ប្រែសម្រួលៈវាសនា/ហូជីមីញ(VnExpress)៖បុរសម្នាក់នៅទីក្រុងហូជីមីញ ដែលទើបវិលចូលវៀតណាមជាមួយមនុស្ស៥នាក់ទៀត បានក្លាយជាសមាជិកទី៤នៃក្រុមមានគ្នា៦នាក់ ដែលត្រូវបានរកឃើញវិជ្ជមានកូវីដ១៩។
រស់នៅក្នុងសង្កាត់លេខ៩ ទីក្រុង ហូជីមីញ បុរសនេះត្រូវបានរកឃើញថាមានផ្ទុកវីរុសកូរ៉ូណាកាលពីព្រឹកថ្ងៃអង្គារទី២៩ធ្នូ នៅពេលសមាជិក៣ទៀតនៃក្រុមនេះ ត្រូវបានធ្វើតេស្តិ៍វិជ្ជមានកូវីដ១៩រួចហើយ។
សមាជិក២នាក់ទៀតត្រូវបានធ្វើតេស្តិ៍អវិជ្ជមានកូវីដ១៩ តែនៅបន្តធ្វើចត្តាឡីស័ក និងតាមដានបន្ត។
ជនជាតិវៀតណាមទាំង៦នាក់បានធ្វើដំណើរមកពីមីយ៉ាន់ម៉ា ឆ្លងចូលថៃ និងកម្ពុជាមុនឆ្លងព្រំដែនខុសច្បាប់ចូលប្រទេសវៀតណាម។
បើតាមសារព័ត៌មានវៀតណាមVnExpress នៅថ្ងៃ២៤ធ្នូ ពួកគេបានចូលប្រទេសវៀតណាមតាមទូក ដោយជិះទូកឆ្លងកាត់ទន្លេ ប៊ិញ ឌី នៅចន្លោះកម្ពុជានិងវៀតណាម និងបានឡើងជិះរថយន្តមួយ ដោយម្នាក់ទៅកាន់ខេត្តវិញ ឡុង និងម្នាក់ទៅ ខេត្តដុង ថាបនិង៤នាក់ទៅកាន់ក្រុងហូជីមីញភាគខាងត្បូង។
ក្រៅពីជនទាំង៦ អ្នកបើករថយន្តត្រូវបាននាំទៅធ្វើចត្តាឡីស័កក្រោយអាជ្ញាធរតាមរកឃើញកាលពីថ្ងៃចន្ទ។ឥឡូវ អាជ្ញាធរកំពុងតាមរកជនប៉ះពាល់ ឬទាក់ទងជិតដិតជាមួយជនទាំង៦នាក់នេះមកធ្វើចត្តាឡីស័ក៕
ផ្លូវមួយក្នុងសង្កាត់លេខ៩នៃក្រុងហូជីមីញ កន្លែងដែលបុរសម្នាក់ត្រូវបានពិនិត្យឃើញវិជ្ជមានកូវីដ១៩ក្រោយវិលមកពីមីយ៉ាន់ម៉ា