ប្រែសម្រួលៈវាសនា/បាងកក៖ក្រសួងមហាផ្ទៃថៃ កំពុងស្វះស្វែងសុំការអនុម័តពីគណៈរដ្ឋមន្ត្រីដើម្បីអនុញ្ញាតអោយកម្មករចំណាកស្រុកខុសច្បាប់មកពីប្រទេសកម្ពុជា ឡាវ និងមីយ៉ាន់ម៉ា ប្រមាណ១លាននាក់ទៅចុះឈ្មោះសុំធ្វើការដោយស្របច្បាប់ ក្នុងបំណងជួយទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ នេះបើតាមប្រភពព័ត៌មានមួយចេញពីក្រសួង។
គេរំពឹងថាក្រសួងនឹងស្នើសុំការអនុម័តផែនការនេះពីគណៈរដ្ឋមន្ត្រីនៅក្នុងជំនួបប្រចាំសប្តាហ៍នៅថ្ងៃអង្គារទី២៩ធ្នូនេះ។
បើសិនជាវាត្រូវគណៈរដ្ឋមន្ត្រីអនុម័ត ក្រសួងនឹងយកវគ្គទី១៧នៃច្បាប់អន្តោប្រវេសន៍មកប្រើដើម្បីធ្វើការចុះឈ្មោះកម្មករចំណាកស្រុកខុសច្បាប់មកពីប្រទេសក្បែរខាង។
តាមពិតថៃមានកម្មករចំណាកស្រុកស្របច្បាប់ពី២,៣ទៅ២,៥លានាក់នៅថៃ នៅពេលប្រមាណ១លាននាក់ទៀតកំពុងរស់នៅឬធ្វើការដោយខុសច្បាប់នៅក្នុងប្រទេសនេះ។
ប្រភពព័ត៌មានបាននិយាយថា ផែនការស្នើឡើងនេះអនុវត្តតែលើជនចំណាកស្រុកទៅពីកម្ពុជា ឡាវ និងមីយ៉ាន់ម៉ា ដែលចូលថៃមុនថ្ងៃ២៩ធ្នូ ឆ្នាំ២០២០នេះ ហើយជនណាដែលចូលក្រោយថ្ងៃនេះនឹងមិនទទួលបានការលើកលែងឬ បន្ធូរបន្ថយទេ។
ប្រភពព័ត៌មានបានបន្ថែមថា ចំណាត់ការនេះមានបំណងជួយរដ្ឋាភិបាលតាមដានកម្មករពលករចំណាកស្រុកខុសច្បាប់នៅក្នុងប្រទេសថៃ ដើម្បីអោយពួកគេចូលរួមក្នុងផែនការគ្រប់គ្រងជំងឺរបស់រដ្ឋ។
ពួកអ្នកជំនាញនិយាយថា ជនចំណាកស្រុកគ្មានឯកសារជាឧបសគ្គធំក្នុងការទប់ស្កាត់ការឆ្លងរាលដាលជំងឺនៅថៃ។ ក្រោយចុះបញ្ជី ពួកកម្មករដែលមានថៅកែអាចបន្តធ្វើការជាមួយថៅកែដដែលហើយអ្នកដែលមិនទាន់មានការងារធ្វើ រដ្ឋនឹងជួយរកការងារនិងនិយោជកអោយពួកគេ។
សំខាន់ ក្នុងផ្នែកនៃផែនការចុះឈ្មោះនេះ ពួកកម្មករចំណាកស្រុកនឹងត្រូវធ្វើតេស្តិ៍រកវីរុសកូរ៉ូណានិងនៅក្រោមច្បាប់គ្រប់គ្រងវីរុសតឹងរឹង៕