានពេទ្យចាំព្យាបាលអ្នកជំងឺ។
នៅទីនោះ ខ្ញុំត្រូវដឹកជញ្ជូនគ្រាប់ និងអង្ករ ទៅផ្តល់ឲ្យយោធាខ្មែរក្រហមនៅខាងក្រោមភ្នំ។ ខ្ញុំធ្វើការនៅកងដឹកជញ្ជូននៅតំបន់១០០១ រហូតដល់ឆ្នាំ១៩៨៥ ក៏មានគ្រួសារ ដោយប្ដីរបស់ខ្ញុំគឺជាយោធាក្រោមការដឹកនាំរបស់ សុន សេន។ ចាប់តាំងពីពេលនោះមកខ្ញុំឈប់នៅកងដឹកជញ្ជូនទៀតហើយ គឺខ្ញុំរស់នៅជាប្រជាជន ប្រកបរបរធ្វើស្រែ ដាំដំណាំបន្តិចបន្តួចទុកសម្រាប់ហូបក្នុងគ្រួសារ។ សុន សេន បានជួយឧត្ថម្ភ អង្ករ អំបិល ប៊ីចេង ត្រីខ នំចំណី សម្រាប់ហូបគ្រប់គ្រាន់។
មិនយូរប៉ុន្មានកងទ័ពវៀតណាមបានវាយចូលមកដល់ច្រក១០០១។ ខ្ញុំនិងប្តីបានសម្រេចចិត្តចាកចេញពីច្រក១០០១ ទៅរស់ជំរំអូត្រាវវិញ។ បន្ទាប់មក ខ្ញុំនិងប្រជាជនផ្សេងទៀតបានសម្រេចចិត្តចុះមករស់នៅតំបន់អន្លង់វែង ដែលពីមុនគឺភូមិចម្ការចេក ហើយបច្ចុប្បន្នប្តូរឈ្មោះមកភូមិសន្តិភាពវិញ។ ខ្ញុំចាំបានថា នៅក្នុងឆ្នាំ១៩៩១ នៅតំបន់អន្លង់វែងមិនទាន់មានអ្នកលក់ដូរទំនិញ និងមិនទាន់អនុញ្ញាតឲ្យចាយលុយទេ គឺប្រជាជនត្រូវបើកស្បៀងអាហារពីខ្មែរក្រហម។ មួយរយៈក្រោយមក កងទ័ពវៀតណាមបានវាយកាន់កាប់តំបន់អន្លង់វែង ខ្ញុំនិងគ្រួសាររបស់ខ្ញុំបានគេចខ្លួនទៅរស់នៅតំបន់ផ្សេងៗក្នុងស្រុកអន្លង់វែង។ រហូតដល់ឆ្នាំ១៩៩៧ បានខ្ញុំបានរត់ភៀសខ្លួនទៅនៅជំរំភូណយ ក្នុងទឹកដីថៃ។ តាម៉ុក គឺជាអ្នកគ្រប់គ្រង និងជាអ្នកផ្គត់ផ្គង់ស្បៀងអាហារដល់ប្រជាជននៅជំរំ។ នៅទីនោះ ប្រជាជនចាប់ផ្ដើមចាយលុយ ដូច្នេះខ្ញុំបានដើរទិញស្បូវដើម្បីក្រងលក់ឲ្យឈ្មួញថៃក្នុងតំម្លៃសមរម្យ។ ខ្ញុំរស់នៅជំរំភូណយបានរយៈពេលមួយឆ្នាំ។ នៅឆ្នាំ១៩៩៨ តាម៉ុក បានអនុញ្ញាតឲ្យប្រជាជនចុះមករស់នៅស្រុកអន្លង់វែងវិញ ដោយឲ្យទៅនៅតាមភូមិចាស់ពីមុនមក។ ចាប់តាំងពីពេលនោះមកប្រជាជនទាំងអស់ដែលចុះមកពីជំរំភូណយ បានចាប់ផ្ដើមធ្វើផ្ទះថ្មី រៀបចំរានដីធ្លីធ្វើស្រែ ចម្ការ ដាំដំណាំ ចិញ្ចឹមគោ ក្របី សម្រាប់ផ្គត់ផ្គង់ជីវិតប្រចាំថ្ងៃរៀងៗខ្លូន៕សរន