ប្រែសម្រួលៈវាសនា/បាងកក(បាងកកប៉ុស្តិ៍)៖រដ្ឋាភិបាលថៃនៅថ្ងៃអង្គារទី២៩ធ្នូ បានរកឃើញអ្នកឆ្លងវីរុសកូរ៉ូណាថ្មីចំនួន១៥៥នាក់ ក្នុងនេះ១៣៤នាក់ឆ្លងនៅក្នុងស្រុក ១១នាក់ជាជនចំណាកស្រុកនិង១០នាក់ជាអ្នកធ្វើចត្តាឡីស័កបន្ទាប់ពីចូលមកពីក្រៅប្រទេស។
ចំនួនថ្មីនេះនាំអោយថៃមានអ្នកឆ្លងវីរុសនេះសរុប៦.៤៤០នាក់ និងចំនួនស្លាប់ដោយជំងឺកូវីដ១៩បានកើនដល់៦១នាក់ ក្រោយអ្នកជំងឺម្នាក់ទៀតបានស្លាប់។
អនុរដ្ឋមន្ត្រីសុខាភិបាលថៃ បានបញ្ជាក់អះអាងអំពីការស្លាប់ម្នាក់ដោយកូវីដ១៩។ជនរងគ្រោះជាបុរសវ័យ៤៥ឆ្នាំដែលមានជំងឺបេះដូង ស្ត្រូកនិងទឹកណោមផ្អែមស្រាប់ បានឆ្លងវីរុសកូរ៉ូណានៅមន្ទីរពេទ្យខេត្តរ៉ាយ៉ងកាលពីថ្ងៃអាទិត្យហើយធ្លាក់ខ្លួនពិបាកដកដង្ហើមធ្ងន់ធ្ងរកាលពីថ្ងៃចន្ទ។ជនរងគ្រោះជាអ្នកយាមនៅកន្លែងលេងល្បែងខុសច្បាប់មួយនៅរ៉ាយ៉ងដែលជាមជ្ឈមណ្ឌលផ្ទុះការឆ្លងជាចង្កោមតូចចុងក្រោយនៅថៃ។
លោកតាវីស៊ីល វីសានុយ៉ូធីន អ្នកនាំពាក្យមជ្ឈមណ្ឌលគ្រប់គ្រងស្ថានភាពកូវីដ១៩ថៃ បាននិយាយថា ការឆ្លងថ្មី១០ករណីមកពីអាឡឺម៉ង់ វៀតណាម ឥណ្ឌា ស៊ុយអ៊ែត អាម៉េរិក តួកគីនិងបារ៉ែន។
ការឆ្លងក្នុងស្រុក១២ករណីមានជាប់ពាក់ព័ន្ធនឹងផ្សារបង្គាមួយនៅក្នុងខេត្តសាមុត សាខន និង២ករណីពាក់ព័ន្ធនឹងការឆ្លងជាកញ្ចុំនៅវង់ល្បែងក្នុងខេត្តរ៉ាយ៉ង។រីឯការឆ្លងក្នុងស្រុកប្រមាណ១០០ករណីទៀតកំពុងស្ថិតក្រោមការស៊ើបអង្កេតរកប្រភពនៅឡើយ រួមមាន៥៦ករណីនៅខេត្តរ៉ាយ៉ង និង២៨ករណីនៅឈុន ប៊ូរី។
លោកអ្នកនាំពាក្យមជ្ឈមណ្ឌលគ្រប់គ្រងស្ថានភាពកូវីដ១៩ថៃបានអោយដឹងថា ចំនួនខេត្តឆ្លងបានកើនពី៦ខេត្តក្នុងអំឡុងថ្ងៃ១៨-២០ធ្នូ មក២៦ខេត្ត(២១-២៣ធ្នូ) និង៣៧ខេត្ត(ថ្ងៃ២៤-២៦ធ្នូ)មក៤៥ខេត្តនៅអំឡុងថ្ងៃ២៧-២៩ធ្នូ។ផ្អែកតាមការគន់គូររបស់ផ្នែកសុខាភិបាល ចំនួនឆ្លងប្រចាំថ្ងៃថ្មីអាចកើនដល់១៨.០០០នាក់នៅត្រឹមពាក់កណ្តាលខែមករា បើសិនមិនមានចាត់វិធានការគ្រប់គ្រងជំងឺនេះដ៏ម៉ឺងម៉ាត់ទេ។
លោកបានបន្តថា ការដាក់ចេញវិធានការគ្រប់គ្រងល្មម អាចនាំដល់ការឆ្លងមួយថ្ងៃ៨.០០០នាក់តែបើវិធានការគ្រប់គ្រងតឹងរឹងអាចកំហិតមកនៅក្រោម១.០០០នាក់ក្នុងមួយថ្ងៃ។បើតាមអ្នកនាំពាក្យរូបនេះ បច្ចុប្បន្នអាជ្ញាធរថៃកំពុងដាក់ចេញវិធានការល្មមនៅឡើយទេ បើប្រៀបធៀបនឹងអ្វីដែលបានដាក់ចេញនិងប្រើកាលពីពេលមុន។
ក្នុងថ្ងៃនេះដែរ ការឆ្លងកូវីដ១៩នៅទូទាំងពិភពលោកបានកើន៤៨៧.២៧៣នាក់ រហូតដល់ចំនួន៨១,៦៧លាននាក់ និងស្លាប់កើនដល់ ១,៨៧លាននាក់ក្រោយពី៩.១០៥នាក់ទៀតបានស្លាប់ដោយកូវីដ១៩នៅ២៤ម៉ោងកន្លងទៅ៕