ដោយៈចាន់តូ/ភ្នំពេញ: នាយនគរបាលម្នាក់បានស្លាប់ បន្ទាប់ពីគូភាគីម្ខាងទៀតបាញ់៩គ្រាប់ ផ្ដើមចេញពីគ្រោះថ្នាក់ចរាចរណ៍រថយន្ត LEXUS RX300 បើកទៅបុកពីក្រោយរថយន្ត Ford Raptor ខូចខាតស្តុបក្រោយ។ ហេតុការណ៍ បាញ់ប្រហារនេះបានកើតឡ់ងនៅវេលា ម៉ោង១២ និង៣០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃពុធ ទី៣០ ខែធ្នូ ឆ្នាំ២០២០ ត្រង់ចំណុចមុខផ្ទះសំណាក់ សាំង ហ៊រទៀន នៅតាមបណ្តោយផ្លូវ មហាវិថីសហពន្ធរុស្ស៊ី ជាប់របងព្រលានយន្តហោះអន្តរជាតិភ្នំពេញ ក្នុងភូមិក្បាលដំរី២ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ។
ជនរងគ្រោះដែលស្លាប់មានឈ្មោះ រ៉េត ស៊ីណែត (ហៅញ៉ក់) ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិខ្មែរ
មុខរបរ នាយរងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ។ ដោយជិះរថយន្តម៉ាក
Ford Raptor ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BD.3738 ។ ចំណែកជនដៃដល់ជិះរថយន្តម៉ាក Lexus RX300 ពណ៌ខ្មៅ ពាក់ស្លាកលេខ សៀមរាប 2A.4546 ។
តាមសំដីបុរសម្នាក់បានរៀបរាប់ប្រាប់ឲ្យដឹងថាដំបូងឡើយគាត់បានឃើញរថយន្ត ហ្វត មួយគ្រឿងបើកតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ីក្នុងទិសដៅពីកើតទៅលិច ខណៈមកដល់ចំណុចកើតហេតុខាងលើស្រាប់តែមានរថយន្តលុច្សស៊ីស RX300 ពណ៌ខ្មៅបានបើកតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ីទិសដៅពីកើតមកលិចស្របទិស គ្នាបានមកបុកចំគូថរថយន្តខាងក្រោយ បណ្ដាលឲ្យបែកស្តុប និងឆ្កូតកាងបន្តិចបន្តួច ហើយភាគីទាំងពីរក៏ចុះសម្របសម្រួលគ្នាដោយ មិនមានការជជែកតឹងសរសៃកនោះទេ។ គ្រាន់តែភាគីខាងរថយន្ត ហ្វត ឱ្យខាងរថយន្តបង្កយកទៅជួសជុលអោយស្អាតដូចដើមវិញតែប៉ុណ្ណោះ។ ស្រាប់តែពេលនោះភាគីជនដៃដល់ ម្នាក់បានឡើងលើរថយន្តបញ្ឆេះម៉ាស៊ីន និងបក្ខពួក២នាក់ទៀតបានដកកាំភ្លើងខ្លីមិនចាំម៉ាក បាញ់ប្រហារទៅលើជនរងគ្រោះចំនួន៩គ្រាប់បណ្ដាលឱ្យត្រូវចំក្បាល ចំដើមទ្រូង និងពោះ បានស្លាប់ក្រោយពេលបញ្ជូនទៅមន្ទីរពេទ្យ។ ក្រោយបង្កហេតុរួចជនដៃដល់ រត់គេចខ្លួនបាត់ ។ ប្រភពដដែលបានបន្តទៀតថាករណីបាញ់សម្លាប់ខាងលើនេះសង្ស័យជារឿងគំនុំច្រើនជាង។
បច្ចុប្បន្នកម្លាំង សមត្ថកិច្ចកំពុងតែស្រាវជ្រាវ តាមចាប់ជនដៃដល់ ដើម្បីយកមកផ្តន្ទាទោសតាមផ្លូវច្បាប់៕