សប្ដាហ៍​នេះ​បញ្ចប់​ជុំ​ទី​៣​ហើយ​

1398
ចែករម្លែក

ដោយ​: រ៉ូ​ហ្សា / ភ្នំពេញ​: ព្រឹត្តិការណ៍ TV5 Boxing Knock-Out Serie by K-Cement សម្រាប់​ជុំ​ទី​៣ នឹង​បញ្ចប់​នៅត្រឹម​ថ្ងៃទី​២៨​មេសា​នេះហើយ​។​

​អ្នក​ប្រដែ​ល​ត្រូវ​ប្រកួត​ចុងក្រោយ​នោះ គឺ សង គង់ ក្លិប​អេ​ភូ​ថង​កីឡា ត្រូវ​ជួប​ជាមួយ​អ្នក​ប្រដាល់ រឿន ឈី ក្លិប​ស្វាយ​រលំ​ឫទ្ធិ​ជ័យ​។ ជា​អ្នក​ដែល​ឆ្លង​ផុត​២​ជុំ​ដូចគ្នា​នោះ ពិតជា​មិន​ខ្សោយ​នោះទេ​។ ជុំ​ទី​៣​នេះ នរណា​ឈ្នះ​នឹង​បាន​ឡើងទៅ​ប្រកួត​បន្ត​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​។​

​សង គង់ កាលពី​ជុំ​ទី​១ គេ​ឈ្នះ​ពិន្ទុ គួ​ន ប៊ុន​ហ៊ីម ក្លិប​ពន្លឺ​សាមគ្គី​ខេត្តបាត់ដំបង ហើយ​នៅ​ជុំ​ទី​២ ឈ្នះ​ពិន្ទុ ផាន់ ពិសិដ្ឋ ក្លិប​ពុទ្ធ​សេរី​វង្ស​។ ចំពោះ រឿន ឈី វិញ​ទោះបី​គេ​ទើបតែ​លេចមុខ​នៅក្នុង​ព្រឹត្តិការណ៍​នេះ ក៏ពិតមែន​តែ​កាលពី​ប្រកួត​នៅ​ជុំ​ទី​១ គេ​ឈ្នះ អ្នក​ប្រដាល់​ជើងចាស់ ស៊ឹម ប៊ុនឆៃ ក្លិប​ព្រៃទទឹង​កីឡា​នៅ​ទឹក​ទី​២ ឯ​នៅ​ជុំ​ទី​២​វិញ គេ​ប្រកួត​ឈ្នះ​អ្នក​ប្រដាល់ លឹម ឡេង ក្លិប​រស្មី​ភូមិ​គាប​ខេត្តបន្ទាយមានជ័យ នៅ​ទឹក​ទី​២​ដែរ​។​

​នរណា​ជា​អ្ម​កមាន​សមត្ថភាព​ឆ្លងស្ពាន​ឆ្ពោះទៅកាន់​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ ដែលជា​វគ្គ​ដ៏​សំខាន់​នោះ​។ គេ​ជឿថា​ពួកគេ​នឹង​ប្រកួត​គ្នា​៥​ទឹក​ពេញ​ជាមិនខាន​។​

​ប្រកួត​នៅក្នុង​ជុំ​ទី​៣​នេះដែរ អ្នក​ប្រដាល់ លន បញ្ញា ក្លិប​ម​ហិ​ទ្ធិ​រិ​ទ្ធ​តា​ដំបង​ដែក ជួប​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ជាយដែន លាប រដ្ឋា ក្លិប​ដី​ឡូ​តិ៍​មាន​រិ​ទ្ធ​ខេត្តបន្ទាយមានជ័យ​។​

​ពួកគេ​ក៏​ជា​អ្នកខ្លាំង​ដូចគ្នា​ដែរ​។ សម្រាប់ លន បញ្ញា កាលពី​ជុំ​ទី​១ គេ​ប្រកួត​ឈ្នះ​អ្នក​ប្រដាល់​ជើងចាស់ ឈាន រស្មី ក្លិប​ខេត្ត​រតនគីរី មុន​ស្នូរ​ជួង​បញ្ចប់​ទឹក​ទី​២ ហើយ​នៅ​ជុំ​ទី​២ គេ​ប្រកួត​ឈ្នះ​អ្នក​ប្រដាល់​ជើងចាស់ ផាន ផាត់​យុទ្ធ ក្លិប​សាល​វ័​ន្ដ​កីឡា​ដោយ​ពិន្ទុ​។​

​ចំពោះ លាប រដ្ឋា វិញ​កាលពី​ជុំ​ទី​១ គេ​ប្រកួត​ឈ្នះ ផាត សូ​ដា ក្លិប​អេ​ភូ​ថង​កីឡា​ដោយ​ពិន្ទុ និង​នៅ​ជុំ​ទី​២ គេ​ប្រកួត​ឈ្នះ​អ្នក​ប្រដាល់​វ័យក្មេង ឈុត សេរី​វ៉ាន់​ថង ក្លិប​រា​ហ៊ូ​កីឡា​ខេត្តបាត់ដំបង​ដោយ​ពិន្ទុ​ដែរ​។ សម្រាប់​ជុំ​ទី​៣​នេះ មិនដឹងថា នរណា​ប្រជែង​បាន​កៅអី​សម្រាប់​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​នោះទេ​។​

​សូមបញ្ជាក់ថា ពេលនេះ​មាន​អ្នក​ប្រដាល់​២​រូប​ហើយ ដែល​បាន​កក់​កៅអី​សម្រាប់​វគ្គ​បាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ គឺ យុគ យក្ស​ផ្លែ ក្លិប​បូរី​រាជសីហ៍​មាន​រិ​ទ្ធ និង ធន មករា សមាគម​ប្រដាល់​ក្រសួងការពារជាតិ​៕

ទីតាំងផ្សាយពាណិជ្ជកម្ម