ដោយៈម៉េងឆៃ / ភ្នំពេញៈ ក្នុងពេលថ្លែងសារផ្ញើជូនជនរួមជាតិខ្មែរ កាលពីព្រឹកថ្ងៃទី២៩ ខែធ្នូសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសបិទបញ្ចប់ព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា នៅថ្ងៃទី២៩ ខែធ្នូនេះ។
ព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា មានអ្នកឆ្លងជំងឺកូវីដ សរុបចំនួន ៤១នាក់ ប៉ុន្តែមកដល់ថ្ងៃទី២៩ ខែធ្នូនេះ មានអ្នកជាសះស្បើយ ៣៨នាក់ហើយ។ បើនិយាយពីក្របខណ្ឌទូទាំងប្រទេស គឺមានអ្នកឆ្លងជំងឺកូវីដ១៩ សរុប ៣៦៤នាក់ ដែលក្នុងនោះ ៣៦០នាក់ ត្រូវបានព្យាបាលជាសះស្បើយ ហើយមកដល់ព្រឹកថ្ងៃទី២៩ ខែធ្នូនេះ នៅសល់អ្នកជំងឺកូវីដ១៩ តែ ៤នាក់ប៉ុណ្ណោះ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។
សម្តេចតេជោ ហ៊ុន សែន សម្តែងការកោតសរសើរក្រសួងសុខាភិបាល មន្ត្រីពេទ្យ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋ ដែលចូលរួមទប់ស្កាត់កូវីដ១៩ និងបញ្ចប់ព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា និងអំណរគុណដល់ដៃគូ អង្គការសុខភាពពិភពលោក ដែលចូលរួមចំណែកក្នុងការទប់ស្កាត់ព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា។ក្នុងនោះ ចាប់តាំងពីថ្ងៃទី២០ ខែធ្នូ រហូតមកដល់ពេលនេះ មិនទាន់មានពលករខ្មែរ ដែលនាំជំងឺកូវីដ១៩ ដែលកំពុងផ្ទុះឡើង នៅប្រទេសថៃ ចូលមកកម្ពុជានោះទេ។
សម្តេចតេជោ ហ៊ុន សែន អំពាវនាវដល់ពលករខ្មែរដែលកំពុងធ្វើការនៅប្រទេសថៃ បន្តរស់នៅក្នុងប្រទេសថៃបន្តទៀតចៀសវាងចល័ត ពីកន្លែងមួយទៅកន្លែងមួយ។
សម្តេចតេជោបន្តថា ឆ្លងកាត់ព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា យើងបានកំពុងប្រយុទ្ធនឹងសមរភូមិ៣ រួមមានទី១៖ គឺការនាំចូល, ទី២៖ គឺការឆ្លងក្នុងសហគមន៍ ដែលទើបនឹងឆ្លងកាលពីថ្ងៃទី២៨វិច្ឆិកា និង ទី៣៖ គឺការព្យាបាលឱ្យជាសះស្បើយ។
សម្តេចតេជោថ្លែងរំលឹកថា កាលមុនកម្ពុជាជាប់លេខ១នៅអាស៊ី និងលេខ៣ នៅលើពិភពលោក ក្នុងការទប់ស្កាត់កូវីដ១៩ ប៉ុន្តែពេលនេះកម្ពុជាជាប់លេខ១លើពិភពលោក ក្នុងការទប់ស្កាត់កូវីដ១៩។ ទោះជាទទួលបានចំណាត់ថ្នាក់ល្អ ប៉ុន្តែយើងមិនត្រូវត្រេកអរទេ ដោយសារតែបញ្ហាកូវីដ១៩ នៅលើពិភពលោក មិនទាន់បិទបញ្ចប់ទេ។
