Home ព័ត៌មានជាតិ សុខាភិបាល គិត​ត្រឹម​ចុង...

គិត​ត្រឹម​ចុងឆ្នាំ​២០២០ នេះ កម្ពុជា ទទួល​តំណក់ឈាម ដែល​អាច​ប្រើប្រាស់ បាន​ប្រមាណ​ជាង ១០ ម៉ឺន​ប្លោក​

ដោយៈ ពៅ​និមល / ភ្នំពេញៈ លោក​ប្រធាន​មជ្ឈមណ្ឌល​ជាតិ ផ្តល់​ឈាម​កម្ពុជា​បានបញ្ជាក់ ថាៈ គិត​ត្រឹម​ថ្ងៃទី​២៩ ខែធ្នូ ឆ្នាំ​២០២០ នេះ ប្រភេទ​ឈាម ដែល​ល្អ និង​អាច​យកទៅ ប្រើប្រាស់​បាន សរុប​មាន​ចំនួន​ជាង ១០ ម៉ឺន​ប្លោក ខណៈ​តម្រូវការ​ឈាម​ទូទាំងប្រទេស មាន​រហូត​ប្រមាណ​ជា ៣០០ ប្លោក ក្នុង​មួយថ្ងៃ ដើម្បី​ជួយ​ជីវិត​មនុស្ស​។​

​លោក​វេជ្ជបណ្ឌិត សុខ ប៉ូ ប្រធាន​មជ្ឈមណ្ឌល​ជាតិ ផ្តល់​ឈាម​កម្ពុជា នៃ​ក្រសួងសុខាភិបាល បាន​មានប្រសាសន៍ថាៈ ចំពោះ​អ្នកចូលរួម បរិច្ចាគ​ឈាម ក្នុងឆ្នាំនេះ បើ​ប្រៀបធៀប​នឹង ឆ្នាំ​កន្លងទៅៗ មិនមាន​ចំនួន​ច្រើន​ទេ ដោយសារ​បញ្ហា​ប្រឈម​ជំងឺ​កូ​វីដ ១៩ ជាពិសេស ការ​រាតត្បាត​នៃ​ជំងឺ​នេះ ធ្វើឱ្យមាន​ការបិទ មជ្ឈមណ្ឌល​ជាតិ ផ្តល់​ឈាម ជា​បណ្តោះអាសន្ន ដែល​បណ្តាលឱ្យ​មជ្ឈមណ្ឌល មិនអាច​ទទួលយក ការបរិច្ចាគ​ឈាម​បាន​។ ទន្ទឹមនេះ លោក​បាន​អំពាវនាវ ឲ្យ​មាន​អ្នក​ស្ម័គ្រ​បន្ថែម ចំពោះ​ការងារ​មនុស្សធម៌​នេះ ព្រោះថា ឈាម ពិត​ជាមាន​សារៈសំខាន់ និង​ចាំបាច់​ណាស់ ក្នុងការ​ជួយសង្គ្រោះ​អ្នកជំងឺ ព្រោះថា ឈាម​អាច​ទទួលបាន​តែមួយគត់ ពី​មនុស្ស ដោយ​គ្មាន​រោងចក្រ​ណា​អាច​ផលិត​បាន នោះទេ​។​

​លោក​វេជ្ជបណ្ឌិត ទង ថា​ញ់ ត្រា អគ្គនាយក​មន្ទីរពេទ្យ ជោ​រ៉ៃ ភ្នំពេញ បានលើកឡើង​ថាៈ ដើម្បី​ឆ្លើយតប​នឹង​តម្រូវការ ឈាម​ចាំបាច់ និង​ជួយ​ដល់​អ្នកជំងឺ ដែល​ត្រូវការ​ឈាម​ចាំបាច់ ខាង​មន្ទីរពេទ្យ​របស់លោក នឹង​រៀបចំ​ឱ្យមាន​កម្មវិធី បរិច្ចាគ​ឈាម ដោយ​ស្ម័គ្រចិត្ត រៀងរាល់ ៤ ខែម្តង ពោលគឺ​ចំនួន ៣ ដង ក្នុង​មួយឆ្នាំ ខណៈ​ការងារ​មនុស្សធម៌​នេះ មន្ទីរពេទ្យ តែងតែ​ធ្វើឡើង រៀងរាល់ឆ្នាំ និង​ចំនួន ៦ ខែម្តង​ប៉ុណ្ណោះ​។​

​សូមបញ្ជាក់ថា ការបរិច្ចាគ​ឈាម ក្រៅពី​ជួយ​ជីវិត​មនុស្ស​ហើយ​អ្នកផ្តល់​ទទួលបាន​អត្ថ ប្រយោជន៍ ជាច្រើន​ផ្សេងទៀត ដូចជា កាត់បន្ថយ​ជំងឺមហារីក​នានា​កាត់បន្ថយ​ភាព​តានតឹង ក្នុង​ចិត្ត និង​កូ​លេ​ស្តេ​រ៉ូ​ល និង​ជួយ​ឱ្យ​ប្រសើរឡើង នូវ​សុភាព​បេះដូង និង​កាត់បន្ថយ ការឡើង​ទម្ងន់ ជាដើម​។​

​គិត​មកដល់​បច្ចុប្បន្ន​នេះ មជ្ឈមណ្ឌល​ជាតិ ផ្តល់​ឈាម​ទូទាំងប្រទេស សរុប​មាន​ប្រមាណ​ជិត ៣០ កន្លែង​។ ចំពោះ​អ្នក​ចង់​ចូលរួម​បរិច្ចាគ​ឈាម​ដោយ​ស្ម័គ្រចិត្ត អាច​ទំនាក់ទំនង​បាន នៅ​មជ្ឈមណ្ឌល​ជាតិ ផ្តល់​ឈាម នៅ​រាជធានី​ភ្នំពេញ ដែលមាន​ទីតាំង​ស្ថិត នៅក្បែរ​មន្ទីរ ពេទ្យ​ខ្មែរ​-​សូ​វៀត (​រុស្ស៊ី​) ដែល​បើក​បម្រើការ ការងារ រៀងរាល់ថ្ងៃ ពោលគឺ​ចំនួន ៧​ថ្ងៃ ក្នុង​មួយ​សប្តាហ៍ ចាប់ពី​ម៉ោង ៧ កន្លះ​ព្រឹក រហូតដល់​ម៉ោង ១២ យប់​។ ដោយឡែក សម្រាប់​សេវាកម្ម ត្រូវការ​ឈាម​បន្ទាន់ មជ្ឈមណ្ឌល​ជាតិ​ផ្តល់​ឈាម គឺ​បើក​បម្រើការ រយៈពេល ២៤​ម៉ោង លើ​២៤​ម៉ោង និង​រៀងរាល់ថ្ងៃ ដូចគ្នា​៕/V​-PC

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -



Most Popular