វេជ្ជបណ្ឌិត​សុំទោស​តារា​សម្តែង​ហាន យ៉េ​សូល ចំពោះ​កំហុស​បច្ចេកទេស​ក្នុង​ការវះកាត់​បណ្តាលឱ្យ​ខូច​ស្បែ​កនាង

947
ចែករម្លែក

​វេជ្ជបណ្ឌិត​មួយរូប ដែល​បាន​វះកាត់​យក​ដកចេញ​នូវ​ដុំ​ពក​ខ្លាញ់​ចេញពី​ស្បែក​របស់​តារា​សម្តែង ហាន យ៉េ​សូល បាន​សុំទោស​ចំពោះ​ការវះកាត់​ខុស​បច្ចេកទេស នៅក្នុង​បទសម្ភាសន៍​មួយ បង្ហោះ​ទៅកាន់​បណ្តាញ YouTube កាលពី​ថ្ងៃ​សៅរ៍ ទី​២១ មេសា​។​

​វេជ្ជបណ្ឌិត លី ជី យុន នៃ​មជ្ឈមណ្ឌល​វេជ្ជសាស្ត្រ​ឆា (Cha Medical Center) នៅ​សង្កាត់​ហ្កាំ​ង​ណាំ បាន​សារភាពថា បានធ្វើឱ្យ​ខូច​ស្បែក​ខាងក្នុង ខណៈ​គាត់​វះកាត់​យក​ដុំ​ពក Lipoma ចេញ​។​

​ដុំ​ពក Lipoma គឺជា​ដុំ​សាច់​មិនមែន​មហារីក​នៃ​ជាលិកា​ខ្លាញ់​នៅក្រោម​ស្បែក​។​

​លោក​លី​និយាយថា “​វា​ងាយស្រួល​ក្នុង​ការយក​ដុំ​ពក​ចេញ ប្រសិនបើ​ការវះកាត់​ត្រូវបាន​ធ្វើឡើង​បាន​ត្រឹមត្រូវ​នៅ​ជុំវិញ​ដុំ​ពក Lipoma​។ ប៉ុន្តែ​ដោយ​យល់ថា នាង​ជា​តារា​សម្តែង ខ្ញុំ​បានស្នើ​ឱ្យ​វះ​វា​ចេញពី​ខាងក្រោម (​ដូច្នេះ​) នាង​អាច​គ្រប​បិតបាំង​ស្នាម​វះ​ជាមួយ​សម្លៀកបំពាក់​”​។ យោងតាម​លោក​លី​បានឱ្យដឹងថា កំហុស​នេះ​បានកើត​ឡើង នៅពេលដែល​កាំបិត​អេ​ឡិច​ត្រូ​និ​ច​កាត់​ដាច់​ជាលិកា​ស្បែក​ពីក្រោម ខណៈដែល​គាត់​កំពុង​យកចេញ​នូវ​ដុំ​ពក Lipoma​។​

​លោក​លី​ក៏បាន​បញ្ជាក់​ផងដែរ​ថា​លោក​មិនបាន​កាត់​យក​ជាលិកា​ស្បែក​ពី​ផ្នែក​ដទៃទៀត​នៃ​រាងកាយ​របស់​នាង​ហាន យ៉េ​សូល ឬ អ្នក​បរិច្ចាគ​ណា​ម្នាក់​ទេ ដើម្បី​ឆ្លើយតប​ទៅនឹង​ការសង្ស័យ​នាពេល​ថ្មីៗ​នេះ​។​

​ហាន យ៉េ​សូល ត្រូវបាន​គេ​បញ្ជូនទៅ​មន្ទីរពេទ្យ​ដែលមាន​ឯកទេស​ក្នុងការ​ស្តារ​ស្បែក​ឡើងវិញ​ដើម្បី​ព្យាបាល​និង​កាត់បន្ថយ​ស្នាមរបួស​របស់​នាង​។​

​លោក​លី​និយាយថា “​ខ្ញុំ​បានធ្វើការ​សម្រេចចិត្ត​ខុស​ហើយ​ខ្ញុំ​ពិតជា​សោកស្តាយ​ណាស់​។ ខ្ញុំ​ចង់​សុំ​អភ័យទោស​ដល់​នាង ហាន យ៉េ​សូល ម្តងទៀត​”​។​

​មជ្ឈមណ្ឌល​វេជ្ជសាស្ត្រ​ឆា​បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ដែល​បានចេញ​ផ្សាយ​កាលពី​ថ្ងៃ​សៅរ៍​ទី​២១​មេសា​ថា ខ្លួន​នឹង​ផ្តល់​សំណង​ដល់​តារា​សម្តែង​រូបនេះ​ចំពោះ​ការប្រព្រឹត្ត​ខុសឆ្គង​ខាង​វេជ្ជសាស្ត្រ​៕ ដោយ៖ កញ្ញាដាលីស

នាង ហាន យ៉េ​សូល