Home ព័ត៌មានជាតិ សន្តិសុខ តុលាការ កោះហៅ...

តុលាការ កោះហៅមន្រ្តីនគរបាល ពីររូប មកសាកសួរករណី ប៉ុនប៉ងមនុស្សឃាត ដោយចេតនា

ដោយៈ សរិទ្ធ / រតនគិរីៈ លោក រ៉ា បូរ៉ាន់ឌី ព្រះរាជអាជ្ញារង អមសាលាដំបូង ខេត្តរតនគិរី បានទទួលបន្ទុកចាត់ការសំណុំរឿង មន្ត្រីនគរបាលព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋាននគបាល ខេត្តរតនគិរីម្នាក់ ប្តឹងអធិការរងនគរបាលស្រុកអូរជុំ នៃស្នងការដ្ឋាននគបាល ខេត្តរតនគិរី ពីបទប៉ុនប៉ងមនុស្សឃាត ដោយចេតនា ដែលសាម៉ីខ្លួន ប្តឹងផ្ទាល់ និងសំណុំរឿង ដែលបញ្ជូនមកពី ស្នងការដ្ឋាននគបាល ខេត្តខេត្តរតនគិរី។

លោក រ៉ា បូរ៉ាន់ឌី ព្រះរាជអាជ្ញារង អមសាលាដំបូង ខេត្តរតនគិរី បានបញ្ជាក់ ប្រាប់រស្មីកម្ពុជា នៅព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ យ៉ាងខ្លីថាៈ លោកចាត់ការសំណុំរឿងនេះ តាមនីតិវិធីហើយ ពោលគឺ បានចេញដីកាកោះហៅ ដើមបណ្តឹង និងជនសង្ស័យ ឲ្យចូលមកតុលាការ ជាបន្តបន្ទាប់ ដើម្បីបំភ្លឺពីដំណើររឿងនេះ។

គួរបញ្ជាក់ថា ហេតុការណ៍នេះ បានកើតឡើង តាំងពីម៉ោង ១១និង៣០នាទី យប់ថ្ងៃ២០ ខែធ្នូ ឆ្នាំ២០២០ នៅចំណុចភូមិអភិវឌ្ឍន៍ សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី។ តែពាក្យបណ្តឹង បានដាក់ចូលមក អយ្យការអមសាលាដំបូងខេត្តរតនគិរី នៅរសៀល ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០។

សំណុំរឿងនេះ មានដើមបណ្តឹង ឈ្មោះ ហេង គោរព ភេទប្រុស អាយុ៣៦ឆ្នាំ រស់នៅភូមិជ្រី សង្កាត់យក្សឡោម ក្រុងបានលុង ខេត្តរតនគិរី ជាមន្ត្រីនគរបាល ព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋាននគបាល ខេត្តរតនគីរី។ ចំណែកជនសង្ស័យ ឈ្មោះ រុំ សារិទ្ធ ភេទប្រុស អាយុ៤៥ឆ្នាំ មានតួនាទីជា អធិការរងនគរបាល ស្រុកអូរជុំ ខេត្តរតនគិរី មានលំនៅ ភូមិតាស៊ុយ សង្កាត់កាចាញ ក្រុងបានលុង ខេត្តរតនគីរី។

ប្រភពមួយ បានបង្ហើបឲ្យដឹងថាៈ ក្នុងហេតុការណ៍បង្កទំនាស់ ពាក្យសម្តី រហូតឈានដល់ហិង្សា ដោយចេតនានោះ គឺផ្តើមចេញពីផឹកស៊ីជុំគ្នា នៅផ្ទះមិត្តភក្តិ និយាយរឿងគំនុំ យូរមកហើយ នាំឱ្យជនដៃដល់ មានកំហឹង ឈានទៅយកកំប៉ុងស្រាបៀរ មិនទាន់គាស់ មកគប់ទៅលើជនរងគ្រោះ មួយទំហឹង។

ពេលនោះ ជនរងគ្រោះ ស្ទុះហក់ទៅបំណងតប ត តែត្រូវជនដៃដល់ ចាប់បានកូនកាំបិត ស្ទុះចាក់ចំសៀតថ្កាខាងឆ្វេង បណ្តាលឱ្យបាក់ចុង ជាប់កប់ក្នុងសាច់ ហើយដួលទៅនឹងដី បាត់មាត់បាត់ក រួចក៏ត្រូវគេជួយឃាត់ទាញចេញរៀងៗខ្លួន និងបញ្ជូនទៅសង្គ្រោះភ្លាមៗដែរ ។ បន្ទាប់មក ជនរងគ្រោះ ត្រូវបានបញ្ជូនបន្ត ដល់មន្ទីរពេទ្យកាល់ម៉ែត ហើយត្រូវបានក្រុមគ្រូពេទ្យ វះកាត់រួចរាល់ នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២០ ហើយ៕/V-PC

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular