Home ព័ត៌មានជាតិ សង្គម ពលរដ្ឋខណ្ឌឫស្...

ពលរដ្ឋខណ្ឌឫស្សីកែវ សូមឱ្យអាជ្ញាធរ បង្កើនការពារសន្តិសុខ កសាងហេដ្ឋារចនាសម្ព័ន្ធ និងពន្លឿនការផ្តល់សេវាសាធារណៈ

ដោយៈ រ៉ាម៉ន / ភ្នំពេញៈ ប្រជាពលរដ្ឋ រស់នៅខណ្ឌឫស្សីកែវ បានសំណូមពរ ឲ្យអាជ្ញាធររាជធានីភ្នំពេញ ជួយលុបបំបាត់ ឲ្យអស់នូវការជួញដូរ និង ប្រើប្រាស់គ្រឿងញៀន ក្មេងទំនើង នៅក្នុងមូលដ្ឋាន និងជួយកសាងប្រព័ន្ធលូ ប្រឡាយ ផ្លូវ បញ្ហាការកកស្ទះចរាចរណ៍ ពន្លឿនការធ្វើសំបុត្រស្នាមផ្សេងៗ ពិសេសការធ្វើអត្ដញ្ញាណប័ណ្ណ សំបុត្រកំណើត ជាដើម។

ការសំណូមពរបែបនេះ របស់ប្រជាពលរដ្ឋ បានធ្វើឡើង នៅក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សា រាជធានីភ្នំពេញ ឆ្នាំ២០២០ នៅសាលាខណ្ឌឫស្សីកែវ នៅព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ នេះ ក្រោមអធិបតីភាព លោក ប៉ា សុជាតិវង្ស ប្រធានក្រុមប្រឹក្សា រាជធានី លោកស្រី កែវ សុខពិសី អភិបាលរងរាជធានី លោកជា ពិសី អភិបាលខណ្ឌឬស្សីកែវ និងលោកស្រី ទូច សារ៉ុម ប្រធានក្រុមការងារចុះជួយ ខណ្ឌឫស្សីកែវ ។

ប្រជាពលរដ្ឋ រស់នៅសង្កាត់ទួលសង្កែទី១ ក៏ដូចជា ប្រជាពលរដ្ឋ នៅសង្កាត់ផ្សេងទៀត បានលើកឡើង ស្រដៀងគ្នាថាៈ ការជួញដូរ ការប្រើប្រាស់គ្រឿងញៀន និងក្មេងទំនើង នៅតែជាបញ្ហាប្រឈម ដែលកំពុងកើតឡើង នៅក្នុងមូលដ្ឋាន។ ដូច្នេះពួកគាត់ ស្នើសុំអោយអាជ្ញាធរ ក៏ដូចជា កម្លាំងមានសមត្ថកិច្ច បង្ក្រាបអោយអស់ ដើម្បីបំបាត់ក្តីកង្វល់របស់ពួកគាត់។ ជាងនេះទៅទៀតប្រជាពលរដ្ឋក៏បានស្នើអោយអាជ្ញាធរជួយកសាងប្រព័ន្ធលូ ប្រឡាយ ផ្លូវ ដោយបញ្ហាការកកស្ទះចរាចរណ៏ និងពន្លឿនការធ្វើនៃការផ្តល់សេវា ជូនពួកគាត់ អោយបានលឿន និងមានតម្លាភាព។

ក្នុងឱកាសនោះ លោក ប៉ា សុជាតិវង្ស ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ បានបញ្ជាក់ថាៈ រដ្ឋបាលរាជធានីភ្នំពេញ បានទទួលនូវសំណើ សំណួរ និងសំណូមពរផ្ទាល់មាត់ និងលាយលក្ខណ៍អក្សរ របស់ប្រជាពលរដ្ឋជាច្រើន ដែលពាក់ព័ន្ធនឹងសន្តិសុខ សណ្តាប់ធ្នាប់សង្គម និងការអភិវឌ្ឍមូលដ្ឋាន នៅ តាមបណ្តាសង្កាត់ក្នុងខណ្ឌឫស្សីកែវ ជាច្រើនមកនេះ គឺជាមូលដ្ឋាន គ្រឹះ ដែលអាចយកជាការបាន នូវ ផែនការគម្រោងមេ ដើម្បីកសាងឯកសារគ្រឺះ សម្រាប់យកទៅដាក់ នៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ។ ជាមួយនោះដែរ ដើម្បីជាការឆ្លើយតប រដ្ឋបាលរាជធានីភ្នំពេញ និងមន្ទីរ អង្គភាពជុំវិញ រាជធានីភ្នំពេញ បានខិតខំអនុវត្ត ដោះស្រាយនូវរាល់បញ្ហា តាមសំណើ និងសំណូមពរ របស់ប្រជាពលរដ្ឋ ទាំងផ្ទាល់មាត់ និងលាយលក្ខណ៍អក្សរ តាមស្ថានភាព និងលទ្ធភាព ជាក់ស្តែង ដោយបានដោះស្រាយរួច ចំនួន ១១៦ បញ្ហា និងបានដាក់ចូលកម្មវិធីវិនិយោគ ៣ ឆ្នាំរំកិលរួច ចំនួន ៣ បញ្ហា និងនៅសល់បញ្ហាបន្ដិបន្ដួច មិនទាន់បានដោះស្រាយ។

