ដោយៈ សរិទ្ធ / ព្រៃវែងៈ ជនសង្ស័យម្នាក់ បានត្រូវតុលាការ សម្រេចឃុំខ្លួនដាក់ពន្ធនាគារ នៅរសៀល ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ ក្រោមការចោទប្រកាន់ពីបទ លួចមានស្ថានទម្ងន់ទោស តាមរូបភាពប្លន់យកម៉ូតូ ដើម្បីរង់ចាំការស្រាវជ្រាវ រកបក្ខពួក ៥ នាក់ទៀត ដែលកំពុងគេចខ្លួន។
ជនសង្ស័យ ឈ្មោះ ជុំ ចន្នី ភេទប្រុស អាយុ២៨ឆ្នាំ មានទីលំនៅភូមិខ្វិត ឃុំធាយ ស្រុកបាភ្នំ ខេត្តព្រៃវែង បានត្រូវសមត្ថកិច្ចនគរបាលខេត្តព្រៃវែង សហការជាមួយ នគរបាលស្រុកបាភ្នំ ឃាត់ខ្លួន កាលពីថ្ងៃទីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២០។ ហេតុការណ៍ប្លន់នេះ បានកើតឡើង កាលពីម៉ោង ៩និង៣០នាទីយប់ ថ្ងៃទី២៦ ធ្នូ នៅលើកំណាត់ផ្លូវជាតិលេខ៣១៧ ត្រង់ចំណុចភូមិស្ដៅ ឃុំធាយ ស្រុកបាភ្នំ ខេត្តព្រៃវែង ។
ជនរងគ្រោះ ឈ្មោះ សួង រ៉េត ភេទប្រុស អាយុ៥៦ឆ្នាំ មានទីលំនៅក្នុងភូមិខ្វិត ឃុំធាយ បានអោយដឹងថាៈ នៅមុនពេលកើតហេតុ គាត់កំពុងតែជិះម៉ូតូ ដឹកប្រពន្ធឈ្មោះ អ៊ុត យ៉ន ដែលមានរបួសដៃឆ្វេង ធ្វើដំណើរតាមផ្លូវ ត្រឡប់ទៅផ្ទះវិញ។ លុះពេលមកដល់ ចំណុចកើតហេតុ ស្រាប់តែមានម៉ូតូ ៣ គ្រឿង ក្នុងនោះមួយគ្រឿង ម៉ាកហុងដា ស៊េរីឆ្នាំ ២០១៨ ពណ៌ខ្មៅ, មួយគ្រឿងម៉ាកហុងដា គុបជ្រុង និងមួយគ្រឿងទៀត មិនស្គាល់ម៉ាកនោះទេ មានគ្នា ៦ នាក់ បានជិះមកអែប ហើយបានធាក់ម៉ូតូគាត់ អោយដួល រួចក៏ប្លន់យកម៉ូតូ ជិះរត់គេចខ្លួន ទៅទិសខាងលិច អស់ទៅ ហើយនៅលើម៉ូតូនោះ ក៏ជាប់ដោយទាំង កាបូបស្ពាយមួយ ដែលមានប្រាក់ ក្នុងនោះចំនួន ៥០០ ដុល្លារផងដែរ។
ជនរងគ្រោះ បានបន្តថាៈ ក្រោយពេលដែលក្រុមចោរ គេចខ្លួនទៅអស់ គាត់និងប្រពន្ធ ក៏នាំគ្នារទៅប្តឹង សមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលឃុំធាយ អោយជួយអន្តរាគមន៍ ភ្លាមៗ ព្រោះក្នុងចំណោមក្រុមចោរទាំងនោះ គាត់បានស្គាល់ច្បាស់ម្នាក់ គឺឈ្មោះ ជុំ ចន្នី ដែលជាអ្នក នៅក្នុងភូមិជាមួយគ្នា។
ក្រោយពីទទួលបាន ពាក្យបណ្តឹងពី ជនរងគ្រោះភ្លាម លោកអធិការនគរបាល ស្រុកបាភ្នំ បានដឹកនាំកំលាំង ចុះស្ទាក់គ្រប់ច្រក និងតាមស្រាវជ្រាវ រកមុខសញ្ញា ក្រុមចោរ រហូតបានឃាត់ខ្លួនក្រុមចោរ បានម្នាក់ ឈ្មោះ ជុំ ចន្នី នៅព្រឹកថ្ងៃទី២៧ ធ្នូ និងដកហូតបានវត្ថុតាង ម៉ូតូហុងដា គុបជ្រុង មួយគ្រឿង ដែលគេជិះធ្វើ សកម្មភាពប្លន់ ជនរងគ្រោះកាលពីយប់ ។ ដោយឡែក បក្ខពួកក្រុមចោរ ចំនួន ៥ នាក់ទៀត សមត្ថកិច្ច បានស្គាល់អត្តសញ្ញាណអស់ហើយៗ កំពុងស្វែងរក ចាប់ខ្លួន ដើម្បីយកមកផ្តន្ទាទោស ទៅតាមច្បាប់៕/V..mara