ប្រែសម្រួល : កញ្ញាដាលីស/វ៉ាស៊ីនតោន ៖ កាលពីថ្ងៃចន្ទទី២៨ធ្នូខណៈពេលថ្លែងសុន្ទរកថាបន្ទាប់ពីស្តាប់សេចក្តីសង្ខេបពីសមាជិកក្រុមសន្តិសុខជាតិនិងទីភ្នាក់ងារគោលនយោបាយបរទេសទាក់ទងនឹងបញ្ហាសំខាន់ៗដែលរដ្ឋបាលថ្មីរំពឹងជួបប្រទះ លោក ចូ បៃដិនបានលើកឡើងថារដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនចាំបាច់ត្រូវកសាងសម្ព័ន្ធភាពនៃប្រជាជាតិដែលមានចិត្តគំនិតដូចគ្នាដើម្បីទប់ទល់នឹងរដ្ឋាភិបាលក្រុងប៉េកាំង។
លោកនិយាយថា “ខណៈយើងប្រណាំងប្រជែងជាមួយចិនដើម្បីឱ្យរដ្ឋាភិបាលចិនទទួលខុសត្រូវចំពោះការរំលោភបំពានផ្នែកពាណិជ្ជកម្ម បច្ចេកវិជ្ជា សិទ្ធិមនុស្ស និងផ្នែកផ្សេងទៀតជំហររបស់យើងនឹងកាន់តែរឹងមាំ នៅពេលយើងបង្កើតសម្ព័ន្ធភាពនៃដៃគូដែលមានចិត្តគំនិតដូចគ្នានិងសម្ព័ន្ធមិត្តដែលបង្កើតបុព្វហេតុរួមជាមួយយើងក្នុងការការពារ ផលប្រយោជន៍រួមនិងតម្លៃរួមរបស់យើង”។
លោកបៃដិននិយាយថា ការធ្វើជាដៃគូជាមួយបណ្តាប្រទេសប្រជាធិបតេយ្យដទៃទៀតទល់នឹងចិន នឹងបង្កើនឥទ្ធិពលសេដ្ឋកិច្ចអាម៉េរិកទ្វេដងលើប្រទេសនេះ។ លោកបានបន្ថែមថាគ្មានបញ្ហាសកលណាមួយអាចដោះស្រាយបានដោយសហរដ្ឋអាម៉េរិកតែឯងនោះទេ រួមទាំងការប្រែប្រួលអាកាសធាតុនិងជំងឺរាតត្បាត។
ខណៈដែលលោកបៃដិននឹងកាន់កាប់សេតវិមានយ៉ាងហោចណាស់បួនឆ្នាំអ្នកជំនាញនិងមន្ត្រីជាច្រើននៅជុំវិញពិភពលោកបានសន្និដ្ឋានថាអាណត្តិប្រធានាធិបតីរបស់លោកនឹងតំណាងឱ្យការចាកចេញយ៉ាងឆ្ងាយពីគោលនយោបាយការបរទេសរបស់លោកត្រាំ។
ចាប់តាំងពីស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋបាលត្រាំមក ទំនាក់ទំនងរវាងសហរដ្ឋអាម៉េរិកនិងចិនកាន់តែយ៉ាប់យ៉ឺនគួរឱ្យកត់សម្គាល់ខណៈដែលរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនចោទប្រកាន់ប៉េកាំងថាអនុវត្តសេដ្ឋកិច្ចអយុត្តិធម៌ រំលោភសិទ្ធិមនុស្សនៅក្នុងតំបន់ខ្លះរបស់ខ្លួន រំលោភលើស្ថានភាពពិសេសរបស់ហុងកុង និងខ្វះតម្លាភាពទាក់ទងនឹងជំងឺរាតត្បាត៕
ប្រធានាធិបតីជាប់ឆ្នោតអាម៉េរិក ចូ បៃដិន