ដោយ:ដេប៉ូ/ភ្នំពេញ: ក្រសួងអប់រំ យុវជន និងកីឡា បានចុះអនុស្សរណៈនៃការយោគយល់ (MoU)ជាមួយក្រុមហ៊ុន MK International ដើម្បីអភិវឌ្ឍមាតិកាអប់រំ ផលិត និងផ្សព្វផ្សាយវីដេអូសរុបចំនួន ៧២វីដេអូ ក្រោមរូបភាពការអប់រំ និងការកម្សាន្ត ក្នុងរយៈពេលបីឆ្នាំចាប់ពីឆ្នាំ២០២១ ដល់ ២០២៣។
ពិធីចុះអនុស្សរណៈនៃការយោគយល់គ្នានេះបានប្រព្រឹត្តឡើងក្រោមអធិបតីភាពរវាងលោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និង លោកស្រី ម៉ារី ខេ អ៊ីវជេន អ៊ុលសុន ស្ថាបនិក និងជានាយកក្រុមហ៊ុន MKI នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ នាទីស្តីការក្រសួងអប់រំ យុវជន និងកីឡា។
គោលបំណងសំខាន់ក្នុងកិច្ចសហប្រតិបត្តិការនេះដែរគឺ ដើម្បីលើកកម្ពស់ ការយល់ដឹងរបស់ប្រជាជនកម្ពុជាទូទៅ ដែលមានអាយុចាប់ពី ១២ឆ្នាំឡើងទៅ មិនថាអ្នកដែលមានឱកាស ឬគ្មាន ឱកាសក្នុងការសិក្សានៅសាលារដ្ឋ ឬបណ្តាសាលាឯកជននានានៅក្នុងប្រទេសកម្ពុជា។
លោកបណ្ឌិតសភាចារ្យបានថ្លែងឱ្យដឹងថា “ក្នុងនាមថ្នាក់ដឹកនាំក្រសួង យើងមានសេចក្ដីសោមនស្សរីករាយ ដែលបានចាប់ដៃគូជាមួយក្រុមហ៊ុន MKI ប្រទេស ន័រវែស ដែលជាក្រុមហ៊ុនជំនាញផ្នែកផលិតមាតិកាមេឌៀ មកវិនិយោគក្នុងការផលិតកម្មវិធីវីដេអូសំបូរបែបជាច្រើន ព្រមទាំងផ្ដល់ជាចំណេះដឹងក្នុងការរៀនសូត្រលើប្រធាន បទផ្សេងៗជាច្រើន ដើម្បីជួយកាត់បន្ថយភាពតានតឹងក្នុង ការសិក្សា ដែលខ្លឹមសារប្រកបដោយការអប់រំ”៕srn