ដោយស៊ា ថាំង/ភ្នំពេញ:កាលពីម្សិលមិញនៅទីស្ដីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុលោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការ គោលនយោបាយ សេដ្ឋកិច្ច និងហិរញ្ញវត្ថុ (គ.ស.ហ) បានដឹកនាំកិច្ចប្រជុំអន្តរក្រសួង ដើម្បីពិនិត្យ និងពិភាក្សាលើសំណើសុំគោលការណ៍អនុញ្ញាត“បង្កើតក្រុមហ៊ុនថ្នាលទូរទស្សន៍ ឌីជីថលថ្មី” ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំជាន់ខ្ពស់ក្រសួងព័ត៌មានក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និង ក្រសួង-ស្ថាប័នពាក់ព័ន្ធផ្សេងទៀត ។
មន្ត្រីនាំពាក្យក្រសួងសេដ្ឋកិច្ចបានប្រាប់ថាស្របតាមបរិបទនៃការវិវឌ្ឍជាក់ស្តែងនៃឌីជីថលូបនីយកម្មរបស់កម្ពុជា, កិច្ចប្រជុំនេះ មានគោលបំណងប្រមូលធាតុចូលបន្ថែម និងផ្លាស់ប្តូរទស្សនទាន ដើម្បីស្វែងយល់ពីស្ថានភាពបច្ចុប្បន្ន, វឌ្ឍនភាព និងបញ្ហាប្រឈមពាក់ព័ន្ធនឹងការផ្លាស់ប្តូរការផ្សាយទូរទស្សន៍ ពីប្រព័ន្ធអាណាឡូកទៅជាប្រព័ន្ធឌីជីថល ។ ហេតុនេះហើយអង្គប្រជុំ ក៏បានពិភាក្សាពីការគ្រប់គ្រងនិងការប្រើប្រាស់នូវបន្ទារហ្វ្រេកង់ស៍៧០០MHzដែលមានភាពបន្ស៊ីគ្នាទៅនឹងការបង្កើតថ្នាលទូរទស្សន៍ឌីជីថលថ្មីផងដែរ ។
កិច្ចប្រជុំក៏បានពិភាក្សាដែរលើចំណុចសំខាន់ៗចំនួនបួន រួមមាន ១. ការអនុវត្តផែនការផ្លាស់ប្តូរការផ្សាយទូរទស្សន៍ពីប្រព័ន្ធអាណាឡូក ទៅជាប្រព័ន្ធឌីជីថលឱ្យបានមុនឆ្នាំ ២០២៣, ២. ការគ្រប់គ្រងនូវការប្រើប្រាស់បន្ទារហ្វ្រេកង់ស៍ ៧០០ MHz ក្នុងវិស័យសោតទស្សន៍ រួមមានទូរទស្សន៍ឌីជីថល, ប្រព័ន្ធអ៊ីនធើណេត និងទូរស័ព្ទចល័ត, ៣. យន្តការគ្រប់គ្រង និងវិនិយោគ លើថ្នាលទូរទស្សន៍ឌីជីថលថ្មី និង ៤. ការធ្វើបច្ចុប្បន្នកម្មលើវឌ្ឍនភាពពាក់ព័ន្ធនឹងការរៀបចំ និងការគ្រប់គ្រងហេដ្ឋា-រចនាសម្ព័ន្ធប្រព័ន្ធឌីជីថលក្នុង រយៈពេលមធ្យម និងវែង ក៏ដូចជាពិភាក្សាពីលទ្ធភាព នៃការបង្កើតគំរូពាណិជ្ជកម្មសម្រាប់ ការវិនិយោគក្នុងវិស័យពាក់ព័ន្ធនឹងប្រព័ន្ធឌីជីថល ។
មន្ត្រីបានប្រាប់ថាជាលទ្ធផលចំពោះយន្តការគ្រប់គ្រង និងការវិនិយោគលើថ្នាលទូរទស្សន៍ឌីជីថលថ្មីអង្គប្រជុំបានពិនិត្យ ពិភាក្សា និងប្រៀបធៀបនូវជម្រើសយន្តការចំនួនបីផ្សេងគ្នារួមមានយន្តការគ្រប់គ្រងនិងវិនិយោគដោយវិស័យឯកជនទាំងស្រុង។យន្តការសហការចម្រុះរវាងវិស័យរដ្ឋ-ឯកជន និងយន្តការគ្រប់គ្រង និងវិនិយោគដោយរដ្ឋទាំងស្រុង ។
អង្គប្រជុំបានឯកភាពថា ការអភិវឌ្ឍ និងការគ្រប់គ្រងប្រព័ន្ធសោតទស្សន៍ ប្រកបដោយជោគជ័យគឺជាកិច្ចការដ៏មានសារសំខាន់ សម្រាប់ការអភិវឌ្ឍប្រទេសកម្ពុជាទាំងមូល ដែលការណ៍នេះមិនត្រឹមតែអាចជួយជំរុញវិស័យសេដ្ឋកិច្ចឱ្យមានភាពរីកចម្រើន តាមរយៈការបង្កើនភាពប្រកួតប្រជែង ដែលទ្រទ្រង់ដោយប្រព័ន្ធបច្ចេកវិទ្យាទំនើប និងការធ្វើពិពិធកម្មសេដ្ឋកិច្ចតែប៉ុណ្ណោះទេ ថែមទាំងអាចជួយលើកកម្ពស់យន្តការនៃការគ្រប់គ្រងទិន្នន័យ និងប្រព័ន្ធឃោសនាការក្នុងប្រទេស ក្នុងន័យធានាបាននូវសន្តិសុខជាតិ និងសុវត្ថិភាពសង្គម-សេដ្ឋកិច្ចប្រកបដោយប្រសិទ្ធភាពខ្ពស់ ។
លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី ប្រធានអង្គប្រជុំ បានថ្លែងអំណរគុណ និង វាយតម្លៃខ្ពស់ ដល់ក្រុមការងារ ដែលដឹកនាំដោយក្រសួងព័ត៌មាន, ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ដែល បាន ខិតខំសម្របសម្រួលការងារដ៏មានសារសំខាន់នេះ និងបានណែនាំឱ្យក្រុមការងាររៀបចំអនុសាសន៍ស្របតាមស្មារតីនៃអង្គប្រជុំដើម្បីបន្តនីតិវិធីគោរពស្នើសុំការអនុម័តពីប្រមុខរាជរដ្ឋាភិបាល ៕សរន