ដោយៈ សរិទ្ធ / ភ្នំពេញៈ បុរសម្នាក់ ជាជាងជួសជុលបរិក្ខារអគ្គិសនី ពេលកំពុងជួសជុលម៉ូទ័រ ក៏ឆក់ខ្សែភ្លើង បណ្តាលឲ្យរបួសធ្ងន់ធ្ងរ ហើយត្រូវបានបញ្ជូន ទៅសង្គ្រោះ តែបានស្លាប់ តាមផ្លួវ ។ ហេតុការណ៍នេះ បានកើតឡើង កាលពីម៉ោងជិត ២ រសៀល ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ នៅកន្លែងជួសជុល បរិក្ខារអគ្គិសនី យីហោ ទី ឆយ ស្ថិតក្នុងភូមិថ្នល់បំបែក សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។
សមត្ថកិច្ច បានឲ្យដឹងថាៈ ជនរងគ្រោះ ឈ្មោះ ធារ៉ា ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរ ជាជាងជួសជុលបរិក្ខារអគ្គិសនី ស្នាក់នៅកន្លែងកើតហេតុ មានស្រុកកំណើត នៅស្រុក អូររាំងឪ ខេត្តត្បូងឃ្មុំ។
សមត្ថកិច្ច បានឲ្យដឹងទៀតថាៈ មុនពេលកើតហេតុ ជនរងគ្រោះ បានកំពុងជួសជុលម៉ូទ័រ បន្ទាប់មក ក៏បានប៉ះខ្សែភ្លើង ដែលដាច់រលាត់ បណ្តាលឲ្យឆក់។ ភ្លាមៗនោះ ក្រុមអ្នកធ្វើ ការងារជាមួយ ឃើញក៏ជួយដឹកយកទៅមន្ទីរពេទ្យឯកជន។ ពេលទៅដល់ ក្រុមគ្រូពេទ្យ ក៏បានប្រាប់ឲ្យដឹកទៅមន្ទីរពេទ្យធំ។
ប្រភពដដែល បានបន្តថាៈ បន្ទាប់មក បងប្អូនជនរងគ្រោះ ក៏បានដឹកតាមកង់បី បន្តទៅ មន្ទីរពេទ្យធំទៀត តែមកដល់មុខសាលាសង្កាត់ចោមចៅទី៣ ខាងរថយន្ត ៧១១ ក៏មកទទួល និងជួយសង្គ្រោះ ហើយបានបញ្ជាក់ថា ជនរងគ្រោះ បានស្លាប់បាត់ទៅហើយ៕/V-PC