ទន្ទឹមនឹងការប្រកាសបិទបញ្ចប់ព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកាទាក់ទងទៅនឹងវិស័យអប់រំសម្តេចតេជោនាយករដ្ឋមន្ត្រីក៏បានសម្រេចឱ្យយកថ្ងៃទី១១ ខែមករា ឆ្នាំ២០២១ ជាថ្ងៃបើកបវេសនកាល ហើយសាលារៀនឯកជន អាចចាប់ផ្ដើមចូលរៀនឡើងវិញ ចាប់ពីពេលនេះតទៅបានហើយ។
ទោះបីជាព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា បិទបញ្ចប់ ហើយសាលារៀន បើកដំណើរការចូលរៀនឡើងវិញ ប៉ុន្តែសម្តេចប្រមុខរាជរដ្ឋាភិបាល ក៏នៅតែបន្តណែនាំឲ្យប្រុងប្រយ័ត្នជានិច្ច លើការទប់ស្កាត់ និងការពារការឆ្លងជំងឺកូវីដ១៩។ ក្នុងនោះ ការជួបជុំណាមួយ ដែលមិនចាំបាច់ គឺមិនបាច់ជួបជុំទេ ដូចជាការប្រជុំរបស់រដ្ឋ អាចបន្តធ្វើតាមអនឡាញបាន។
ក្រៅពីនោះ សម្តេចតេជោ ក៏បានជំរុញឱ្យម្ចាស់សណ្ឋាគារ ភោជនីយដ្ឋាន និងមណ្ឌលសេវាកម្មទេសចរណ៍ រៀបចំវិធានការ ដើម្បីទប់ស្កាត់កូវីដ១៩ ហើយផ្តល់សិទ្ធិឱ្យអាជ្ញាធរ ចុះបិទហាងតែម្តង បើសិនមិនអនុវត្តវិធានការសុវត្ថិភាព។សម្តេចតេជោអំពាវនាវឱ្យរួមគ្នាទប់ស្កាត់ការឆ្លងជាសហគមន៍ជាថ្មីម្តងទៀត ក្រោយបិទបញ្ចប់ព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា។
នៅថ្ងៃទី២៩ ខែធ្នូនេះ ក្រសួងអប់រំ ក៏បានប្រកាសឲ្យសាលារៀនឯកជន បើកទ្វារ ចូលរៀននៅតាមសាលាឡើងវិញ។ រីឯក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក៏បានប្រកាស អនុញ្ញាតឲ្យដំណើរការបណ្តុះបណ្តាល នៅតាមគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ឡើងវិញផងដែរ។ សាលារៀន និងគ្រឹះស្ថានបណ្តុះបណ្តាលវិជ្ជាជីវៈទាំងអស់ ត្រូវបិទទ្វារ ដោយសារតែព្រឹត្តិការណ៍ឆ្លងកូវីដនៅសហគមន៍ ចាប់ពីថ្ងៃទី២៨វិច្ឆិកា។
ក៏ប៉ន្តែទាំងសាលារៀន និងគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈទាំងអស់ នៅពេលបើកទ្វារឲ្យសិស្សចូលរៀនឡើងវិញ តែត្រូវបន្តអនុវត្តតាមវិធានសុខាភិបាល និងតាមការណែនាំរបស់ក្រសួងអប់រំ ក្រសួងការងារ រួមទាំងក្រសួងសុខាភិបាល ដើម្បីរួមចំណែកបង្ការ និងទប់ស្កាត់ការឆ្លងជំងឺកូវីដ១៩ ជាយថាហេតុ។