ជាការឆ្លើយតបលោកស្រី កែវ សុខពិសី អភិបាលរង រាជធានីភ្នំពេញ បានបញ្ជាក់ថាៈ ចំពោះសំណើ និងសំណូមពរ ដែលបានអនុវត្ត ដូចជា ការស្ថាបនាផ្លូវ លូ និងសន្តិសុខ សណ្តាប់ធ្នាប់សង្គម ដោយសារការងារទាំងនោះ ស្ថិតនៅក្នុងគម្រោងផែនការឆ្នាំ និងជាសកម្មភាព កំពុងអនុវត្តជាប្រចាំរបស់ រដ្ឋបាលរាជធានីភ្នំពេញ និងមន្ទីរ, អង្គភាពជុំវិញ រាជធានីភ្នំពេញ។ ចំពោះសំណើ និងសំណូមពរ ដែលមិន ទាន់បាន ដោះស្រាយដូចជា ការដោះស្រាយបញ្ហា ទាក់ទងទៅនឹង ទឹក ភ្លើង បញ្ហាដីធ្លីការ ស្ថាបនាផ្លូវ លូ ស្ពាននៅតាមសង្កាត់នានា គឺដោយសារ បញ្ហាជំងឺ(COVID -១៩) ដែលជាបញ្ហាសកល បានកើតឡើងពាសពេញពិភពលោក។ ទន្ទឹមនឹងនេះ ប្រទេសកម្ពុជាយើង ក៏ទទួលរងនូវផលប៉ះពាល់ពីបញ្ហា (COVID-១៩) នេះដែរ ដែលធ្វើឱ្យប៉ះពាល់ ដល់សេដ្ឋកិច្ចជាតិ ដូចបណ្តាប្រទេសនានា លើពិភពលោកដែរ។ ដោយឡែក រដ្ឋបាលរាជធានីភ្នំពេញ ក៏មានផលប៉ះពាល់ លើបញ្ហាថវិកា ហិរញ្ញវត្ថុ ដែលចាំបាច់ត្រូវសន្សំសំចៃ ក្នុងកម្រិតខ្ពស់ ដើម្បីជួយដោះស្រាយ បញ្ហាចាំបាច់ចំពោះមុខ ជូនដល់បងប្អូនប្រជាពលរដ្ឋ កម្មករ កសិករ អាជីវករ ដែលបាន ទទួលរងនូវផលប៉ះពាល់ពី កូវីដ-១៩ នេះ ប្រសិនបើបញ្ហានេះ នៅតែបន្តអូសបន្លាយ មិនទាន់ដឹងពេលកំណត់ ។

លោកស្រី បានបន្ដថាៈ ទោះជាយ៉ាងនេះក៏ដោយ រដ្ឋបាលរាជធានីភ្នំពេញ ក៏កំពុងតែខិតខំទទួលយក សំណូមពរបងប្អូន មកដោះស្រាយ ជូនបានទាំងនោះ ដោយសហការជាមួយក្រសួង មន្ទីរ និងឬស្ថាប័ន នៃរាជរដ្ឋាភិបាល ដើម្បីដាក់បញ្ចូល ទៅក្នុងផែនការអភិវឌ្ឍន៍ ៥ឆ្នាំ និងកម្មវិធីវិនិយោគ ៣ ឆ្នាំរំកិល របស់រដ្ឋបាលរាជធានីភ្នំពេញ រដ្ឋបាលខណ្ឌ និងរដ្ឋបាលសង្កាត់។

លោកស្រី បានបន្ដថាៈ បញ្ហាមួយចំនួនទៀត ដែលមានគម្រោង និងថវិកា រួចហើយ មិនទាន់បានអនុវត្តនោះ នឹងត្រូវចាប់ផ្តើមអនុវត្ត បន្ទាប់ពីស្ថានភាពកូវីដ-១៩ ស្ងប់ស្ងាត់ទៅ ដើម្បីឆ្លើយតបតាមសេចក្តីត្រូវការ របស់ប្រជាពលរដ្ឋ នៅតាមមូលដ្ឋាន ឱ្យមានតម្លាភាព ប្រសិទ្ធភាព និងទាន់ពេលវេលា ៕/V-PC

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular