ដោយៈ ឫទ្ធិស័ក្តិ/ភ្នំពេញៈ បន្ទាប់ពីបង់លុយហើយ អតិថិជនដែលទិញផ្ទះបុរី ភីធី(PT )គម្រោងទី២ បានសម្តែងការព្រួយបារម្ភ ខ្លាចក្រុមហ៊ុនមិនសាងសង់ផ្ទះ ក្នុងពេលដែលគគេឃើញថាក្រុមហ៊ុនមិនទាន់មានសកម្មភាពអ្វីសោះ។ ប៉ុន្តែភាគីបុរីបានបញ្ជាក់ថា ក្រុមហ៊ុនធ្វើតាមកិច្ចសន្យារបស់ខ្លួនជាមួយអតិថិជន និងធ្វើសកម្មភាពទៅតាមផែនការមេ។ ហេតុនេះសុំអតិថិជនកុំមានការព្រួយបារម្ភ។
បុរី PT គម្រោងទី២ មានទីតាំងនៅក្នុងឃុំឈ្វាំង ស្រុកពញាឮ ខេត្តកណ្តោល មានផ្ទៃដីទំហំ ៣៥ ហិកតា ហើយមានគម្រោង សាងសង់វីឡាទោលជាង ១០០០ខ្នង។
អតិថិជនទិញផ្ទះបុរី PT គម្រោងទី២ បានឲ្យដឹងថា ពួកគាត់បានបង់លុយផ្ដាច់និងបង់រំលស់ ហើយម្ចាស់គម្រោងសន្យាថា នឹងសាងសង់ផ្ទះឱ្យរួចរាល់ក្នុងរយៈពេល ១៤ខែ។ ប៉ុន្តែតាំងពីពួកគាត់បង់លុយរួចរាល់ខែកញ្ញា រហូតមកដល់ចុងខែធ្នូនេះ មិនមានសកម្មភាពចាក់បំពេញដីដើម្បីមានការសាងសង់អ្វីនោះទេ។ថ្មីៗនេះគ្រាន់តែឃើញមានការសាងសង់ផ្ទះគំរូដែលកំពុងសាងសង់និងចាក់ដីនៅជុំវិញផ្ទះគំរូបន្តិចបន្តួចប៉ុណ្ណោះ ក្រៅពីនេះដីបុរីដែលត្រូវសាងសង់ជាង ១.០០០ខ្នង នៅតែជាដីវាលស្រែដដែល។
អតិថិជនបញ្ជាក់ថា “ពួកយើងខ្ញុំមានការព្រួយបារម្ភជាខ្លាំងចំពោះប្រាក់ដែលបានបង់ជាមួយបុរី ដោយសារតែវាមិនសមហេតុផល ទាល់តែសោះដែលផ្ទះ រាប់ពាន់ខ្នងមិនទាន់មានសកម្មភាពសាងសង់សោះ ហើយពេលវេលាដែលសន្យាជាមួយអតិថិជនកាន់តែខិត ជិតមកដល់។ពេលអតិថិជនសួរបុគ្គលិកបុរីអំពីមូលហេតុយឺតយ៉ាវ ពួកគេមិនអាចឆ្លើយដូចគ្នានោះទេ។ អ្នកខ្លះថាមកពីភ្លៀង ដីសើមពិបាកចាក់ដី ។អ្នកខ្លះ ថាមកពីដីស្រែប្រជាជនមិនទាន់ច្រូតយកផល។ អ្នកខ្លះថាថៅកែមិនអាចនិយាយថ្លៃដីដែលត្រូវ ទិញមកចាក់បំពេញបានព្រោះតម្លៃដីថ្លៃ ហើយអ្នកខ្លះក៏ប្រាប់ទៀតថាថៅកែដែលជាភាគហ៊ុនមានការឈ្លោះទាស់ទែងផ្ទៃក្នុង។ ពួកខ្ញុំគាត់ធ្លាប់បានទូរស័ព្ទសួរម្ចាស់គម្រោងគឺ លោកប្រាក់ ប៊ុនធឿន ប៉ុន្តែគាត់ឆ្លើយសន្យាមិនច្បាស់លាស់ដូចគ្នា”។
រូបថតៈលោក សុខ ឃាង ទីប្រឹក្សាក្រុមហ៊ុនបុរី PT
ចំណែកលោក សុខ ឃាង ទីប្រឹក្សាក្រុមហ៊ុនបុរី PT បានបញ្ជាក់ប្រាប់រស្មីកម្ពុជាកាលពីថ្ងៃទី២៨ ខែធ្នូ ថា “ក្រុមហ៊ុនបានទទួលលក់ និងទិញពិតប្រាកមែន ប៉ុន្តែការចាក់ដីកន្លងមកយើងបានធ្វើ ធ្វើបានបន្តិចទៅក៏ដល់ខែវស្សា យើងក៏អត់បានធ្វើ ប៉ុន្តែឥឡូវនេះ ចាប់ពីថ្ងៃទី២៨ ខែធ្នូ តទៅ គឺយើងមានផែនការចាក់ដីហើយ ជាក់ស្តែងយើងចាក់បានជិតមួយពាន់ឡានហើយ។ អីចឹងយើងបន្តចាក់ជារៀងរហូតទៅ ហើយផែនការការចាក់ដីរបស់យើងធ្វើ ៤ខែ”។
លោកបានបញ្ជាក់ទៀតថា “ទាក់ទងករណីនេះ កុងត្រាយើងមានរៀងខ្លួន សម្រាប់គម្រោងទី១៤ របស់យើងគឺមានរយៈពេល ១៤ខែ ហើយគម្រោងទី២ របស់យើងទើបបានតែ ៤ខែទេ នៅសល់ពេលវេលា ១០ខែទៀត គឺក្រុមហ៊ុនរៀបចំមិនឲ្យយឺតទេហើយបើមានការ យឺតយ៉ាវគាត់អាចប្តឹងពួកយើងបាន ព្រោះយើងមានកិច្ចសន្យានៅក្នុងដៃរៀងៗខ្លួន”។
លោកបានបន្តថា ក្រុមហ៊ុនមានផែនការមេត្រឹមត្រូវ អត់ធ្វើអ្វីតាមការនឹងកឃើញទេ គឺមានពេលវេលាណាដែលត្រូវចាក់ដី ពេលវេលាណាដែលត្រូវធ្វើផ្ទះ និងពេលវេលាដែលត្រូវកាត់ប្លង់ជូនអតិថិជន៕សរន