Home ព័ត៌មានសំខាន់ៗ ២៤៣ថ្ងៃ : មនុ...

២៤៣ថ្ងៃ : មនុស្សចំនួន ១០១៥នាក់ស្លាប់ និង២៩៩៣នាក់របួស នៅក្នុងគ្រោះថ្នាក់ចរាចរណ៍

ដោយៈ មុនីរ័ត្ន/ភ្នំពេញៈ មនុស្សចំនួន ១០១៥នាក់បានស្លាប់ និង ២៩៩៣នាក់ បានរងរបួស(របួសធ្ងន់ ១៨១៩នាក់) នៅក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេស ដែលកើតឡើងចំនួន២០០៩លើក ក្នុងរយៈពេល ២៤៣ថ្ងៃ គិតចាប់ពីថ្ងៃទី១ ខែឧសភា ដល់ថ្ងៃទី២៩ ខែធ្នូ សម្រាប់គ្រោះថ្នាក់ចចរាចរណ៍នៅថ្ងៃទី២៩ ខែធ្នូ បានកើតឡើងចំនួន ១១លើក ស្លាប់ចំនួន ៨នាក់ របួស១០នាក់ (របួសធ្ងន់ ៦នាក់ និងស្រាល ៤នាក់) នេះបើតាមការបញ្ជាក់របស់លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អ្នកនាំពាក្យ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ថ្លែងប្រាប់រស្មីកម្ពុជា កាលពីល្ងាចថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០។

លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន បានបន្តថា លទ្ធផលរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក តាមស្មារតីអនុក្រឹត្យលេខ៣៩ រយៈពេល ២៤៣ថ្ងៃ គិតចាប់ពីថ្ងៃទី១ ខែឧសភា ដល់ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ យានយន្តដែលត្រូវបានត្រួតពិនិត្យ និងផាកពិន័យ សរុបចំនួន២៤៧៤៧០គ្រឿង ក្នុងនោះម៉ូតូមានចំនួន ១៨២១៦០គ្រឿង និងរថយន្តមានចំនួន ៦៥៣១០គ្រឿង។

អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិបានបញ្ជាក់ថា បទល្មើសភាគច្រើនសម្រាប់ម៉ូតូ និងរថយន្ត គឺអត់ពាក់មួកសុវត្ថិភាព ល្មើសសញ្ញា បត់ជែង លើសចំណុះ ស្រវឹង អត់ផ្លាកលេខ ល្មើសល្បឿន អត់ប័ណ្ណបើកបរ អត់ខ្សែក្រវ៉ាត់ គ្មានស្លាកលេខ និងនិយាយទូរស័ព្ទពេលបើកបរ៕សរន

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular