ដោយៈ មុនីរ័ត្ន / ភ្នំពេញៈ ក្រុមកម្ពុជា បានយកឈ្នះ លើក្រុមចំនួន ៧ ដែលមកពីទូទាំងតំបន់ ហើយបានក្លាយជាក្រុមជើងឯក ក្នុងការប្រកួតហ្គេម eSports ដ៏ធំបំផុតមួយ ប្រចាំតំបន់ អាស៊ីខាងត្បូង និងអាស៊ីអាគ្នេយ៍។ នេះគឺជាលើកទីមួយហើយ ដែលក្រុមកម្ពុជាទទួលបាន ជ័យជម្នះ លើការប្រកួតហ្គេម eSports លើឆាកអន្តរជាតិ។
ក្រុមកម្ពុជា HMB eSports បានយកឈ្នះ លើក្រុមម៉ាឡេស៊ី ក្រុមស្រីលង្ការ ក្រុមបង់ក្លាដេស និងក្រុមឥណ្ឌូណេស៊ី ហើយបានឈ្នះរង្វាន់ ជាទឹកប្រាក់ ចំនួន ១៥.០០០ ដុល្លារសហរដ្ឋ អាមេរិក ពីការប្រកួតវគ្គផ្ដាច់ព្រ័ត្រ នៃ Axiata Game Hero 2020 ជាការប្រកួតហ្គេម eSports ដ៏ធំបំផុតមួយ ប្រចាំតំបន់។
ហ្គេមដែលបានប្រកួត មានឈ្មោះថា Free Fire ជាហ្គេមបាញ់ប្រហារ ដែលផលិត និងរៀបចំ ក្នុងភាពជាដៃគូ រវាង Garena, Techninier និង Axiata Group ព្រមទាំងក្រុមហ៊ុន Smart Axiata ផងដែរ ដែលជាប្រតិបត្តិករ ទូរគមនាគមន៍ ឈានមុខគេ នៅកម្ពុជា។
នៅវគ្គផ្ដាច់ព្រ័ត្រ (Grand Final) ក្រុម HMB eSports បានឆ្លងកាត់ការប្រកួត ដ៏លំបាកមួយ ប៉ុន្តែនៅទីបំផុត សមាជិកទាំង ៤ នាក់ របស់ក្រុម ក៏អាចយកឈ្នះ ការប្រកួតដោយ ប្រើយុទ្ធសាស្ត្រ និងជំនាញដ៏ពូកែ របស់ពួកគេ។
បេក្ខជន HMB Boy Loy ដែលមកពីក្រុមជ័យលាភី បាននិយាយថា៖ “ខ្ញុំពិតជាសប្បាយ ចិត្តមែនទែន ដែលឈ្នះការប្រកួតនេះ។ ខ្ញុំស្ទើរតែមិនជឿសោះថា ក្រុម HMB eSports របស់កម្ពុជា អាចគ្រងដំណែងជើងឯក ក្នុងការប្រកួតនេះ។”
បេក្ខជន HMB Girl Loy ដែលជាប្រធានក្រុម HMB បាននិយាយថា៖ “ខ្ញុំពិតជារំភើបខ្លាំង ណាស់ ដែលក្រុមរបស់យើង ក្លាយជាក្រុមជើងឯក។ ការដែលយើង ឈ្នះប្រាក់រង្វាន់នេះ គឺជារឿងដ៏គួរឲ្យរំភើបមួយហើយ ប៉ុន្តែអ្វីដែលគួរឲ្យរំភើប ជាងនេះទៀតនោះ គឺយើងបាន ធ្វើឲ្យកម្ពុជា មានកេរ្តិ៍ឈ្មោះល្បីល្បាញ លើឆាកអន្តរជាតិ។”
វគ្គផ្ដាច់ព្រ័ត្រ ដែលបានប្រព្រឹត្តទៅ នាចុងខែធ្នូនេះ គឺជាវគ្គចុងក្រោយបង្អស់ នៃការ ប្រកួតនេះ។ ការប្រកួតនេះ មានរយៈពេល ១ឆ្នាំពេញ ដោយវគ្គជម្រុះ បានចាប់ផ្ដើម កាលពីខែមករា ឆ្នាំ២០២០ ជាមួយនឹងការប្រកួត ជាលក្ខណៈបុគ្គល ហើយបន្ទាប់មក គឺជាការប្រកួតជាក្រុម មុននឹងឈានដល់ វគ្គប្រកួត ក្រុមជម្រើសជាតិ។ វគ្គផ្ដាច់ព្រ័ត្រ មានការចូលរួមពីក្រុមចំនួន៨ មកពីប្រទេសកម្ពុជា ម៉ាឡេស៊ី ស្រីលង្ការ បង់ក្លាដេស និងឥណ្ឌូណេស៊ី។ ប្រាក់រង្វាន់សរុបចំនួន ១៣៨.០០០ ដុល្លារសហរដ្ឋអាមេរិក ត្រូវបានផ្ដល់ជូន ដល់បេក្ខជនម្នាក់ៗ ក៏ដូចជា ក្រុមដែលបានចូលរួមប្រកួត។
នាយកប្រតិបត្តិក្រុមហ៊ុន Smart Axiata លោក ថូម៉ាស ហ៊ុន បានថ្លែងថាៈ “ជ័យជម្នះដ៏ អស្ចារ្យរបស់ក្រុម HMB eSports សបញ្ជាក់ឲ្យយើង ឃើញថា វិស័យ eSports នៅកម្ពុជា កំពុងអភិវឌ្ឍន៍ឈានទៅមុខ។ ទោះបីកម្មវិធីប្រកួត មានអ្នកប្រកួតប្រជែងផ្សេង ដែលគួរឲ្យ កោតសរសើរ បេក្ខជនទាំង ៤ នេះ បានបង្ហាញនូវជំនាញ និងសមត្ថភាពដ៏អស្ចារ្យ ដែលបាននាំឲ្យគេ នូវជ័យលាភីជើងឯក។ ក្រុមហ៊ុន Smart គឺនៅក្នុងចំណោម អ្នកគាំទ្រ eSports មុនគេដំបូងបង្អស់ នៅក្នុងប្រទេសកម្ពុជា ហើយយើងនៅមានការប្ដេជ្ញាចិត្តខ្ពស់ ក្នុងការផ្ដល់ការគាំទ្របន្ថែមទៀត ដល់ការអភិវឌ្ឍនៃវិស័យ eSports និងបន្តនាំយក ព្រឹត្តិការណ៍ eSports ដ៏គួរឲ្យរំភើប ជាច្រើនទៀត មកកាន់ប្រទេសកម្ពុជា។”
Axiata Game Hero គឺជាហ្គេមទូរស័ព្ទ និង ទីប្រមូលផ្ដុំហ្គេម eSports ដ៏ធំបំផុតមួយ នៅអាស៊ី ដែលមានផ្ដល់ជូន នូវហ្គេមទូរស័ព្ទ និងហ្គេមកុំព្យូទ័រ ជាច្រើនប្រភេទ៕/V-PC