ដោយៈ សរិទ្ធ / ភ្នំពេញៈ សំណុំរឿងញុះញង់កងទ័ព មិនឱ្យស្តាប់បទបញ្ជា របស់រាជរដ្ឋាភិបាល ស្របច្បាប់ ដែលមានលោក សម រង្ស៉ី ជាជនជាប់ចោទ បានត្រូវតុលាការ លើកពេលបន្តសវនាការ ជំនុំជម្រះទៅ ថ្ងៃទី២២ ខែមករា ឆ្នាំ២០២១ ខាងមុខនេះ បន្ទាប់ពីបានដំណើរការ សវនាការពេញមួយព្រឹក ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០នេះ។
ក្នុងសវនាការជំនុំជម្រះនេះ មានលោក រស់ ពិសិដ្ឋ ជាចៅក្រមជំនុំជម្រះ និងលោក សេង ហៀង ជាតំណាងអយ្យការ ដោយមានការចូលរួម ពីលោក សំ សុគង់ ជាមេធាវីការពារ ជនជាប់ចោទ។
គួររំលឹកថា កងយោធពលខេមរភូមិន្ទ បានដាក់ពាក្យប្តឹង សម រង្ស៉ី កាលពីព្រឹកថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៧ កន្លងទៅ ពាក់ព័ន្ធនឹងករណីញុះញង់ កុំឲ្យយោធិន ស្តាប់បង្គាប់ រាជរដ្ឋាភិបាលស្របច្បាប់ ដោយកងទ័ពចាត់ទុកថា ការលើកឡើងនោះ ធ្វើឲ្យខូចទឹកចិត្តកងទ័ព និងប្រមាថថ្នាក់ដឹកនាំ កងយោធពលខេមរភូមិន្ទ។ ក្នុងពាក្យបណ្តឹង បានបញ្ជាក់ថា ការអំពាវនាវរបស់លោក សម រង្ស៉ី ធ្វើឲ្យប៉ះពាល់ ដល់សន្តិសុខ នៃរដ្ឋ ដែលជាបទល្មើស ចែងនៅក្នុងក្រមព្រហ្មទណ្ឌកម្ពុជា។
ការដាក់ពាក្យបណ្តឹង បានកើតឡើង ក្រោយពេលលោក សម រង្ស៉ី អតីតប្រធានគណបក្សសង្គ្រោះជាតិ បានអំពាវនាវឲ្យកងទ័ព បង្វែរកាណុង មកលើរាជរដ្ឋាភិបាល ហើយបានបង្គាប់ឲ្យកងទ័ព ឈប់ស្តាប់បញ្ជារាជរដ្ឋាភិបាល ស្របច្បាប់៕/V
បន្តសវនាការជំនុំជម្រះ សំណុំរឿងលោក សម រង្ស៉ី ជាជនជាប់ចោទ ទៅថ្ងៃ ២២ មករា ខាងមុខ