ដោយ: សរិទ្ធ / ភ្នំពេញ: ជនសង្ស័យចំនួន ០៥នាក់ ពាក់ព័ន្ធករណីឆបោក រំលោភលើទំនុកចិត្ត និងក្លែងបន្លំឯកសារសាធារណៈ នៅក្នុងរាជធានីភ្នំពេញ ចំនួន ០៤ ករណីបានត្រូវ កម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបញ្ជូនមកតុលាការនៅព្រឹកថ្ងៃទី២៩ខែធ្នូឆ្នាំ២០២០ដើម្បីចាត់ការតាមច្បាប់។
រហូតមកដល់រសៀលថ្ងៃដដែលនេះលោកឆាយ ហុង ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញកំពុងធ្វើការសាកសួរ។
ជនសង្ស័យចំនួន ០៥ នាក់នេះត្រូវកម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល រាជធានីភ្នំពេញសហការជាមួយអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ, ខណ្ឌជ្រោយចង្វា , ស្នងការដ្ឋាននគរបាល ខេត្តកណ្តាល និងស្នងការដ្ឋាននគរបាល ខេត្តបន្ទាយមានជ័យ ស្រាវជ្រាវឃាត់ខ្លួនបានជាបន្តបន្ទាប់នៅថ្ងៃទី១៩, ២២ និង២៣ ខែធ្នូឆ្នាំ២០២០។
លោក ប៊ុន សត្យានាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល រាជធានីភ្នំពេញបានបញ្ជាក់ថា ករណីទី១.ឆបោក ប្រាក់ចំនួន៧,៦៥០ ដុល្លារអាមេរិកតាមរូបភាពក្លែងបន្លំឯកសារសាធារណៈ និងសមគំនិតក្នុងអំពើក្លែងបន្លំឯកសារសាធារណៈ (បណ្ណ័សម្គាល់យានយន្ត ស្លាកលេខភ្នំពេញ ២J-៦០៦៧ គល់លតាបត្រលេខ៩៩០៦១១៦) ប្រព្រឹត្តនៅចំណុចម្តុំស្ថានីយប្រេងឥន្ធនៈPTT ផ្លូវលេខ១០៥ សង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញកាលពីថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង៨យប់ ដែលមានជនរងគ្រោះឈ្មោះ សេក សុភាស់ ភេទប្រុស អាយុ៤០ឆ្នាំ មានទីលំនៅផ្ទះជួល ផ្លូវបេតុងភូមិបាក់ទូក សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ មុខរបរ លក់រថយន្ត។
ករណីទី២.រំលោភលើទំនុកចិត្ត(យករថ យន្តម៉ាកតូយ៉ូតា ឡិចស៊ីស RX-៣៣០ ពណ៌ស ឆ្នាំផលិត២០០៤ លេខតួ ២៤០០១៩៥៧១ និងលេខម៉ាស៊ីន០០៣៤ ៣៩៦ ពាក់ស្លាកលេខភ្នំពេញ ២AO-០៣២៦) និងក្លែងបន្លំឯកសារសាធារណៈ(បណ្ណ័សម្គាល់យានយន្ត ពាក់ស្លាកលេខភ្នំពេញ ២AO-០៣២៦) ដែលប្រព្រឹត្តនៅចំណុចភោជនីយដ្ឋានមីហឹរ ផ្លូវជាតិលេខ៥ សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញកាលពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២០ ដែលមានជនរងគ្រោះឈ្មោះ ជឿង ចាន់ណា ភេទប្រុស អាយុ២៩ឆ្នាំ មានទីលំនៅផ្ទះជួលលេខ៧A ផ្លូវវេងស្រេង ភូមិដំណាក់ធំ៥ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបរ បុគ្គលិកក្រុមហ៊ុនបញ្ចាំ Takarajima Pawn Shop។
ករណីទី៣.រំលោភលើទំនុកចិត្ត (យករថយន្តម៉ាកតូយ៉ូតាព្រូស ពណ៌ទឹកប្រាក់ ឆ្នាំផលិត ២០០៥ លេខតួ ៥៣០៩៩៦៨៩ និងលេខម៉ាស៊ីន៣៧៥៧២៣៩ ពាក់ស្លាកលេខ ភ្នំពេញ២BJ-១២៦៥ ) និងក្លែងបន្លំឯកសារសាធារណៈ (បណ្ណ័សម្គាល់យានយន្ត ពាក់ស្លាកលេខភ្នំពេញ២BJ-១២៦៥) ប្រព្រឹត្តនៅចំណុចផ្ទះលេខ៩៨ ផ្លូវលេខA ភូមិភ្លូវផ្អែម សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ កាលពីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២០ ដែលមានជនរងគ្រោះឈ្មោះ វ៉ាត សុវណ្ណារី ភេទស្រី អាយុ៣២ ឆ្នាំ មានទីលំនៅផ្ទះលេខ៩៨ ផ្លូវលេខA ភូមិភ្លូវផ្អែម សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ មុខរបរ បុគ្គលិកក្រុមហ៊ុនពិនិត្យអីវ៉ាន់។
ករណីទី៤.រំលោភលើទំនុកចិត្ត (យករថយន្តម៉ាកតូយ៉ូតាធុនត្រា ពណ៌ស ឆ្នាំផលិត២០០៧ ពាក់ស្លាកលេខ ភ្នំពេញ២BC-៩៧៧១) និងក្លែងបន្លំឯកសារសាធារណៈ (បណ្ណ័សម្គាល់យានយន្ត ពាក់ស្លាកលេខភ្នំពេញ ២BC-៩៧៧១) ប្រព្រឹត្តនៅចំណុចនៅម៉ាតជិតរោងចក្រអគ្គិសនីផ្សារតូចសង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ កាលពីថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២០ ដែលមានជនរងគ្រោះឈ្មោះ ឯក ប៊ុនថា ភេទប្រុស អាយុ៣៨ ឆ្នាំ មុខរបរវិស្វករ ស្នាក់នៅផ្ទះលេខ៣៩៤ ផ្លូវលេខ២០០៤ ភូមិត្រពាំងល្វា សង្កាត់ចោមចៅ១ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។
បន្ទាប់ពីចាប់ខ្លួនជនសង្ស័យទាំង៥នាក់នេះ សមត្ថកិច្ចបានដកហូតមកវិញនូវភស្តុតាងមួយចំនួនថែមទៀតផង៕