ដោយៈ រ៉ាម៉ន / ភ្នំពេញៈ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្នុងនាមក្រុមប្រឹក្សា គណៈអភិបាល ថ្នាក់ដឹកនាំ គ្រប់លំដាប់ថ្នាក់ មន្ដ្រីរាជការ កងកម្លាំងប្រដាប់អាវុធ ទាំងអស់ ក្នុងរាជធានីភ្នំពេញ បានផ្ញើលិខិតអបអរសាទរ និងជូនពរ ជូនសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ចំពោះសមិទ្ធផល ប្រវត្តិសាស្ត្រីថ្មី នៃនយោបាយ ឈ្នះឈ្នះ ទទួលបានតំណក់ប្រេង លើកដំបូង។
លោក ឃួង ស្រេង បានបញ្ជាក់ថាៈ តាមរយៈភាពជោគជ័យ ជាប្រវត្តិសាស្ត្រ នៃការទទួលបានដំណក់ប្រេង ជាលើកដំបូងនេះ គឺជាការចាប់ផ្តើម ដ៏សំខាន់បំផុត សម្រាប់ប្រទេសកម្ពុជា ឆ្ពោះទៅបង្កើតបាន នូវសមត្ថភាពជាតិ និងខឿនឧស្សាហកម្ម ប្រេងកាត ឧស្ម័ន និងថាមពល ដែលជាពរជ័យ សម្រាប់ប្រជាជាតិ និងប្រជាជនកម្ពុជា ក្រោមម្លប់ដ៏ត្រជាក់ត្រជុំនៃ «សន្តិភាព» របស់សម្តេចតេជោ នាយករដ្ឋមន្ត្រី បិតាស្ថាបនិក អត្តមគ្គទេសក៍ និងជាប្រតិបត្តិករ នយោបាយ ឈ្នះឈ្នះ ដែលបានតស៊ូរំដោះ ប្រទេសជាតិ ឲ្យរួចផុតពីរបបប្រល័យពូជសាសន៍ និងបានខិតខំពុះពារ កសាងសន្តិភាព ខឿនសេដ្ឋកិច្ច លទ្ធិប្រជាធិបតេយ្យ និងវឌ្ឍនភាពសង្គម ដ៏គាប់ប្រសើរ។
«សន្តិភាព» របស់ សម្តេចតេជោនាយករដ្ឋមន្ត្រី គឺជាកត្តាសារវន្ត មិនអាចខ្វះបាន សម្រាប់ការសម្រេចជោគជ័យ លើសមិទ្ធផលជាតិ ជាបន្តបន្ទាប់ និងការអភិវឌ្ឍ លើគ្រប់វិស័យំ រួមទាំងសមិទ្ធផលថ្មី ក្នុងវិស័យប្រេងកាត ដែលប្រជាពលរដ្ឋខ្មែរ ទូទាំងប្រទេស បានទន្ទឹងរង់ចាំជាច្រើនជំនាន់ យូរលង់ណាស់ មកហើយ។
លោក ឃួង ស្រេង បានបញ្ជាក់ថាៈ «យើងខ្ញុំទាំងអស់គ្នា សូមអរគុណសន្តិភាព និងគោរពដឹងគុណ បិតាស្ថាបនិកនយោបាយ ឈ្នះឈ្នះ ហើយសូមយកឱកាស ដ៏វិសេសវិសាលនេះ ប្រកាសគាំទ្រឥតងាករេ ចំពោះបេក្ខភាពរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ធ្វើជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា គ្រប់ៗអាណត្តិ ជារៀងរហូត»។
«យើងខ្ញុំទាំងអស់គ្នា ពិតជាមានមោទនភាពជាទីបំផុត និងសូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ កែវទាំងបី វត្ថុស័ក្តិសិទ្ធិទាំងឡាយ ក្នុងលោក ទេវតាថែរក្សាទឹកដី នៃព្រះរាជាណាចក្រកម្ពុជា សូមជួយប្រសិទ្ធពរជ័យបវរសួស្តី សិរីមង្គល វិបុលសុខ មហាប្រសើរ គ្រប់ប្រការជូន សម្តេចតេជោនាយករដ្ឋមន្ត្រី និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងក្រុមគ្រួសារ ជាទីស្រឡាញ់ សូមបានសមប្រកប នូវសុខភាពល្អបរិបូរណ៍ អាយុយឺនយូរ កម្លាំងខ្លាំងក្លា ប្រាជ្ញាឈ្លាសវៃ ដើម្បីបន្តដឹកនាំ និងអភិវឌ្ឍមាតុភូមិកម្ពុជា ក្នុងបេសកកម្មដ៏ឧត្តុង្គឧត្តម បម្រើជាតិ និងប្រជាជន ឲ្យកាន់តែរីកចម្រើន ឈានឆ្ពោះទៅរកភាពសំបូរសប្បាយ ជានិច្ចនិរន្តរ៍»៕/V