ដោយ: គង់ហេង/ កំពង់ចាម: ក្រសួងបរិស្ថានបានផ្តល់រថយន្តដឹកសំរាមចំនួន ពីរ គ្រឿងដែលជាជំនួយឧត្ថម្ភរបស់ប្រទេសជប៉ុន គឺមួយគ្រឿងសម្រាប់ស្រុកជើងព្រៃ និងមួយគ្រឿងទៀតសម្រាប់ ស្រុកបាធាយ ដើម្បីគ្រប់គ្រងសំណល់រឹងនៅទីប្រជុំជននៅរដ្ឋបាលថ្នាក់ក្រោមជាតិ។
ការប្រគល់រថយន្តទាំងពីរគ្រឿងខាងលើតាមរយ:លោក ចាយ សាមិត្ត រដ្ឋលេខាធិការក្រសួងបរិស្ថាន ដោយមានការចូលរួមទទួលលោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងអភិបាលស្រុកទាំងពីរ នៅក្នុងបរិវេណសាលាខេត្តនាព្រឹកថ្ងៃទី ២៩ ធ្នូ។
ក្នុងនោះលោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាមបានមានប្រសាសន៍ថា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ លោក សាយ សំអាល់ ដែលបានគិតគូរយកចិត្តទុកដាក់លើការងារសំរាមដែលជចាបញ្ហាប្រឈមខ្លាំងក្នុងក្របខណ្ឌទូទាំងប្រទេស។ ដោយផ្តល់រថយន្តដឹងសំរាមចំនួន ពីរ គ្រឿងដល់រដ្ឋបាលស្រុកទាំងពីរ ដើម្បីចូលរួមជាមួយប្រជាពលរដ្ឋក្នុងការប្រមូលសំរាមនៅតាមមូលដ្ឋាន លើកកម្ពស់សោភ័ណ្ឌភាពនៅជនបទ។
លោកអភិបាលខេត្តកំពង់ចាមបានមានប្រសាសន៍ទៀតថា ជាពិសេសសូមអរគុណដល់លោក ចាយ សាមិត្ត រដ្ឋលេខាធិការក្រសួងបរិស្ថាន បានជួយសម្របសម្រួខ្នះខ្នែង បានផ្តល់រថយន្តដឹកសំរាមដល់ស្រុកបាធាយបន្ថែមមួយគ្រឿងទៀត គឺតាមការបែងចែករថយន្តដឹកសំរាមត្រូវទទួលបានតែស្រុកជើងព្រៃមួយគ្រឿងប៉ុណ្ណោះ។
លោកបានបន្ថែមថា ស្រុកជើងព្រៃ និងស្រុកបាធាយដែលបានទទួលរថយន្តនេះត្រូវរៀបចំផែនការឱ្យបានច្បាស់លាស់ គឺប្រើប្រាស់ឱ្យអស់លទ្ធភាពរថយន្តដែលមានស្រាប់នេះ គឺផ្តោតលើទីតាំងដែលត្រូវប្រមូល និងទីតាំងដែលទុកដាក់សំរាមឱ្យបានត្រឹមត្រូវ។ មួយវិញទៀតត្រូវថែទាំរថយន្តឱ្យបានល្អ គឺប្រើប្រាស់ឱ្យបានយូរអង្វែង។ ដោយធ្វើយ៉ាងណាអនុវត្តឱ្យបានឆ្លើយតបរបស់ក្រសួងបរិស្ថាន និងឱ្យក្រសួងផ្តល់ជូនរថយន្តបន្ថែមទៀតដល់ក្រុងស្រុកដទៃរបស់ខេត្តកំពង់ចាម។
លោក ចាយ សាមិត្ត រដ្ឋលេខាធិការក្រសួងបរិស្ថានបានមានប្រសាសន៍ថា រថយន្តដឹកសំរាមទាំងពីរគ្រឿងនេះ ជាជំនួយរបស់ប្រទេសជប៉ុនបានផ្តល់កម្ពុជាកាលពីខែមុនសរុបចំនួនបួន គ្រឿង ហើយក្រសួងបរិស្ថានបែងចែកដល់ខេត្តកំពង់ចាមពីរ គ្រឿង ខេត្តសៀមរាបចំនួនមួយគ្រឿង និងខេត្តព្រៃវែងចំនួនមួយគ្រឿង។
លោករដ្ឋលេខាធិការរូបនេះបានបន្តថា នេះជាការប្រគល់មុខងារមួយចំនួនមកឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិលើការងារគ្រប់គ្រងសំណល់រឹងនៅថ្នាក់ស្រុក ក្រុង ខណ្ឌ ស្របតាមគោលនយោបាយកម្មវិធីកំណែទម្រង់វិមជ្ឈកាល និងវិសហមជ្ឈកាល៕