ដោយៈ ទេពកង្រី / កំពង់ឆ្នាំងៈ ប្រជាពលរដ្ឋ ដែលមានមុខរបរ ឆ្អើរត្រី បានត្អូញត្អែរថា ឆ្នាំនេះ ត្រីសម្រាប់ធ្វើត្រីឆ្អើរ មិនសម្បូរ ហើយមានតម្លៃថ្លៃទៀត ដោយសារតែឆ្នាំនេះ ទឹកទន្លេតូច ជាងឆ្នាំទៅ។
ប្រជាពលរដ្ឋ ដែលមានមុខរបរឆ្អើរត្រី នៅក្នុងភូមិកណ្តាល សង្កាត់ផ្សាឆ្នាំង បានរៀបរាប់អោយដឹង នៅថ្ងៃទី២៩ ធ្នូ នេះថាៈ ឆ្នាំនេះ ត្រីបានត្រូវនៅខ្នើត ខែបុស្ស ប្រជាពលរដ្ឋ បណ្តែតមង នៅតាមទន្លេ តម្លៃនៅតែថ្លៃ ១ គីឡូក្រាម ថ្លៃ ៧.០០០ រៀល ទៅ ៨.០០០ រៀល ដែលធ្វើអោយពួកគាត់ ពិបាកក្នុងការទិញ យកមកឆ្អើរណាស់តែបើមិនទិញទេមិនបានត្រីឆ្អើរទេ ។
ប្រជាពលរដ្ឋ ដែលមានមុខរបរ ឆ្អើរត្រី បានអោយដឹងទៀតថាៈ ឆ្នាំនេះ គាត់បានឆ្អើរ ទាំងត្រីរៀល និងត្រីបន្ទាស់ភ្លុក សរុបប្រមានជា ១០.០០០ ចង្កាក់ តែតម្លៃ នៅមិនទាន់ដឹងម៉ូយ អោយតម្លៃប៉ុន្មានទេ ពួកគាត់ដាក់ទុកលើភ្លើងបណ្តើរៗ រង់ចាំម៉ូយ ចូលមកតថ្លៃទិញ។
ពួកគាត់ បានបន្តទៀតថាៈ មកដល់ខ្នើត ១៤ កើត ខែបុស្សនេះ ហើយត្រីប្រសាត់មង នៅតែត្រូវបណ្តើរៗ ដែលធ្វើអោយពួកគាត់ ប្រមូលទិញយកមកឆ្អើរបន្ត ទម្រាំផុតត្រីត្រូវ។ ក្នុងនោះថ្លៃឈ្នួលដោតត្រី ១០០ ចង្កាក់ ថ្លៃ ៥.០០០ រៀល នេះមិនទាន់គិតថ្លៃទឹកកក និងអុសនៅឡើយទេ តែទោះជាយ៉ាងណា បើខ្នើតក្រោយនេះ ត្រីនៅតែត្រូវបណ្តើរៗ ដូចថ្ងៃនេះ គាត់នៅតែសន្សំទិញឆ្អើរ បានបន្តទៀត ៕/V..mara