ក្រសួងអប់រំ ក៏បានកំណត់ថា គ្រឹះស្ថានសិក្សាទាំងអស់ ត្រូវបន្តអនុវត្តគោលការណ៍ប្រតិបត្តិស្តង់ដារ ( SOP ) សម្រាប់ដំណើរការសាលារៀនឡើងវិញ ក្នុងបរិបទកូវីដ១៩ និងរក្សាគម្លាតសុវត្ថិភាពសង្គម និងបុគ្គល។ ក្នុងករណីចាំបាច់ ត្រូវពាក់ម៉ាសការពារ នៅក្នុងបរិវេណរបស់គ្រឹះស្ថានសិក្សា។
អនាម័យស្អាតជានិច្ច រួមទាំងការលាងសម្អាតដៃឲ្យបានញឹកញាប់ ដោយទឹកស្អាត និងសាប៊ូ ឬអាល់កុល ជែល ក៏ជាការតម្រូវចាំបាច់សម្រាប់សិស្សានុសិស្ស និងសិក្ខាកាមផងដែរ។ ចូរកុំភ្លេចថា «ការពារ ប្រសើរជាងព្យាបាល»។ ទម្លាប់អនាម័យស្អាត មិនត្រឹមតែបង្ការកូវីដទេ តែក៏ដើម្បីយើងម្នាក់ៗ មានសុខភាពល្អផងដែរ។
ក្រៅពីអនុវត្តគោលការណ៍ប្រតិបត្តិស្តង់ដារ ( SOP ) សម្រាប់ដំណើរការសាលារៀនឡើងវិញ ក្នុងបរិបទកូវីដ១៩ និងរក្សាគម្លាតសុវត្ថិភាពសង្គម និងបុគ្គល ហើយក្នុងករណីចាំបាច់ ត្រូវពាក់ម៉ាសការពារ នៅក្នុងបរិវេណរបស់គ្រឹះស្ថានសិក្សា ហើយនោះ សិស្សានុសិស្ស រួមទាំងសិក្ខាកាម ដែលចូលរៀនឡើងវិញនេះ ក៏គួរតែអនុវត្តឲ្យបានខ្ជាប់ខ្ជួន មិនថា នៅក្នុងថ្នាក់រៀន និងនៅក្នុងបរិវេណសាលារៀនឡើយ។ ពោលគឺជៀសវាងការជួបជុំ ដែលមិនរក្សាគម្លាតពីម្នាក់ទៅម្នាក់យ៉ាងតិច ១ម៉ែត្រកន្លះ ហើយក៏គួរតែពាក់ម៉ាសជាប់ជានិច្ច មិនថានៅក្នុងថ្នាក់រៀន ឬចេញលេង ឬក៏ធ្វើដំណើរពីផ្ទះមកសាលារៀន ឬពីសាលារៀនទៅផ្ទះនោះទេ។ អនាម័យ និងលាងសម្អាតដៃញឹកញាប់ដោយទឹកស្អាត និងសាប៊ូ ឬអាល់កុល ឬក៏ជែល ក៏សិស្សានុសិស្ស និងសិក្ខាកាមគ្រប់រូប ធ្វើឲ្យបានញឹកញាប់ផងដែរ។
នៅមាត់ច្រកចេញចូល តាមសាលារៀន និងសាលាបណ្តុះបណ្តាលវិជ្ជាជីវៈ ក៏ត្រូវមានការវាស់កម្តៅ ដាក់អាល់កុល ជែល ហើយតម្រូវឲ្យសិស្សទាំងអស់ ពាក់ម៉ាសត្រឹមត្រូវ និងរក្សាគម្លាតសុវត្ថិភាពពីម្នាក់ទៅម្នាក់ តាមស្តង់ដា១ម៉ែត្រកន្លះពីម្នាក់ទៅម្នាក់។ ការប្រកាន់យកវិធានសុខាភិបាលនេះ ត្រូវឲ្យសិស្សអនុវត្តមិនថានៅក្នុងថ្នាក់រៀន ឬនៅក្នុងបរិវេណសាលារៀនទេ ហើយសូម្បីតែធ្វើដំណើរពីផ្ទះទៅសាលារៀន និងពីសាលារៀនទៅផ្ទះ ក៏ត្រូវពាក់ម៉ាសជាប់ជានិច្ចដែរ។ យើងត្រូវបន្តការពារ ទើបប្រសើរជាងព្យាបាល៕សរន