ដោយ:សរិទ្ធ / ភ្នំពេញ: ជនសង្ស័យម្នាក់លួចយកម៉ូតូ នៅចំណុចផ្ទះសំណាក់យីហោ៦៩ នៅផ្លូវបេតុង ក្រុម៧៨ ភូមិ១៤ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន បានត្រូវនគរបាលប៉ុស្តិ៍រដ្ឋបាលទន្លេបាសាក់ឃាត់ខ្លួន កាលពីម៉ោង០៦និង៣០នាទីព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០។
ជនសង្ស័យឈ្មោះ ចិន ចំរើន ហៅពៅ ភេទប្រុសអាយុ២៩ឆ្នាំ ស្នាក់នៅផ្ទះគ្មានលេខផ្លូវ៣៦៩ភូមិដើមចាន់ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ។ ចំណែកជនរងគ្រោះឈ្មោះ ចៀវ គឹមហុង ភេទប្រុស អាយុ៣២ឆ្នាំស្នាក់នៅផ្ទះ៦៩ ផ្លូវបេតុង ក្រុម៧៨ ភូមិ១៤ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន មុខរបរបើករថយន្ត។
សមត្ថកិច្ចបានឱ្យដឹងថា មុនពេលកើតហេតុជនរងគ្រោ បានជិះម៉ូតូមកដេកនៅក្នុងផ្ទះសំណាក់ដោយបានចតក្បែរម៉ូតូរបស់គេ និងបានចាក់សោរកម៉ូតូ និងមានចាក់សោរច្រវាក់នៅកង់ម៉ូតូ ហើយក៏ដេកលក់។ លុះក្រោយមកស្រាប់តែក្រុមជនសង្ស័យបានចូលមកធ្វើសកម្មភាពកាច់សោរកម៉ូតូ និងកាត់សោរច្រវាក់កង់ម៉ូតូរួចបណ្តើរម៉ូតូជិះចេញទៅបាត់។ បានបន្តិចក្រោយមកជនសង្ស័យឈ្មោះ ចិន ចំរើន ក៏បានមកធ្វើសកម្មភាពលួចម៉ូតូម្តងទៀត តែត្រូវបានសន្តិសុខឃើញទាន់ស្រែកឆោឡោលឺដល់សមត្ថកិច្ច ដែលកំពុងល្បាតក្បែរនោះ ក៏មកឃាត់ជនសង្ស័យបាន រួមទាំងវត្ថុតាងធ្វើសកម្មភាពយកមកកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលទន្លេបាសាក់ ដើម្បីសាកសួរ និងចាត់ការតាមនីតិវិធីច្បាប់តែម្តង។
បច្ចុប្បន្ន ជនសង្ស័យ រួមទាំងវត្ថុតាងត្រូវបា នបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌចំការមន ដើម្បីចាត់ការបន្ត៕