Home ព័ត៌មានជាតិ សង្គម មន្ត្រីសង្គមក...

មន្ត្រីសង្គមកិច្ចៈ កម្មវិធីឧបត្ថម្ភសាច់ប្រាក់ ទទួលបានជោគជ័យ លើសពីការរំពឹងទុក

ដោយៈ មេសា / ភ្នំពេញៈ លោក សំហេង បុរស រដ្ឋលេខាធិការ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិសម្បទា និង ជាប្រធានអនុគណៈកម្មការជំនួយសង្គម បានលើកឡើងពី ភាពជោគជ័យ នៃកម្មវិធីឧបត្ថម្ភសាច់ប្រាក់ ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ អំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ ១៩ ថាៈ “  ប្រាកដហើយ កម្មវិធីឧបត្ថម្ភសាច់ប្រាក់ ជូនគ្រួសារក្រីក្រ និង ងាយរងគ្រោះ អំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ ១៩ បានជួបប្រទះបញ្ហាជាច្រើន ។ ក៏ប៉ុន្តែរហូតមកដល់ពេលនេះ កម្មវិធី សម្រេចបានជោគជ័យ លើសពីការរំពឹងទុក ។ ជោគជ័យលើសពីការរំពឹងទុក ដោយហេតុថា កម្ពុជា ពុំធ្លាប់មានកម្មវិធីឧបត្ថម្ភសាច់ប្រាក់ ដែលមានទំហំធំធេង និង ទូលំទូលាយបែបនេះទេ ហើយពីដំបូង ថ្នាក់ដឹកនាំសំខាន់ៗ សុទ្ធតែបារម្ភខ្លាចថា ដំណើរការ នឹងមិនអាចទៅរួចឡើយ ។ ប៉ុន្តែឥឡូវនេះ កម្មវិធីដំណើរការ មកដល់ដំណាក់កាលមួយ ដែលជោគជ័យ ពោលគឺលទ្ធផលជាក់ស្តែង មិននឹកស្មាដល់ “ ។

លោក សំហេង បុរស បានថ្លែងប្រកបដោយ មោទកភាពបែបនេះ នៅក្នុងវគ្គបំប៉នសមត្ថភាពមន្ត្រីសង្គមកិច្ច ដែលផ្តោតលើដំណើរការ និងយន្តការអនុវត្តកម្មវិធី ក្នុងការប្រើប្រាស់ ប្រព័ន្ធបច្ចេកវិទ្យា គ្រប់គ្រងព័ត៌មាន នាថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ នេះ នៅឯទីស្តីការក្រសួងសង្គមកិច្ច ដែលវគ្គបំប៉នសមត្ថភាពនោះ ធ្វើឡើងសម្រាប់មន្ត្រី ដែលជាជនបង្គោល ផ្នែកសង្គមកិច្ច មកពី ២៥ រាជធានី ខេត្ត ហើយមន្ត្រីទាំងនោះ ក៏ជាជនបង្គោល នៃ  កម្មវិធីឧបត្ថម្ភសាច់ប្រាក់ ជូនគ្រួសារក្រីក្រ និង ងាយរងគ្រោះ អំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ ១៩ ដែរ ។

គប្បីរំឭកថា កម្មវិធីឧបត្ថម្ភសាច់ប្រាក់ ជូនគ្រួសារក្រីក្រ និង ងាយរងគ្រោះ អំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ ១៩ បានចាប់ផ្តើមដំណើរការ កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០ ហើយបច្ចុប្បន្ននេះ កំពុងស្ថិតនៅក្នុងដំណាក់កាល នៃខែទី៧ ដោយគិតជាមធ្យម ក្នុងមួយខែ កម្មវិធីចំណាយថវិកា អស់ ៣០ លានដុល្លារអាមេរិក ដោយមានអ្នកទទួលផលចាប់ពីជាង ៤០ ម៉ឺនគ្រួសារ រហូតដល់ ជាង ៧០ ម៉ឺនគ្រួសារក្នុងមួយខែ ។

ចំណែកលោក ឈួរ សុបញ្ញា ប្រធាននាយកដ្ឋានសុខុមាលភាពសង្គម នៃ ក្រសួងសង្គមកិច្ច បានលើកឡើងអំពីតួនាទី នៃ មន្ត្រីជាជនបង្គោលទាំងនោះថា ក្រៅតែពីកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និង ងាយរងគ្រោះអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ ១៩ ទៅ មន្ត្រីដែលជាជនបង្គោលទាំង ២៥ រាជធានី ខេត្ត នៅមានការងារជាច្រើនទៀតដែលធ្វើ ដូចជាកម្មវិធីឧបត្ថម្ភសាច់ប្រាក់ដល់ស្ត្រីមានផ្ទៃពោះ និង កុមារក្រោមអាយុ ២ ឆ្នាំ ក្នុងគ្រួសារក្រីក្រ និង ការងារនានា ពាក់ព័ន្ធនឹងសេវាង្គម ដូចជាកម្មវិធីមនុស្សចាស់ កម្មវិធីកុមារ និង កម្មវិធីជនពិការជាដើម ៕/V-PC

លោក សំហេង បុរស ថ្លែងនៅក្នុងវគ្គបំប៉នសមត្ថភាពមន្ត្រីសង្គមកិច្ច ( សំហេង បុរស ) រូបៈ មេសា

លោក ឈួរ សុបញ្ញា នាឱកាសផ្តល់បទសម្ភាសន៍ដល់អ្នកសារព័ត៌មាននៅក្នុងវគ្គបំប៉នសមត្ថភាពមន្ត្រីសង្គមកិច្ច ( ឈួរ សុបញ្ញា) រូបៈ មេសា

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular