ដោយ: ភ្នំស្វាយ / បន្ទាយមានជ័យ: អ្នកពាក់ព័ន្ធត្រូវបង្កើនការគ្រប់គ្រង និងអភិរក្សសត្វព្រៃ នៅអាងត្រពាំងថ្ម ដែលស្ថិតនៅភូមិសាស្ត្រស្រុកភ្នំស្រុក និងពាក់ព័ន្ធស្រុកស្វាយចេក ថ្មពួក ខេត្តបន្ទាយមានជ័យ និងស្រុកបន្ទាយអម្អិល ខេត្តឧត្តរមានជ័យ។ ពោលគឺខណៈវារងការគម្រាមកំហែងកាន់តែខ្លាំងឡើងលើការធ្វើអោយបាត់បង់សត្វព្រៃ និងរុករានទន្ទ្រានយកដី។
នេះបើតាមស្មារតីខ្លឹមសារចេញពីសិក្ខាសាលា ស្តីពីការគ្រប់គ្រងនិងអភិរក្សសត្វព្រៃនៅអាងត្រពាំងថ្ម ធ្វើនៅមន្ទីរបរិស្ថានខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី២៩ខែធ្នូឆ្នាំ២០២០ ។
លោក យឹម លី ប្រធានមន្ទីរបរិស្ថានខេត្តបន្ទាយមានជ័យបានអោយដឹងថា៖ សិក្ខាសាលនេះនឹងជួយក្នុងផែនការយុទ្ធសាស្ត្រអភិរក្ស សត្វរមាំងនៅក្នុងសហគមន៍ ភូមិកូនខ្លែង ឃុំ ប៉ោយចារ ស្រុកភ្នំស្រុក ។
ហើយវាស្របតាមច្បាប់ស្តីពីតំបន់ការពារធម្មជាតិដែលមានអនុក្រិត្យលេខ ១០០ អនក្រ បក ចុះថ្ងៃទី២៣ ខែឧសភា ឆ្នាំ ២០១៦ នៃការបង្កើតតំបន់ការពារទេសភាព អាងទំពាំងថ្ម ស្រុកភ្នំស្រុក និងអនុក្រិត្យលេខ ០៧ អនក្រ បក ចុះ ថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៧ ស្តីពីការបង្កើតរបៀងអភិរក្សជីវចំរុះប្រព័ន្ធតំបន់ការពារធម្មជាតិ ដែលស្ថិតក្នុងភូមិសាស្ត្រ ឃុំប៉ោយចា ស្រុកភ្នំស្រុក ឃុំថ្មពួក ស្រុកថ្មពួក និងឃុំបេង ស្រុកបន្ទាយអំពិលខេត្តឧត្តមានជ័យ ដែលជាតំបន់មានសារៈសំខាន់សម្រាប់សត្វធ្វើការបំលាស់ទី និងប្រាស្រ័យទាក់ទងរកចំណីអាហារនិងរស់នៅជាមួយគ្នា។
លោកញ៉ែម សុធន តំណាងអង្គការសមាគមអភិរក្សសត្វព្រៃនៅកម្ពុជា(WCS) បានថ្លែងថា ៖ អង្គការបន្តសហការជាមួយមន្ត្រីជំនាញអាជ្ញាធរមានសមត្ថកិចកចនិងប្រជាសហគមន៍ ក៏ដូចអង្គការ សមាគមក្រៅរដ្ឋាភិបាលផ្សេងទៀតក្នុងកិច្ចការអភិរក្សសត្វព្រៃនិងធនធានធម្មជាតិនៅអាងត្រពាំងថ្មនេះ។ ពិសេសគឺការពារសត្វរមាំងនិងសត្វម្រឹគនានា ព្រមទាំងសត្វក្រៀលក្បាលក្រហមដ៏ល្បីល្បាញនិងដែលរងការគម្រាមកំហែង និងជិតផុតពូជិពិភពលោក។
ចំណែកលោក ហុង ចំណាន អនុប្រធាននាយកដ្ឋានអភិរក្សតំបន់ដីសើមទឹកសាបក្រសួងបរិស្ថាន បានស្នើឲ្យអាជ្ញាធរមានសមត្ថកិច្ច និងអ្នកពាក់ព័ន្ធទាំងឡាយ បង្កើនកិច្ចខិតខំបំផ្លាញនូវការគម្រាមកំហែងនានា លើសត្វព្រៃ សត្វស្លាប បច្ឆៈជាតិ រុក្ខជាតិ ព្រៃឈើនិងដីតំបន់ការពារនេះ។
លោក អោម ចន្ថា អភិបាលរងខេត្តបន្ទាយមានជ័យ បានថ្លែងថា៖ ដូចក្នុងគោលបំណងនៃសិក្ខាសាលានេះ គឺដើម្បីប្រមូលនៅធាតុចូលពីគ្រប់អ្នកពាក់ព័ន្ធ ដែលបានអញ្ជើញចូលរួម និងផ្ដល់ជាមតិយោបល់ក្នុងការរៀបចំផែនការយុទ្ធសាស្ត្រអភិរក្ស សត្វរមាំង និងប្រភេទសត្វកម្រផ្សេងៗទៀត ដែលបាននឹងកំពុងរងការគំរាមកំហែង ក៏ដូចជាពង្រឹងកិច្ចសហសការវាងអ្នកជំនាញ និងអាជ្ញាធរមូលដ្ឋានអង្គការដៃគូ និងអ្នកពាក់ព័ន្ធចូលរួមថែរក្សាការពារ និងអភិរក្សឲ្យ នៅស្ថិតស្ថេគង់វង្សសម្រាប់កូនចៅជំនាន់ក្រោយ។
លោក អោម ចន្ថា បានបន្តថា៖ ជារៀងរាល់ខែក្រុមការងារអនុវត្តគម្រោង បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយអំពីអត្ថប្រយោជន៍ នៃការអភិរក្ស និងច្បាប់ព្រៃ ច្បាប់បរិស្ថាន និងការងារសហគមន៍ ដល់ប្រជាពលរដ្ឋដែលរស់នៅជាប់ និងតំបន់អភិរក្សសត្វក្រៀល ក្នុងអាងត្រពាំងថ្ម។
មិនតែប៉ុណ្ណោះគម្រោង ក៏បានរៀបចំផ្ទាំងប៉ាណូផ្សព្វផ្សាយអំពីប្រភេទសត្វព្រៃសំខាន់ៗ និងទីតាំងសត្វព្រៃរស់នៅ ដើម្បីទាក់ទាញភ្ញៀវទេសចរឲ្យមកកម្សាន្តទស្សនាសត្វព្រៃកាន់តែច្រើនឡើងទៀត និងដើម្បីឲ្យប្រជាពលរដ្ឋចូលរួមការពារប្រភេទសត្វព្រៃនេះ ឲ្យបានច្រើនថែមទៀតផងដែរ។
លោកបន្តទៀតថា ៖ ប៉ុន្តែគួរឲ្យស្ដាយ ដែលពពួកសត្វស្លាបទឹកមួយចំនួនបានធ្វើការផ្លាស់ទីទៅឆ្ងាយពីតំបន់អភិរក្សសត្វក្រៀល ដែលមានការពិបាកក្នុងការការពារនិងគ្រប់គ្រង។
វាក៏រងផលប៉ះពាល់ពីភាពមិនមានព្រៃគ្រប់គ្រាន់សម្រាប់សត្វទឹក សំខាន់ធ្វើសំបុកពងកូនការបាញ់ការដាក់អន្ទាក់ការបំពុលសត្វព្រៃគ្រប់ប្រភេទនៅតែកើតមានឡើង។
ហេតុនេះ រាល់លទ្ធផលនិងសមិទ្ធិផលការងារអភិរក្សសត្វខាងលើនេះ គឺពិតជាមិនអាចខ្វះបានពីកិច្ចសហការគាំទ្រធ្វើការរួមគ្នាជាមួយដៃគូ និងការប្រឹក្សាយោបល់ជាមួយអង្គការ សមាគម សហគមន៍។
ពោលគឺនឹងនៅតែបន្តជាចាំបាច់នៅកិច្ចសហប្រតិបត្តិការគាំទ្រពីរដ្ឋបាល ខេត្តស្រុកមន្ទីរជំនាញពាក់ព័ន្ធទាំងអស់ ដើម្បីជំនះទៅកត្តាប្រឈមទាំងឡាយ ដែលនៅសល់និងរួមគ្នាជាដៃគូបន្តការងារនេះ៕