Home ព័ត៌មានជាតិ សន្តិសុខ បើកកិច្ចប្រជុ...

បើកកិច្ចប្រជុំដាក់វិធានការ ពង្រឹងសន្តិសុខ លើការងារបង្ការទប់ស្កាត់ ក្រុមក្មេងទំនើង

ដោយៈ មុនីរ័ត្ន / ភ្នំពេញៈ លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង នគរបាលជាតិ និងជាស្នងការនគរបាល រាជធានីភ្នំពេញ នៅរសៀល ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២០ បានអញ្ជើញដឹកនាំកិច្ចប្រជុំ អនុវត្តការងារពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ដាក់ចេញនូវវិធានការបង្ការ ទប់ស្កាត់ និងបង្រ្កាបក្មេងទំនើង ដែលបង្កឱ្យប៉ះពាល់ សន្តិសុខសង្គម។

ក្រោយគេមើលឃើញថា សកម្មភាពក្រុមក្មេងទំនើង នៅក្នុងរាជធានីភ្នំពេញ ហាក់បីដូចជាកំរើកឡើងវិញ បន្ទាប់ពីរយៈពេលចុងក្រោយ គេមើលឃើញថា ក្មេងទំនើង បានធ្វើសកម្មភាព អំពើវាយតប់គ្នា និងឈានទៅធ្វើអំពើឆក់ប្លន់ យកទ្រព្យសម្បត្តិ ប្រជាពលរដ្ឋ។ ដូចជាករណីមានក្មេងទំនើង ១ក្រុម មានគ្នា ១០ នាក់ កាលពីយប់ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២០ នៅចំណុចផ្លូវសុធារស ភូមិ២ សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ បានធ្វើសកម្មភាព យកដាវសាំម៉ូរ៉ៃ កាប់ទៅលើជនរងគ្រោះ ២នាក់ ជិះម៉ូតូ ១គ្រឿងឌុបគ្នា បណ្តាលឱ្យរងរបួសយ៉ាងធ្ងន់ និងប្លន់យកម៉ូតូជនរងគ្រោះ ខណៈដែលជនរងគ្រោះ គ្រាន់តែជិះម៉ូតូ មើលមុខក្រុមជនសង្ស័យ។ ក្រោយពីធ្វើសកម្មភាពនោះភ្លាម ជនសង្ស័យ ២នាក់ ត្រូវបាននគរបាលប៉ុស្ថិ៍រដ្ឋបាលចតុមុខ បង្រ្កាបចាប់ខ្លួន ចំណែកបក្ខពួក ៨នាក់ទៀត រត់គេចខ្លួន សមត្ថកិច្ចកំពុងបន្តស្វែងរកចាប់ខ្លួន។

នៅក្នុងកិច្ចប្រជុំនេះ លោកស្នងការរង លោកនាយការិយាល័យ ជំនាញព្រហ្មទណ្ឌ និងលោកអធិការនគរបាលខណ្ឌមួយចំនួន ក៏បានលើកឡើង ពីបញ្ហាប្រឈម នៃការគ្រប់គ្រងមុខសញ្ញាក្មេងទំនើង និងពិភាក្សាដាក់ចេញ វិធានការគ្រប់គ្រង មុខសញ្ញាក្មេងទំនើង នៅក្នុងមូលដ្ឋាន ឱ្យបានជាក់លាក់ និងមានការទទួលខុសត្រូវខ្ពស់ នៅតាមបណ្តាអធិការដ្ឋាន នគរបាលខណ្ឌទាំង១៤។

លោក ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង នគរបាលជាតិ និងជាស្នងការនគរបាល រាជធានីភ្នំពេញ ក៏បានមានប្រសាសន៍ ជម្រុញឱ្យលោកអធិការ នៃអធិការដ្ឋាននគរបាល ខណ្ឌទាំង១៤ ត្រូវយកចិត្តទុកដាក់ខ្ពស់បំផុត ទៅលើការងារគ្រប់គ្រងមុខសញ្ញាក្មេងទំនើង និងដាក់បទបញ្ជា ឱ្យមានការទប់ស្កាត់ ក្មេងទំនើងនេះ ឱ្យមានប្រសិទ្ធភាព។ ក្នុងករណីក្មេងទំនើង បង្កជាបទល្មើសព្រហ្មទណ្ឌ ត្រូវយកទៅចាត់ការតាមផ្លូវច្បាប់ ដោយមិនគិតថា ក្មេងទំនើងនោះ ជាកូនអ្នកណានោះឡើយ។

លោកអគ្គស្នងការរង នគរបាលជាតិ និងជាស្នងការនគរបាល រាជធានីភ្នំពេញ ក៏បានណែនាំលោកស្នងការរង ទទួលផែនការងារសេនាធិការ និងលោកស្នងការរង ទទួលផែនការងារព្រហ្មទណ្ឌ ត្រូវចុះតាមដានត្រួតពិនិត្យ ពង្រឹងការងារ នៅតាមអធិការដ្ឋាននគរបាល ខណ្ឌទាំង១៤ ស្តីពីការគ្រប់គ្រង មុខសញ្ញាក្មេងទំនើង ឱ្យបានត្រឹមត្រូវ ចៀសវាងការធ្វើរបាយការណ៍ ភូតកុហក ពីមុខសញ្ញាក្មេងទំនើងនេះ។

ពាក់ព័ន្ធនឹងវិធានការបង្ការ ទប់ស្កាត់ និងបង្រ្កាបក្មេងទំនើង នៅក្នុងរាជធានីភ្នំពេញ បើយោងតាមរបាយការណ៍ របស់ស្នងការដ្ឋាននគរបាល រាជធានៅភ្នំពេញ រយៈពេល ១ឆ្នាំ គឺឆ្នាំ២០២០ កម្លាំងនគរបាលរាជធានីភ្នំពេញ បង្រ្កាបក្មេងទំនើង ៦៨១ ករណី ឃាត់ខ្លួន ១.០៣៩ នាក់ ក្នុងនោះ ពាក់ព័ន្ធនិងបទល្មើសព្រហ្មទណ្ឌ ៥០៦ ករណី និងករណីបង្កការអុកឡុក នៅក្នុងមូលដ្ឋាន ១៧៣ ករណី៕/V-PC

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular