ដោយៈ ជា សីហៈ/ភ្នំពេញៈ អនុវត្តតាមគម្រោងកម្មវិធីផ្សព្វផ្សាយបច្ចេកវិទ្យាកសិកម្មថ្មី ដែលធន់នឹងការប្រែប្រួលអាកាសធាតុមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តឧត្តរ មានជ័យ កាលពីថ្ងៃទី២៨ ខែធ្នូ បានរៀបចំពិធីប្រគល់ទទួល មធ្យោបាយសម្ភារជូនដល់ តំណាងកសិករចំនួន ៤០នាក់ ដែលអញ្ជើញមកពីសហគមន៍កសិកម្ម និងបណ្តុំអាជីវកម្ម បន្លែ។
ពិធីនេះមានការចូលរួមពីលោក ប៉ែន កុសល្យ អភិបាលខេត្តឧត្តរមានជ័យ ហើយ ការបែងចែកសម្ភារជូនដល់កសិករនាថ្ងៃនេះរួមមាន៖
១- បណ្តុំអាជីវកម្មបន្លែចំនួន ៣ មកពីស្រុកអន្លង់វែងមាន ១ និងនៅស្រុកត្រពាំង ប្រាសាទ មាន ២ ដោយបណ្តុំនីមួយៗទទួលបានម៉ាស៊ីនវាយបំបែកដី និងលើករងចំនួន ១០ គ្រឿង សរុបមាន ៣០គ្រឿង។
២- បណ្តុំអាជីវកម្មបន្លែចំនួន ៤ មកពីក្រុងសំរោងកសិករចំនួន ៤គ្រួសារ មកពីភូមិអូរឬស្សី ភូមិភ្នៀត ភូមិគោកគរ សង្កាត់សំរោង និងភូមិត្រពាំងវែង សង្កាត់កូនក្រៀល ក្រុងសំរោង ដោយគ្រួសារនីមួយៗទទួលបានផ្ទះសំណាញ់ ១។
៣- បណ្តុំអាជីវកម្មស្រូវចំនួន ៤ អញ្ជើញមកពីក្រុងសំរោង ស្រុកចុងកាល់ និងស្រុកបន្ទាយ អំពិល ដោយបណ្តុំនីមួយៗទទួលបានរថយន្ត ១គ្រឿង ប្រើសម្រាប់ព្រួសស្រូវ បាញ់ថ្នាំ និងបាចជី។
៤- បណ្តុំអាជីវកម្មដំឡូងមីចំនួន ២ អញ្ជើញមកពីស្រុកអន្លង់វែង និងស្រុកបន្ទាយអំពិល ដោយបណ្តុំនីមួយៗទទួលបានរថយន្តចំនួន ១គ្រឿង ប្រើសម្រាប់បាញ់ថ្នាំសម្លាប់សត្វល្អិត ចង្រៃ បាញ់ ថ្នាំស្មៅ និងបាញ់ជីទឹក។
សូមបញ្ជាក់ផងដែរថា គ្រប់បណ្តុំដែលបានទទួលសម្ភារដូចបានរៀបរាប់ជូនខាង លើ បានកំពុងអនុវត្តផលិតកម្មកសិកម្មតាមកិច្ចសន្យាជាមួយក្រុមហ៊ុន មានដូចខាងក្រោម៖
១- បានចុះកិច្ចសន្យារវាងបណ្តុំអាជីវកម្មបន្លែ ជាមួយក្រុមហ៊ុនមាសបៃតងចំនួន ១ លើដំណាំផ្កាខាត់ណាលឿង ដោយទទួលទិញមួយថ្ងៃចំនួន ៣០០គ.ក្រ តម្លៃ៤ ០០០ រៀល/គ.ក្រ សម្រាប់រយៈពេល ១ឆ្នាំ។
២- បានចុះកិច្ចសន្យារវាងបណ្តុំអាជីវកម្មបន្លែ ជាមួយក្រុមហ៊ុនបន្លែសុវត្ថិភាពខ្មែរ លើការផ្គត់ផ្គង់មាន៖
– ឪឡឹកលឿងចំនួន ២ ០០០គ.ក្រ/ថ្ងៃ តម្លៃ ១.៨០០រៀល/គ.ក្រ រយៈពេល ៣ខែ
– ត្រសក់ផ្អែមចំនួន ៣០០គ.ក្រ/ថ្ងៃ តម្លៃ ៣.០០០រៀល/គ.ក្រ រយៈពេល ១ឆ្នាំ
– ខាត់ណាផ្កាលឿងចំនួន ៥០០គ.ក្រ/ថ្ងៃ តម្លៃ ៤.០០០រៀល/គ.ក្រ រយៈពេល៦ខែ
– កំពុងរៀបចំកិច្ចសន្យាទិញត្រសក់ទ្រើងចំនួន ២.០០០គ.ក្រ/ថ្ងៃ តម្លៃ ៩០០រៀល/គ.ក្រ
កសិករដែលទទួលបានសម្ភារថ្ងៃនេះ សុទ្ធតែជាកសិករគំរូ ដែលបានកំពុង ដាំបន្លែផ្គត់ផ្គង់ ឲ្យទីផ្សារក្នុងស្រុក និងក្រុមហ៊ុនដែលបានចុះកិច្ចសន្យា ដើម្បីនាំយកទៅកាន់ទីផ្សារ រាជធានីភ្នំពេញ។ ពិតណាស់សម្ភារទាំងនេះវានឹងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការលើក កម្ពស់ផលិតភាពផលិតកម្មបន្លែ សំរួលដល់កំលាំងពលកម្ម និងមានលទ្ធភាពពង្រីកផ្ទៃដី ដាំដុះឲ្យកាន់ តែធំជាងមុន រួមចំណែកបង្កើនប្រាក់ចំណូលតាមរយ:ខ្សែច្រវាក់ផលិតកម្មបន្លែ នៅតាមបណ្តុំនីមួយៗ។ ក្នុងខណ:នេះផងដែរ អង្គការ GIZក៏បានចែកជូននូវឧបករណ៍អូស ដាំគ្រាប់ស្រូវ ចំនួន ៥គ្រឿង ជូនដល់កសិករនៅក្នុងសហគមន៍កសិកម្មចំនួន ៤គ្រឿង ក្នុងនោះសហគមន៍អូរឬស្សី ១ សហគមន៍ខ្ទំ ២ សហគមន៍ពង្ររុងរឿង០១ និងស្ថានីយកសិកម្មកូនក្រៀល ១ គ្រឿង៕/PC